YouVersion Logo
Search Icon

ម៉ាកុស 5

5
ព្រះ‌យេស៊ូវ​ប្រោស​បុរស​ម្នាក់​ដែល​មាន​អារក្ស​ចូល នៅ​ស្រុក​គេរ៉ា‌ស៊ីន
(ម៉ាថាយ ៨.២៨-៣៤ លូកា ៨.២៦-៣៩)
1ពួក​គេ​បាន​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន នៅ​ត្រើយ​សមុទ្រ​ម្ខាង។ 2កាល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល ចេញ​ពី​ផ្នូរ​ខ្មោច មក​ជួប​ព្រះ‌អង្គ។ 3បុរស​នេះ​នៅ​តាម​ផ្នូរ​ខ្មោច គ្មាន​អ្នក​ណា​អាច​ចង​គាត់​ជាប់​បាន​ឡើយ ទោះ​ចង​នឹង​ច្រវាក់​ក៏​ដោយ 4ដ្បិត​គេ​បាន​ដាក់​ខ្នោះ ដាក់​ច្រវាក់​គាត់​ជា​ច្រើន​ដង ប៉ុន្តែ គាត់​ផ្ដាច់​ច្រវាក់ ហើយ​កាច់​បំបាក់​ខ្នោះ​ខ្ទេច​ខ្ទី គ្មាន​អ្នក​ណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។ 5គាត់​ចេះ​តែ​ស្រែក​ទាំង​យប់​ទាំង​ថ្ងៃ នៅ​តាម​ផ្នូរ​ខ្មោច និង​នៅ​តាម​ភ្នំ ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន។ 6កាល​គាត់​ឃើញ​ព្រះ‌យេស៊ូវ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ 7ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​ទូល​បង្គំ? ទូល​បង្គំ​អង្វរ​ព្រះ‌អង្គ​នៅ​ចំពោះ​ព្រះ​ថា សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូល​បង្គំ​ឡើយ»។ 8វា​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​វា​ថា៖ «នែ៎ វិញ្ញាណ​អាក្រក់ ចូរ​ថយ​ចេញ​ពី​បុរស​នេះ​ទៅ!» 9ព្រះ‌យេស៊ូវ​សួរ​វា​ថា៖ «ឯង​ឈ្មោះ​អី?» វា​ទូល​ឆ្លើយ​ថា៖ «ទូល​បង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ 10វា​ទទូច​អង្វរ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង សូម​កុំ​ឲ្យ​បណ្តេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។ 11នៅ​ទី​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ 12ហើយ​វិញ្ញាណ​អាក្រក់​ទាំង​នោះ អង្វរ​ព្រះ‌អង្គ​ថា៖ «សូម​បញ្ជូន​យើង​ឲ្យ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!» 13ដូច្នេះ ព្រះ‌អង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួក​វា។ វិញ្ញាណ​អាក្រក់​ទាំង​នោះ​ក៏​ចេញ​ទៅ រួច​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ងាប់​ទាំង​អស់។
14ពួក​អ្នក​ឃ្វាល​ជ្រូក​ក៏​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ជនប​ទ​ពី​រឿង​នេះ ហើយ​មនុស្ស​ម្នា​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ 15គេ​ចូល​មក​រក​ព្រះ‌យេស៊ូវ ហើយ​ឃើញ​បុរស​ដែល​អារក្ស​ចូល​កាល​ពី​មុន​អង្គុយ​នៅ​ទី​នោះ ទាំង​មាន​សម្លៀក​បំពាក់ និង​មាន​ស្មារតី​ត្រឹម​ត្រូវ គេ​ក៏​ស្ញែង​ខ្លាច។ 16អស់​អ្នក​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ ក៏​រៀប​រាប់​ប្រាប់​គេ​ពី​អ្វី​ដែល​កើត​ឡើង​ដល់​បុរស​នោះ និង​ដល់​ហ្វូង​ជ្រូក។ 17ពេល​នោះ គេ​ចាប់​ផ្ដើម​ទូល​អង្វរ​ព្រះ‌យេស៊ូវ​ឲ្យ​យាង​ចេញ​ពី​ស្រុក​ភូមិ​របស់គេ។ 18ពេល​ព្រះ‌អង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​អារក្ស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ។ 19ប៉ុន្តែ ព្រះ‌អង្គ​មិន​ព្រម ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​សាច់​ញាតិ​របស់​អ្នក ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​អ្នក និង​ពី​ការ​ដែល​ព្រះ‌អង្គ​បាន​មេត្តា​ដល់​អ្នក​វិញ»។ 20គាត់​ក៏​ចេញ​ទៅ ហើយ​ចាប់​ផ្តើម​ប្រកាស​ប្រាប់​នៅ​ស្រុក​ដេកា‌ប៉ូល ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​គាត់ ហើយ​គ្រប់​គ្នា​ក៏​មាន​សេចក្ដី​អស្ចារ្យ។
ព្រះ‌យេស៊ូវ​ប្រោស​ស្ដ្រី​ម្នាក់​ឲ្យ​ជា និង​ក្មេង​ស្រី​ម្នាក់​ឲ្យ​រស់​ឡើង​វិញ
(ម៉ាថាយ ៩.១៨-២៦ លូកា ៨.៤០-៥៦)
21កាល​ព្រះ‌យេស៊ូវ​បាន​យាង​ចុះ​ទូក ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ មាន​មហា​ជន​ច្រើន​កុះ​ករ មក​ចោម​រោម​ព្រះ‌អង្គ ហើយ​ទ្រង់​គង់​នៅ​មាត់​សមុទ្រ។ 22ពេល​នោះ មាន​មេ​ដឹក​នាំ​សាលា​ប្រជុំ​ម្នាក់ ឈ្មោះ​យ៉ៃ‌រ៉ុស​ចូល​មក ហើយ​ពេល​គាត់​ឃើញ​ព្រះ‌អង្គ ក៏​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ 23ហើយ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «កូន​ស្រី​ខ្ញុំ​បាទ​ជិត​ស្លាប់​ហើយ សូម​លោក​មេត្តា​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បី​ឲ្យ​នាង​បាន​ជា ហើយ​រស់​វិញ​ផង»។ 24ព្រះ‌អង្គ​ក៏​យាង​ទៅ​ជា​មួយ​គាត់ ហើយ​មហា​ជន​ច្រើន​កុះ​ករ​នាំ​គ្នា​ដើរ​តាម និង​ប្រជ្រៀត​គ្នា​ជុំ​វិញ​ព្រះ‌អង្គ។
25នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ 26នាង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ក្រោម​ការ​ព្យាបាល​ពី​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​មិន​បាន​គ្រាន់​បើ​សោះ ផ្ទុយ​ទៅ​វិញ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង។ 27ក្រោយ​ពី​នាង​បាន​ឮ​អំពី​ព្រះ‌យេស៊ូវ នាង​ក៏​ចូល​មក​ក្នុង​ចំណោម​បណ្តាជន ហើយ​ពាល់​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ពី​ខាង​ក្រោយ 28ដ្បិត​នាង​គិត​ថា៖ «បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ ខ្ញុំ​នឹង​បាន​ជា​មិន​ខាន»។ 29រំពេច​នោះ ជំងឺ​ធ្លាក់​ឈាម​ក៏​បាត់​ភ្លាម ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នោះ​ហើយ។ 30នៅ​ពេល​នោះ ព្រះ‌យេស៊ូវ​ជ្រាប​ភ្លាម​ថា មាន​ព្រះ‌ចេស្តា​ចេញ​ពី​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ងាក​បែរ​ទៅ​បណ្ដាជន ទាំង​សួរ​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?» 31ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ​ឃើញ​ហើយ​ថា បណ្ដាជន​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ ម្តេច​បាន​ជា​លោក​គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ខ្ញុំ​ដូច្នេះ?» 32ព្រះ‌អង្គ​ទត​មើល​ជុំ​វិញ រក​មើល​អ្នក​ណា​ដែល​បាន​ពាល់​ព្រះ‌អង្គ។ 33ប៉ុន្តែ ស្ត្រី​នោះ​ដឹង​ពី​ហេតុ​ដែល​បាន​កើត​ឡើង​ចំពោះ​នាង នាង​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​ភ័យ​ញ័រ រួច​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ។ 34ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត ហើយ​ចូរ​ឲ្យ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​នាង​ចុះ!»។
35កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ​បន្ទូល​នៅ​ឡើយ នោះ​មាន​មនុស្ស​មក​ពី​ផ្ទះ​លោក​យ៉ៃរ៉ុស ជម្រាប​ថា៖ «កូន​ស្រី​របស់​លោក​ស្លាប់​ហើយ តើ​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត?» 36ប៉ុន្តែ កាល​ព្រះ​យេស៊ូវ​បាន​ឮ​ពាក្យ​ដែល​គេ​និយាយ ព្រះ‌អង្គ​ក៏​មាន​ព្រះ​បន្ទូល​ទៅ​មេ​ដឹកនាំ​សាលា​ប្រជុំ​នោះ​ថា៖ «កុំ​ខ្លាច​អី ចូរ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ»។ 37ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះ‌អង្គ​ឡើយ លើក​លែង​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ។ 38ពេល​មក​ដល់​ផ្ទះ​មេ​ដឹក​នាំ​សាលា​ប្រជុំ ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ច្រួល​ច្របល់ ហើយ​យំ​ស្រែក​ជា​ខ្លាំង។ 39ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​ច្រួល​ច្របល់ ហើយ​យំ​ដូច្នេះ? កូន​នេះ​មិន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ!» 40គេ​ក៏​សើច​ចំអក​ឲ្យ​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ដេញ​គេ​ទាំង​អស់​គ្នា​ឲ្យ​ចេញ​ក្រៅ រួច​យក​ឪពុក‌ម្តាយ​របស់​ក្មេង​នោះ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ចូល​ទៅ​កន្លែង​ដែល​ក្មេង​នោះ​ដេក។ 41ព្រះ‌អង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «តាលី‌ថាគូមី» មាន​ន័យ​ថា «នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!» 42ក្មេង​ស្រី​នោះ​ក៏​ក្រោក​ឡើង​ភ្លាម​មួយ​រំពេច ហើយ​ដើរ​ចុះ​ឡើង ដ្បិត​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ ហើយ​គេ​ក៏​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ភ្លាមៗ​នោះ​ដែរ។ 43ព្រះ‌អង្គ​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ដឹង​ពី​រឿង​នេះ​ឡើយ ហើយ​ប្រាប់​គេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិ‌ភោគ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in