មីកា 1
1
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានថ្លែងមកមីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស និងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី និងក្រុងយេរូសាឡិម។
ព្រះបន្ទូលព្រមានពួកសាម៉ារី
2ជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ
ឱផែនដី និងសព្វសារពើដែលនៅផែនដីអើយ
ចូរប្រុងស្តាប់ចុះ
ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា
ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា
គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់
ពីព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។
3មើល៍! ព្រះយេហូវ៉ាកំពុងយាងចេញពីទីកន្លែងរបស់ព្រះអង្គ
យាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ។
4ភ្នំទាំងប៉ុន្មាននឹងរលាយពីក្រោមព្រះអង្គទៅ
ច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ
ដូចជាក្រមួនដែលត្រូវភ្លើង
ហើយដូចទឹកដែលចាក់ចុះតាមទីចោត។
5នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប
និងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល
អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី?
តើមិនមែនជាក្រុងសាម៉ារីទេឬ?
ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី?
តើមិនមែនជាក្រុងយេរូសាឡិមទេឬ?
6ដូច្នេះ យើងនឹងធ្វើឲ្យក្រុងសាម៉ារីដូចជាគំនរនៅទីវាល
ជាកន្លែងសម្រាប់ធ្វើចម្ការទំពាំងបាយជូរ
យើងនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ
ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង។
7អស់ទាំងរូបឆ្លាក់របស់គេ នឹងត្រូវវាយបំបែកខ្ទេចខ្ទី
ឯអស់ទាំងរង្វាន់ឈ្នួលរបស់វានឹងត្រូវដុតក្នុងភ្លើង
យើងនឹងបំផ្លាញរបស់គេទាំងអស់
ព្រោះគេបានសន្សំរូបទាំងនោះ
ដោយសាររង្វាន់ឈ្នួលរបស់ស្រីពេស្យា
ហើយវានឹងត្រឡប់ជារង្វាន់ឈ្នួល
របស់ស្រីពេស្យាវិញទៀត។
ការវិនាសនៃទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា
8ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក
ហើយទ្រហោយំ
ខ្ញុំនឹងដើរដោយជើងទទេ ហើយអាក្រាតកាយ
ខ្ញុំនឹងស្រែកដូចជាឆ្កែចចក
ហើយនឹងយំរងំដូចជាអូទ្រុស។
9ដ្បិតរបួសនៃក្រុងសាម៉ារីមើលមិនជាឡើយ
ព្រោះបានរាលរហូតដល់ស្រុកយូដាផង
ក៏ដល់ទ្វារក្រុងសាសន៍ខ្ញុំ
គឺជាក្រុងយេរូសាឡិមដែរ។
10កុំថ្លែងប្រាប់រឿងនេះនៅក្រុងកាថឡើយ
ក៏កុំយំឲ្យសោះ
ចូរឯងននៀលខ្លួននៅក្នុងធូលីដី
ត្រង់បេតលេ-អាប្រាចុះ។
11ឱពួកអ្នកក្រុងសាភាអើយ ចូរដើរបង្ហួសទៅ
ដោយខ្លួនអាក្រាត ហើយមានសេចក្ដីខ្មាសចុះ
ពួកអ្នកនៅត្រង់ស្អាណាន មិនបានចេញមកសោះ
ការយំសោកនឹងបេត-អេតសែល
នឹងដកទីពឹងរបស់ឯងរាល់គ្នាចេញ។
12ដ្បិតពួកអ្នកនៅម៉ារូតទន្ទឹងចាំសេចក្ដីល្អ
ព្រោះសេចក្ដីអាក្រក់បានចុះពីព្រះយេហូវ៉ា
មកដល់ទ្វារក្រុងយេរូសាឡិមហើយ។
13ឱពួកអ្នកនៅក្រុងឡាគីសអើយ
ចូរទឹមរទេះសេះយ៉ាងលឿន
ឯងជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន
ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែល
បានឃើញមាននៅក្នុងឯង។
14ដូច្នេះ ឯងនឹងលះលែងក្រុងម៉ូរ៉ាស៊ីត-កាថ
ឯផ្ទះអាក់ស៊ីបទាំងប៉ុន្មាននោះនឹងបាននៅ
ជាសេចក្ដីកំភូតដល់ពួកស្តេចអ៊ីស្រាអែល។
15ឱអ្នកក្រុងម៉ារីសាអើយ នៅម្ដងទៀត
យើងនឹងនាំម្នាក់មកឯឯង
ដែលនឹងធ្វើជាម្ចាស់លើឯង
សិរីល្អនៃអ៊ីស្រាអែលនឹងមកដល់អាឌូឡាម។
16ចូរកោររំលីងនៅកំពូលក្បាល ហើយកាត់សក់ចុះ
ដោយព្រោះកូនចៅជាទីគាប់ចិត្តរបស់ឯង
ចូរពង្រីកកន្លែងកោររំលីងនោះឲ្យធំឡើងដូចជាឥន្ទ្រី
ពីព្រោះវារាល់គ្នាបានព្រាត់ប្រាសចាកចេញ
ពីឯងទៅជាឈ្លើយអស់ហើយ។
Currently Selected:
មីកា 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies