ម៉ាឡាគី 1
1
1នេះជាព្រះបន្ទូលយ៉ាងធ្ងន់របស់ព្រះយេហូវ៉ាទៅដល់អ៊ីស្រាអែល ដោយសារម៉ាឡាគី ។
ព្រះហឫទ័យស្រឡាញ់របស់ព្រះចំពោះអ៊ីស្រាអែល
2ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្រឡាញ់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នាថា "តើព្រះអង្គស្រឡាញ់យើងដូចម្ដេច?"។ ព្រះយេហូវ៉ាតបថា "តើអេសាវមិនមែនជាបងរបស់យ៉ាកុបទេឬ? តែយើងស្រឡាញ់យ៉ាកុប"។ 3យើងស្អប់អេសាវ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេនៅស្ងាត់ច្រៀប ក៏ឲ្យមត៌ករបស់គេទៅពួកឆ្កែព្រៃនៅទីរហោស្ថាន 4ហើយទោះបើពួកអេដុមពោលថា "យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ" ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "គេនឹងសង់ឡើង តែយើងនឹងរំលំទៀត" មនុស្សនឹងហៅគេថា ទឹកដីរបស់មនុស្សទុច្ចរិត ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប 5ភ្នែកអ្នករាល់គ្នានឹងឃើញដែរ ហើយពោលថា "ព្រះយេហូវ៉ាប្រសើរឧត្ដម ហួសព្រំប្រទល់ស្រុកអ៊ីស្រាអែលទៅទៀត"»។
អំពើពុករលួយរបស់ពួកសង្ឃ
6«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?" 7គឺអ្នករាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់យើង អ្នករាល់គ្នាក៏ពោលថា "តើយើងបានបង្អាប់ព្រះអង្គដូចម្ដេច?" គឺដោយសារអ្នករាល់គ្នានិយាយថា តុរបស់ព្រះយេហូវ៉ាគួរឲ្យស្អប់។ 8ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 9ឥឡូវនេះ ចូរអ្នករាល់គ្នាទូលអង្វរដល់ព្រះ ដើម្បីសូមព្រះអង្គផ្តល់ព្រះគុណដល់យើង។ ការទាំងអស់នេះកើតឡើងដោយសារអ្នករាល់គ្នា ដូច្នេះ តើព្រះអង្គនឹងទទួលអ្នករាល់គ្នាដោយរាក់ទាក់ឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 10ឱប្រសិនបើមានអ្នកណាមួយ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារ ដើម្បីមិនឲ្យបង្កាត់ភ្លើងនៅលើអាសនារបស់យើង ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងមិនចូលចិត្តអ្នករាល់គ្នាទេ ក៏មិនព្រមទទួលតង្វាយណាពីដៃអ្នករាល់គ្នាដែរ។ 11ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 12ប៉ុន្តែ ចំណែកអ្នករាល់គ្នា តែងតែបង្អាប់ឈ្មោះយើង ដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ។ 13ប៉ុន្តែ អ្នករាល់គ្នាពោលថា "ការនេះធុញណាស់" ហើយអ្នករាល់គ្នាបានមើលងាយយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អ្នករាល់គ្នាយករបស់ដែលបានប្លន់ពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង ដែលអ្នករាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាសួរថា តើគួរឲ្យយើងទទួលពីដៃអ្នករាល់គ្នាឬទេ? 14ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
Currently Selected:
ម៉ាឡាគី 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies