YouVersion Logo
Search Icon

ទំនុកតម្កើង 111

111
ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ
1ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា
ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ដោយ​អស់​ពី​ចិត្ត
នៅ​ក្នុង​ចំណោម​មនុស្ស​ទៀង​ត្រង់
គឺនៅ​ក្នុង​ក្រុម​ជំនុំ។
2ស្នាព្រះហស្ដ​របស់​ព្រះ‌យេហូវ៉ា​ធំអស្ចារ្យ
អស់​អ្នក​ដែលរីករាយ​នឹង​ការ​ទាំង​នោះ
នាំ​គ្នា​ស្វែង​យល់។
3ស្នាព្រះហស្ត​របស់​ព្រះ‌អង្គ
ពេញ​ដោយ​ភាពរុងរឿង ហើយ​ថ្លៃ​វិសេស
សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
4ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​នឹក​ចាំ
ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ
ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ​គុណ
និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា។
5ព្រះ‌អង្គ​ប្រទាន​អាហារដល់​អស់​អ្នក
ដែល​កោត​ខ្លាចព្រះ‌អង្គ
ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា
របស់​ព្រះ‌អង្គ​ជាប់​ជា‌និច្ច។
6ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ចេស្តា
នៃ​កិច្ច​ការ​របស់​ព្រះ‌អង្គ
ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឃើញ
ដោយ​ប្រទាន​ឲ្យ​គេ​មាន​មត៌ក
នៅ​អស់​ទាំង​សាសន៍។
7ស្នាដៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ស្មោះ‌ត្រង់
ហើយ​សុចរិត
ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ
សុទ្ធ​តែ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត
8ក៏​បាន​តាំង​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច
ដើម្បី​ឲ្យ​មនុស្ស​ប្រព្រឹត្ត​តាម
ដោយ​ស្មោះ‌ត្រង់ និង​ទៀង​ត្រង់។
9ព្រះ‌អង្គ​បាន​ប្រទាន​ការ​ប្រោស​លោះ
ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ព្រះ‌អង្គប​ង្គាប់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​សញ្ញា
របស់​ព្រះ‌អង្គ​រហូត​តទៅ។
ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ
ហើយ​គួរ​កោត​ស្ញប់​ស្ញែង!
10ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា
ជា​ដើម​ចម​នៃ​ប្រាជ្ញា
អស់​អ្នក​ដែល​កាន់​តាម
តែង​មាន​ការ​យល់​ដឹង​ល្អ
ការ​សរសើរ​តម្កើង​ព្រះ‌អង្គ
នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in