YouVersion Logo
Search Icon

ភីលីព ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្រុង​ភីលីព ជា​ក្រុង​មួយ​មិន​សូវ​ធំ​ប៉ុន្មាន​ទេ សព្វ​ថ្ងៃ​ក្រុង​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រិក។ សាវក​លោក​ប៉ុល​បាន​ទៅ​ផ្សាយ​ដំណឹង​ល្អ​នៅ​គ.ស. ៤៩-៥០ ដោយ​មាន​លោក​ស៊ីឡាស លោក​ធីម៉ូថេ និង​លោក​លូកា​ទៅ​ជា​មួយ​ផង (កិច្ច‌ការ ១៦.១០-៤០)។
លោក​ប៉ុល​សរសេរ​សំបុត្រ​នេះ​នៅ​ពេល​លោក​ជាប់​ឃុំ‌ឃាំង។
កាល​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​ភីលីព​បាន​ទទួល​ដំណឹង​ថា​លោក​ជាប់​ឃុំ‌ឃាំង​ដូច្នេះ ពួក​គេ​ក៏​ប្រមូល​ជំនួយ​ខ្លះ​ផ្ញើ​តាម​លោក​អេប៉ោ‌ប្រូឌីត​ទៅ​ជូន​លោក។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេ‌សូរ​នេះ លោក​អេប៉ោ‌ប្រូឌីត​មាន​ជំងឺ ហើយ​ចង់​ត្រឡប់​ទៅ​ក្រុង​ភីលីព​វិញ។ លោក​ប៉ុល​ក៏​សរសេរ​សំបុត្រ​ផ្ញើ​តាម​គាត់​ទៅ​ថ្លែង​អំណរ​គុណ​គ្រីស្ទ‌បរិស័ទ​ទាំង​នោះ។ លោក​បាន​សរសេរ​សំបុត្រ​នេះ​នៅ​គ.ស. ៥៦-៥៧។
គោល​សំខាន់ៗ
លោក​ប៉ុល​បង្ហាញ​អំណរ​សប្បាយ​របស់​លោក ទោះ‌បី​លោក​ជាប់​ឃុំ‌ឃាំង​ក៏​ដោយ ក៏​លោក​យល់​ថា​លោក​រង​ទុក្ខ​លំបាក​ដូច្នេះ គឺ​ដូច​ជា​រួម​ជា​មួយ​ព្រះ‌គ្រីស្ទ​ដែល​បាន​រង​ទុក្ខ​លំបាក​នោះ​ដែរ។ លោក​បាន​ដាស់‌តឿន​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​ភីលីព​ឲ្យ​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន និង​ឲ្យ​គេ​រស់​នៅ​ជា​មួយ​គ្នា ដោយ​សុខ​សាន្ដ ព្រម​ទាំង​សុខ​ចិត្ដ​ដាក់​ខ្លួន​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​គំរូ​ទុក​មក​ស្រាប់។ លោក​ប៉ុល​បាន​លើក​យក​អំណរ​របស់​គ្រីស្ទ‌បរិស័ទ​មក​និយាយ​ជា​ច្រើន​លើក​ច្រើន​សា។ លោក​ក៏​បាន​បញ្ចូល​ទំនុក​បុរាណ​មួយ​បទ​ដែល​បញ្ជាក់​អំពី​ជំនឿ​របស់​គ្រីស្ទ‌បរិស័ទ​នៅ​ជំនាន់​ដើម (២.៦-១១)។
គម្រោង​គម្ពីរ​ភីលីព៖
• សេចក្ដី​ផ្ដើម ១.១-១១
• ស្ថាន‌ភាព​របស់​លោក​ប៉ុល ១.១២-២៦
• ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រីស្ទ ១.២៧-២.១៨
• គម្រោង​ការ​របស់​ធីម៉ូថេ និង​អេប៉ោ‌ប្រូឌីត ២.១៩-៣០
• ការ​ទូន្មាន​ឲ្យ​រស់​នៅ​ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ៣.១-៤.៩
• លោក​ប៉ុល​អរគុណ​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​ភីលីព ៤.១០-២០
• អវសានកថា ៤.២១-២៣

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in