YouVersion Logo
Search Icon

ទំនុកតម្កើង 28

28
ពាក្យ​អធិស្ឋាន​សូម​ជំនួយ និង​ពាក្យ​អរ​ព្រះ​គុណ
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​ស្រែក​រកព្រះ‌អង្គ
សូម​កុំ​ព្រងើយ​នឹងស្ដាប់​ទូល‌បង្គំ​ឡើយ
ដ្បិត​ប្រសិន‌បើ​ព្រះ‌អង្គ​នៅ​ស្ងៀម​នឹង​ទូល‌បង្គំ
នោះ​ទូល‌បង្គំ​នឹង​ដូច​ជា​អស់​អ្នក
ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ​មិន​ខាន។
2សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង
ដែល​ទូល‌បង្គំ​ទូល‌អង្វរ
ពេល​ទូល‌បង្គំ​ស្រែក​រក​ជំនួយ​ពី​ព្រះ‌អង្គ
កាល​ទូល‌បង្គំ​ប្រទូល​ដៃ​ឆ្ពោះ​ទៅ​កាន់
ទី​បរិសុទ្ធ​បំផុត​របស់​ព្រះ‌អង្គ។
3សូម​កុំ​ទាញ​ទូល‌បង្គំ​ចេញ​ជា​មួយ​មនុស្សពាល
ឬ​ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់
ជា​អ្នក​ដែល​ពោល​ពាក្យ
ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាង
តែ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។
4សូម​សង​គេ​តាម​ការ​ដែល​គេ​ធ្វើ
ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត
សូម​ឲ្យ​គេ​ទទួល​តាមអំពើ​ដែល​ដៃ​របស់​គេធ្វើ
សូម​តបស្នង​ឲ្យ​សម​នឹង​ទោស​របស់​គេ។
5ព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់
នឹង​កិច្ច​ការ​របស់​ព្រះ‌យេហូវ៉ា
ឬ​នឹង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ
ព្រះ‌អង្គ​នឹង​រំលំ​គេ
ក៏​មិន​សង់​គេ​ឡើង​វិញ​ឡើយ។
6៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា!
ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង
ដែល​ខ្ញុំ​ទូល‌អង្វរ។
7ព្រះ‌យេហូវ៉ា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ
ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​ខ្ញុំ
ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង
ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ‌អង្គ
ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។
8ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​ដល់​អ្នក
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។
9សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ហើយ​ប្រទាន​ពរ​ដល់​មត៌ក​របស់​ព្រះ‌អង្គ
សូម​ធ្វើ​ជា​គង្វាល​ដល់​គេ
ព្រម​ទាំង​បី​ទ្រ​គេ​ជា​រហូតតរៀង​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in