ម៉ាថាយ 11
11
1កាលព្រះយេស៊ូវបានណែនាំសិស្សទាំងដប់ពីរចប់ហើយ ទ្រង់ក៏យាងចេញពីទីនោះ ទៅបង្រៀន និងប្រកាសប្រាប់ប្រជាជននៅតាមក្រុងនានារបស់គេ។
លោកយ៉ូហាន-បាទីស្ទចាត់សិស្សទៅជួបព្រះយេស៊ូវ
(លូកា ៧.១៨-៣៥)
2ពេលលោកយ៉ូហាននៅក្នុងគុកបានឮពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្ទបានធ្វើ លោកក៏ចាត់សិស្សរបស់លោកឲ្យទៅទូលសួរព្រះអង្គថា៖ 3«តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» 4ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្តាប់ឮ និងមើលឃើញចុះ 5មនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។ 6មានពរហើយ អ្នកណាដែលមិនរវាតចិត្តនឹងខ្ញុំ»។
ព្រះយេស៊ូវសរសើរលោកយ៉ូហាន-បាទីស្ទ
7ពេលពួកសិស្សទាំងនោះចេញផុតទៅ ព្រះយេស៊ូវក៏ចាប់ផ្តើមមានព្រះបន្ទូលទៅកាន់មហាជន អំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬ? 8តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលមនុស្សស្លៀកពាក់រុងរឿងឬ? មើល៍! អស់អ្នកដែលស្លៀកពាក់រុងរឿងគេនៅក្នុងដំណាក់ស្តេចទេ។ 9ដូច្នេះ តើអ្នករាល់គ្នាបានទៅមើលអ្វី? ទៅមើលហោរាឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកលើសជាងហោរាទៅទៀត។ 10លោកនេះហើយដែលមានសេចក្តីចែងទុកពីលោកថា "មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក អ្នកនោះនឹងទៅមុនអ្នក ដើម្បីរៀបចំផ្លូវរបស់អ្នក" ។ 11ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអស់អ្នកដែលកើតពីស្ត្រី គ្មានអ្នកណាធំជាងលោកយ៉ូហាន-បាទីស្ទឡើយ ប៉ុន្តែ អ្នកដែលតូចជាងគេក្នុងព្រះរាជ្យនៃស្ថានសួគ៌ អ្នកនោះធំជាងលោកទៅទៀត។ 12តាំងពីគ្រារបស់លោកយ៉ូហាន-បាទីស្ទ រហូតមកទល់ពេលនេះ ព្រះរាជ្យនៃស្ថានសួគ៌បានទទួលរងអំពើឃោរឃៅ ហើយមនុស្សឃោរឃៅចាប់យកបានព្រះរាជ្យនៃស្ថានសួគ៌ដោយកម្លាំង 13ដ្បិតអស់ទាំងគម្ពីរហោរា និងគម្ពីរក្រឹត្យវិន័យសុទ្ធតែបានថ្លែងទុក រហូតមកដល់គ្រារបស់លោកយ៉ូហាន 14ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ នោះគឺលោកយ៉ូហានហ្នឹងហើយ ជាអេលីយ៉ាដែលត្រូវមក។ 15អ្នកណាមានត្រចៀក ចូរស្តាប់ចុះ! 16ប៉ុន្តែ តើឲ្យខ្ញុំប្រៀបធៀបមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាកូនក្មេងអង្គុយនៅតាមទីផ្សារ ហើយស្រែកដាក់គ្នាថា 17"យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនព្រមរាំទេ យើងបានទ្រហោយំ ក៏ឯងមិនបានកាន់ទុក្ខដែរ"។ 18ដ្បិតលោកយ៉ូហាន-បាទីស្ទបានមក មិនបរិភោគ ក៏មិនផឹក តែគេថា "លោកមានអារក្សចូល" 19ឯកូនមនុស្ស បានមកទាំងបរិភោគ ទាំងផឹក តែគេថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប!" ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលខ្លួនបង្កើត»។
វេទនាដល់ក្រុងនានាដែលមិនព្រមប្រែចិត្ត
(លូកា ១០.១៣-១៥)
20បន្ទាប់មក ព្រះអង្គក៏ចាប់ផ្តើមបន្ទោសក្រុងនានា ដែលព្រះអង្គបានធ្វើការអស្ចារ្យជាច្រើន ដោយព្រោះគេមិនបានប្រែចិត្ត។ 21«វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។ 22ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងងាយទ្រាំជាជាងឯងរាល់គ្នាវិញ។ 23រីឯឯង ក្រុងកាពើណិមអើយ! តើឯងចង់លើកតម្កើងខ្លួនដល់ស្ថានសួគ៌ឬ? ឯងនឹងត្រូវទាញទម្លាក់ដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងសូដុមវិញ ម៉្លេះសមក្រុងនោះនឹងបានគង់វង្សរហូតដល់ថ្ងៃនេះមិនខាន។ 24ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមនឹងងាយទ្រាំជាជាងឯងវិញ»។
ព្រះយេស៊ូវអរព្រះគុណព្រះវរបិតារបស់ព្រះអង្គ
(លូកា ១០.២១-២២)
25នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះពីពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹង តែបានសម្តែងសេចក្ដីទាំងនោះឲ្យពួកកូនក្មេងយល់វិញ។ 26មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យបែបនេះ។ 27ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រា ក្រៅពីព្រះវរបិតាឡើយ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យនឹងបើកសម្តែងឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។
28«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ 29ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ 30ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
Currently Selected:
ម៉ាថាយ 11: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies