ណាហ៊ុម 1
1
1នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ចំពោះក្រុងនីនីវេ គឺជាសៀវភៅសម្ដែងពីនិមិត្តរបស់ហោរាណាហ៊ុម ជាអ្នកស្រុកអែលកូស។
ការទទួលសេចក្ដីក្រោធរបស់ព្រះ
2ព្រះយេហូវ៉ាជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក
ព្រះយេហូវ៉ាសងសឹក
ហើយក៏មានពេញដោយសេចក្ដីក្រោធ
ព្រះយេហូវ៉ាសងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ
ហើយព្រះអង្គរក្សាសេចក្ដីក្រោធ
សម្រាប់ពួកខ្មាំងសត្រូវ។
3ព្រះយេហូវ៉ាយឺតនឹងខ្ញាល់
ហើយមានព្រះចេស្តាយ៉ាងខ្លាំង
ព្រះអង្គមិនលើកលែងទោសដល់មនុស្សឡើយ។
ផ្លូវរបស់ព្រះយេហូវ៉ា នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា
ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។
4ព្រះអង្គស្ដីបន្ទោសសមុទ្រ ក៏ធ្វើឲ្យគោកទៅ
ព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ
ចំណែកស្រុកបាសាន ក៏ហួតហែង
ព្រមទាំងស្រុកកើមែលដែរ
ឯផ្កាព្រៃល្បាណូនក៏ស្រពោន។
5ភ្នំធំៗទាំងឡាយកក្រើកនៅចំពោះព្រះអង្គ
ហើយភ្នំតូចទាំងប៉ុន្មានក៏រលាយ
ផែនដី ពិភពលោកទាំងមូល
និងអ្វីៗទាំងអស់នៅក្នុងលោកនេះ
រំពើកចុះឡើងនៅចំពោះព្រះភក្ត្រព្រះអង្គ។
6តើមានអ្នកណាអាចនឹងឈរនៅមុខ
សេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបាន?
តើអ្នកណានឹងធន់នៅបានក្នុងពេលដែល
សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គឆួលឡើង?
ឯសេចក្ដីក្រោធរបស់ព្រះអង្គក៏ចាក់ចេញដូចជាភ្លើង
ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកខ្ចាយ
ដោយសារព្រះអង្គ។
7ព្រះយេហូវ៉ាល្អ
ព្រះអង្គជាទីពឹងមាំមួននៅគ្រាលំបាក
ក៏ស្គាល់អស់អ្នកដែលយកព្រះអង្គជាទីពឹង។
8ប៉ុន្តែ ព្រះអង្គនឹងបំផ្លាញពួកបច្ចាមិត្ត
ឲ្យវិនាសសាបសូន្យ ដោយទឹកជំនន់ជន់លិច
ហើយនឹងដេញពួកខ្មាំងសត្រូវរបស់ព្រះអង្គ
ទៅក្នុងទីងងឹត។
9តើអ្នករាល់គ្នាគិតបង្កើតគម្រោងការអ្វី
ទាស់នឹងព្រះយេហូវ៉ា?
ព្រះអង្គនឹងធ្វើឲ្យគេវិនាសអស់រលីង
មិនឲ្យគេធ្វើទុក្ខជាលើកទីពីរទេ។
10ដ្បិតគេនឹងត្រូវឆេះអស់រលីងដូចជាជញ្ជ្រាំងស្ងួត
ក៏ស្រវឹងដូចជាបានផឹកស្រាហើយ
គេស្រេះប្រទាក់គ្នាដូចជាបន្លា។
11មានម្នាក់ចេញពីឯងមក
ដែលគិតគូរការអាក្រក់ទាស់នឹងព្រះយេហូវ៉ា
គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់។
ដំណឹងល្អសម្រាប់ពួកយូដា
12ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«ទោះបើគេមានកម្លាំង ហើយមានគ្នាច្រើនក៏ដោយ
គង់តែគេនឹងត្រូវកាត់បន្ថយ ហើយកន្លងបាត់ទៅ
យើងបានធ្វើទុក្ខឯងម្តងហើយ
ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ។
13ឥឡូវនេះ យើងនឹងបំបាក់នឹមរបស់គេចេញពីឯង
ហើយបណ្ដាច់ចំណងឯងផង»។
14ព្រះយេហូវ៉ាបានបង្គាប់ឯងថា៖
«ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ
យើងនឹងកាត់អស់ទាំងរូបឆ្លាក់ និងរូបសិត
ចេញពីវិហាររបស់ព្រះទាំងប៉ុន្មានចេញ
យើងនឹងរៀបចំផ្នូរឯង ដ្បិតឯងគម្រក់ណាស់»។
15 មើល៍! នៅលើភ្នំទាំងឡាយ
ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក
គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ
ឱយូដាអើយ
ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង
ចូរលាបំណន់ឯងចុះ
ដ្បិតមនុស្សអាក្រក់នឹងមិនដែល
ដើរកាត់ឯងទៀតឡើយ
គេត្រូវកាត់ចេញអស់រលីង»។
Currently Selected:
ណាហ៊ុម 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies