ម៉ាកុស 1
1
ការប្រកាសរបស់លោកយ៉ូហាន-បាទីស្ទ
(ម៉ាថាយ ៣.១-៦, ១១-១២ លូកា ៣.១-១៨)
1នេះជាការចាប់ផ្ដើមដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ 2ដូចមានសេចក្ដីចែងទុកនៅក្នុងគម្ពីរហោរាអេសាយថា៖
«មើលយើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក
គាត់នឹងរៀបចំផ្លូវឲ្យអ្នក។
3មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោស្ថាន
ថា "ចូររៀបចំផ្លូវទទួលព្រះអម្ចាស់
ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ"» ។
4លោកយ៉ូហាន ជាអ្នកធ្វើពិធីជ្រមុជទឹក បានលេចមកនៅទីរហោស្ថាន លោកប្រកាសប្រាប់ពីពិធីជ្រមុជខាងការប្រែចិត្ត ដើម្បីទទួលការអត់ទោសឲ្យរួចពីបាប។ 5មនុស្សមកពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងមនុស្សទាំងអស់នៅក្រុងយេរូសាឡិម បានចេញមករកលោក ដើម្បីទទួលពិធីជ្រមុជទឹកពីលោកក្នុងទន្លេយ័រដាន់ ទាំងលន់តួបាបរបស់ខ្លួន។ 6លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅចង្កេះ ហើយលោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃ។ 7លោកប្រកាសថា៖ «ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនសមនឹងឱនស្រាយខ្សែសុពណ៌បាទព្រះអង្គផង។ 8ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែព្រះអង្គវិញនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ»។
ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក
(ម៉ាថាយ ៣.១៣-១៧ លូកា ៣.២១-២២)
9នៅគ្រានោះ ព្រះយេស៊ូវយាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ហើយបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន នៅក្នុងទន្លេយ័រដាន់។ 10ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណយាងចុះមកដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ 11មានសំឡេងមួយពីលើស្ថានសួគ៌មកថា៖ «អ្នកជាកូនស្ងួនភា្ងរបស់យើង ជាទីពេញចិត្តយើងណាស់»។
ព្រះយេស៊ូវឈ្នះការល្បួង
(ម៉ាថាយ ៤.១-១១ លូកា ៤.១-២)
12ភ្លាមនោះ ព្រះវិញ្ញាណជំរុញព្រះអង្គឲ្យយាងចេញទៅទីរហោស្ថាន។ 13ព្រះអង្គគង់នៅទីនោះសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ព្រះអង្គគង់ជាមួយសត្វព្រៃ ហើយមានពួកទេវតាមកគាល់បម្រើព្រះអង្គ។
ការចាប់ផ្តើមព្រះរាជកិច្ចនៅស្រុកកាលីឡេ
(ម៉ាថាយ ៤.១២-១៧ លូកា ៤.១៤-១៥)
14ក្រោយពេលគេចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះយេស៊ូវក៏យាងមកស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អអំពីព្រះ។ 15ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលវេលាបានសម្រេចហើយ ឯព្រះរាជ្យរបស់ព្រះក៏មកជិតបង្កើយ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ»។
ព្រះយេស៊ូវត្រាស់ហៅពួកសិស្សលើកដំបូង
(ម៉ាថាយ ៤.១៨-២២ លូកា ៥.១-១១)
16កាលព្រះយេស៊ូវកំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញស៊ីម៉ូន និងអនទ្រេជាប្អូន កំពុងទម្លាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី។ 17ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ 18ភ្លាមនោះគេក៏ទុកអួនចោល ហើយដើរតាមព្រះអង្គទៅ។ 19កាលព្រះអង្គយាងហួសពីនោះបន្តិច ព្រះអង្គទតឃើញយ៉ាកុបជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងជួសជុលអួននៅក្នុងទូក។ 20ព្រះអង្គត្រាស់ហៅពួកគេមកភ្លាម ហើយពួកគេក៏ទុកសេបេដេជាឪពុក ឲ្យនៅក្នុងទូកជាមួយជើងឈ្នួល រួចដើរតាមព្រះអង្គទៅ។
ព្រះយេស៊ូវប្រោសបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល
(លូកា ៤.៣១-៣៧)
21ពួកគេនាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយនៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ។ 22គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិតព្រះអង្គបង្រៀនពួកគេ ដូចជាអ្នកដែលមានអំណាច មិនដូចជាពួកអាចារ្យទេ។ 23ពេលនោះ នៅក្នុងសាលាប្រជុំរបស់គេ មានបុរសម្នាក់មានវិញ្ញាណអាក្រក់ចូល 24វាស្រែកឡើងថា «ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធរបស់ព្រះ»។ 25ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម! ហើយចេញពីអ្នកនេះទៅ!» 26វិញ្ញាណអាក្រក់បានធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយស្រែកយ៉ាងខ្លាំង រួចក៏ចេញទៅ។ 27គេទាំងអស់គ្នាមានសេចក្ដីអស្ចារ្យ ហើយគេសួរគ្នាទៅវិញទៅមកថា៖ «តើស្អីហ្នឹង? សេចក្តីបង្រៀនថ្មីនេះមានអំណាចម៉្លេះ! លោកបញ្ជាពួកវិញ្ញាណអាក្រក់ ហើយវាក៏ស្តាប់បង្គាប់លោក»។ 28ភ្លាមនោះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ចាប់ផ្ដើមឮសុសសាយគ្រប់ទីកន្លែង ពាសពេញតំបន់កាលីឡេទាំងមូល។
ព្រះយេស៊ូវប្រោសអ្នកជំងឺជាច្រើនឲ្យជានៅផ្ទះលោកស៊ីម៉ូន
(ម៉ាថាយ ៨.១៤-១៧ លូកា ៤.៣៨-៤១)
29កាលព្រះអង្គ និងពួកសិស្សចេញពីសាលាប្រជុំភ្លាម គេក៏ចូលទៅក្នុងផ្ទះស៊ីម៉ូន និងអនទ្រេ ហើយយ៉ាកុប និងយ៉ូហានក៏ទៅជាមួយដែរ។ 30ពេលនោះ ម្តាយក្មេករបស់ស៊ីម៉ូន កំពុងតែដេកគ្រុននៅលើគ្រែ ហើយគេក៏ទូលព្រះអង្គភ្លាមអំពីគាត់។ 31ព្រះអង្គយាងចូលទៅជិត ហើយចាប់ដៃគាត់ឲ្យក្រោកឡើង។ ពេលនោះ ស្រាប់តែគ្រុនចេញបាត់អស់ទៅ រួចគាត់ក៏ចាប់ផ្ដើមបម្រើពួកគេ។ 32ល្ងាចនោះ នៅពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សអារក្សចូលទាំងអស់ មករកព្រះអង្គ។ 33អ្នកក្រុងនោះទាំងអស់បានមកជួបជុំគ្នានៅមាត់ទ្វារ 34ព្រះអង្គប្រោសមនុស្សដែលមានជំងឺរោគាផ្សេងៗជាច្រើនឲ្យបានជា ហើយដេញអារក្សជាច្រើនចេញពីមនុស្ស តែព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីសោះ ព្រោះពួកវាស្គាល់ព្រះអង្គ។
ព្រះយេស៊ូវយាងទៅប្រកាសនៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ
(ម៉ាថាយ ៤.២៣ លូកា ៤.៤១-៤៤)
35ព្រឹកឡើង កាលនៅងងឹតនៅឡើយ ព្រះអង្គតើនឡើង ហើយយាងចេញទៅកាន់ទីស្ងាត់ រួចអធិស្ឋាននៅទីនោះ។ 36ស៊ីម៉ូន និងពួកអ្នកដែលនៅជាមួយ នាំគ្នាតាមរកព្រះអង្គ។ 37លុះបានឃើញព្រះអង្គហើយ គេក៏ទូលព្រះអង្គថា៖ «មនុស្សគ្រប់គ្នាកំពុងស្វែងរកព្រះអង្គ»។ 38ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរយើងនាំគ្នាទៅភូមិនានាដែលនៅជិតនេះ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅទីនោះដែរ ដ្បិតដោយហេតុនោះហើយបានជាខ្ញុំមក»។ 39ព្រះអង្គបានយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសប្រាប់នៅក្នុងសាលាប្រជុំរបស់គេ ព្រមទាំងដេញអារក្សចេញពីមនុស្សផង។
ព្រះយេស៊ូវប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា
(ម៉ាថាយ ៨.១-៤ លូកា ៥.១២-១៦)
40មានបុរសឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូវ លុតជង្គង់ទូលអង្វរព្រះអង្គថា៖ «បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ 41ព្រះអង្គមានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យជាស្អាតចុះ!» 42ភ្លាមនោះរោគឃ្លង់ក៏ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត។ 43ព្រះអង្គឲ្យគាត់ចេញទៅភា្លម ទាំងហាមផ្តាច់ថា៖ 44«ចូរប្រយ័ត្ន កុំប្រាប់អ្វីដល់អ្នកណាឲ្យសោះ តែត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយតង្វាយ ដោយព្រោះការដែលខ្លួនបានស្អាត តាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាបន្ទាល់ដល់លោកទាំងនោះ»។ 45ប៉ុន្តែ គាត់បានចេញទៅ រួចចាប់ផ្ដើមប្រកាសប្រាប់គេឯងរាល់គ្នា ហើយដំណឹងនោះក៏ឮសុសសាយ ធ្វើឲ្យព្រះយេស៊ូវពុំអាចយាងចូលទៅក្នុងក្រុងជាចំហទៀតបានឡើយ គឺព្រះអង្គគង់នៅខាងក្រៅ ត្រង់កន្លែងស្ងាត់ ហើយមនុស្សពីគ្រប់ទិសទី នាំគ្នាចូលមករកព្រះអង្គ។
Currently Selected:
ម៉ាកុស 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies