YouVersion Logo
Search Icon

លូកា 9

9
បេសកកម្ម​របស់​អ្នក​ទាំង​ដប់​ពីរ
(ម៉ាថាយ ១៥.៥-១៥ ម៉ាកុស ៦.៧-១៣)
1ពេល​នោះ ព្រះ‌យេស៊ូវ​បាន​ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​ក៏​ប្រទាន​ឲ្យ​គេ​មាន​ព្រះ‌ចេស្តា និង​អំណាច​លើ​អស់​ទាំង​អារក្ស ហើយ​អាច​មើល​ជំងឺ​ឲ្យ​ជា 2ព្រះ‌អង្គ​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។ 3ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា៖ «កុំ​យក​អ្វី​ទៅ​តាម​ផ្លូវ​ឡើយ ទោះ​ជា​ដំបង ថង់​យាម នំបុ័ង ឬ​ប្រាក់​ក្តី ក៏​កុំ​ឲ្យ​មាន​អាវ​ពីរ​ដែរ។ 4បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ។ 5បើ​អ្នក​ណា​ដែល​មិន​ព្រម​រាក់​ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​បន្ទាល់​ទាស់​នឹង​គេ​វិញ»។ 6ពួក​គេ​ក៏​បាន​ចាក​ចេញ ទៅ​សព្វ​ភូមិ​ទាំង​អស់ ព្រម​ទាំង​ផ្សាយ​ដំណឹង​ល្អ ហើយ​មើល​អ្នក​ជំងឺ​ឲ្យ​ជា​នៅ​គ្រប់​កន្លែង​ដែរ។
ស្តេច​ហេរ៉ូឌ​នឹក​ឆ្ងល់​អំពី​ព្រះ‌យេស៊ូវ
(ម៉ាថាយ ១៤.១-១២ ម៉ាកុស ៦.១៤-២៩)
7ឯ​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ព្រះ‌អង្គ​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អល់‌អែក ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ 8ខ្លះ​ថា លោក​អេលីយ៉ា​បាន​លេច​មក​ហើយ ខ្លះ​ទៀត​ថា មាន​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ​បាន​រស់​ឡើង​វិញ។ 9ព្រះបាទ​ហេរ៉ូឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​កាត់​ក្បាល​យ៉ូហាន​ហើយ ចុះ​អ្នក​ដែល​យើង​ឮ​ថា បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ ជា​អ្នក​ណា?» ហើយ​ព្រះបាទ​ហេរ៉ូឌ​ក៏​ចង់​ឃើញ​ព្រះ‌អង្គ​ដែរ។
ព្រះ‌យេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិ‌ភោគ
(ម៉ាថាយ ១៤.១៣-២១ ម៉ាកុស ៦.៣០-៤៤ យ៉ូហាន ៦.១-១៤)
10ពេល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ រៀប​រាប់​រឿង​ទូល​ព្រះ‌យេស៊ូវ​ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ទី​ស្ងាត់​ដោយ​ឡែក ជិត​ភូមិ​មួយ​ឈ្មោះ​បេតសៃដា។ 11កាល​មហា‌ជន​បាន​ដឹង គេ​ក៏​ទៅ​តាម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​រាក់​ទាក់​ទទួល​គេ ដោយ​មាន​ព្រះ‌បន្ទូល​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ទាំង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​ការ​ឲ្យ​បាន​ជា​ផង។
12លុះ​ដល់​ថ្ងៃ​កាន់​តែ​ទាប​ហើយ អ្នក​ទាំង​ដប់​ពីរ មក​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​បណ្ដាជន​ទៅ​រក​កន្លែង​ស្នាក់​នៅ ទៅ​រក​ស្បៀង​អាហារ​នៅ​តាម​ភូមិ និង​ស្រុក​ស្រែ​ជុំ‌វិញ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។ 13តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិ‌ភោគ​ទៅ» ពួក​សិស្ស​ទូល​ថា៖ «យើង​ខ្ញុំ​មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ទេ មាន​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ថែម​ទៀត សម្រាប់​មនុស្ស​ទាំង​នេះ»។ 14នៅ​ទី​នោះ មាន​បុរស​ប្រាំ​ពាន់​នាក់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ឲ្យ​គេ​អង្គុយ​ជា​ជួរ​ទៅ ក្នុង​មួយ​ជួរ​ហា‌សិប​នាក់»។ 15ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ 16ព្រះ‌អង្គ​បាន​យក​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ ងើប​ទត​ទៅ​លើ​មេឃ ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​ជន​បរិ‌ភោគ។ 17គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​ដប់​ពីរ​កន្ត្រក។
លោក​ពេត្រុស​ប្រកាស​ថា​ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ
(ម៉ាថាយ ១៦.១៣-១៩ ម៉ាកុស ៨.២៨-២៩)
18ថ្ងៃ​មួយ ពេល​ព្រះ‌អង្គ​កំពុង​តែ​អធិស្ឋាន​ដោយ​ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​មហា‌ជន​ថា​ខ្ញុំ​ជា​អ្នក​ណា?» 19គេ​ទូល​ឆ្លើយ​ថា៖ «ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលី‌យ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ»។ 20ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា?» ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ»។
ព្រះ‌យេស៊ូវ​ប្រកាស​អំពី​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ
21ព្រះ‌យេស៊ូវ​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ពី​សេចក្តី​នេះ​ឡើយ 22ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បោះ‌បង់​ចោល ត្រូវ​គេ​សម្លាប់ ហើយ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»។
23រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ 24ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ។ 25ប្រសិន‌បើ​មនុស្ស​ណា​ម្នាក់​បាន​ពិភពលោក​ទាំង​មូល ប៉ុន្តែ ធ្វើ​ឲ្យ​ខ្លួន​ឯង​វិនាស ឬ​ឲ្យ​បាត់‌បង់ តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? 26ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ នៅ​ពេល​ដែល​លោក​មក​ក្នុង​សិរី​ល្អ​របស់​លោក សិរី​ល្អ​របស់​ព្រះ‌វរបិតា និង​សិរី​ល្អ​របស់​ពួក​ទេវតា​បរិសុទ្ធ។ 27ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នេះ នឹង​មិន​ភ្លក់​សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​គេ​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះ»។
សិរី​ល្អ​របស់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ១៧.១-៨ ម៉ាកុស ៩.២-៨)
28ប្រហែល​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​មក ព្រះ‌អង្គ​បាន​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។ 29កាល​ព្រះ‌អង្គ​កំពុង​តែ​អធិស្ឋាន នោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ‌ពស្ត្រ​ត្រឡប់​ជា​ស​ភ្លឺ​ព្រាត។ 30ពេល​នោះ ឃើញ​មាន​មនុស្ស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​លោក​អេលី‌យ៉ា កំពុង​តែ​ជជែក​ជា​មួយ​ព្រះ‌អង្គ។ 31លោក​ទាំង​ពីរ​បាន​លេច​មក​ក្នុង​សិរី​ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូ‌សាឡិម។ 32ឯ​ពេត្រុស និង​អ្នក​ទាំង​ពីរ​ដែល​នៅ​ជា​មួយ​គាត់ បាន​ដេក​លក់ តែ​ពេល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ និង​មនុស្ស​ពីរ​នាក់ ដែល​ឈរ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ 33ពេល​លោក​ទាំង​ពីរ​នោះ​កំពុង​តែ​ចាក​ចេញ​ពី​ព្រះ‌យេស៊ូវ​ទៅ ពេត្រុស​ទូល​ថា៖ «លោក​គ្រូ ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា» ដោយ​មិន​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។ 34កំពុង​ដែល​ទូល​សេចក្តី​ទាំង​នេះ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន​ពពក​មក​គ្រប​បាំង​គេ ហើយ​គេ​ក៏​ភ័យ​ខ្លាច ពេល​គេ​ចូល​ទៅ​ក្នុង​ពពក​នោះ។ 35ពេល​នោះ មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖ «នេះ​ជា​កូន​ដែល​យើងបាន​ជ្រើស​រើស ចូរ​ស្តាប់​ព្រះ‌អង្គ​ចុះ»។ 36ពេល​សំឡេង​នោះ​ចប់ គេ​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​មួយ​អង្គ​ប៉ុណ្ណោះ ពួក​គេ​នៅ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។
ព្រះ‌យេស៊ូវ​ប្រោស​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អារក្ស​ចូល​ឲ្យ​ជា
(ម៉ាថាយ ១៧.១៤-១៨ ម៉ាកុស ៩.១៤-២៧)
37នៅ​ថ្ងៃ​បន្ទាប់ ពេល​ចុះ​ពី​ភ្នំ​មក​វិញ មាន​មហា‌ជន​ច្រើន​កុះករ​ចូល​មក​ជួប​ព្រះ‌អង្គ។ 38មាន​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​ប្រជា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ខ្ញុំ​មាន​កូន​តែ​មួយ​នេះ​គត់។ 39វិញ្ញាណ​អាក្រក់​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ និង​ហើម​ជាំ​ពេញ​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក។ 40ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ»។ 41ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ និង​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត? ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ»។ 42ពេល​ក្មេង​នោះ​ដើរ​ចូល​មក អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់​ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​កំហែង​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ។
ព្រះ‌យេស៊ូវ​ប្រកាស​ម្តង​ទៀត​អំពី​ការ​សុគត​របស់​ព្រះ‌អង្គ
(ម៉ាថាយ ១៧.២២-២៣ ម៉ាកុស ៩.៣០-៣២)
43មនុស្ស​ទាំង​អស់​មាន​សេចក្ដី​អស្ចារ្យ​នឹង​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ។ ពេល​គ្រប់​គ្នា​កំពុង​តែ​ស្ញប់​ស្ញែង​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ 44«ចូរ​អ្នក​រាល់​គ្នា​ចាំ​ពាក្យ​ទាំង​នេះ ទុក​នៅ​ក្នុង​ត្រចៀក​ចុះ ដ្បិត​បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក​ហើយ»។ 45ប៉ុន្តែ ពួក​គេ​មិន​បាន​យល់​សេចក្តី​នោះ​ទេ ព្រោះ​ជា​ការ​លាក់​កំបាំង​ដល់​គេ ដើម្បី​មិន​ឲ្យ​គេ​គិត​ឃើញ ហើយ​គេ​ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ពី​សេចក្តី​នោះ​ដែរ។
អ្នក​ដែល​ធំ​ពិត​ប្រាកដ
(ម៉ាថាយ ១៨.១-៥ ម៉ាកុស ៩.៣៣-៣៧)
46ខណៈ​នោះ ពួក​សិស្ស​ជជែក​គ្នា ចង់​ដឹង​ថា​អ្នក​ណា​ដែល​ធំ​ជាង​ក្នុង​ចំណោម​ពួក​គេ។ 47ប៉ុន្តែ កាល​ព្រះ‌យេស៊ូវ​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ ព្រះ‌អង្គ​ក៏​យក​ក្មេង​តូច​មួយ​មក​ដាក់​នៅ​ជិត​ព្រះ‌អង្គ 48ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ក្នុង​នាម​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​ជាង​គេ»។
មាន​អ្នក​ផ្សេង​ទៀត​ដេញ​អារក្ស
49យ៉ូហាន​ទូល​ឆ្លើយ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេញ​អារក្ស ក្នុង​នាម​លោក​គ្រូ តែ​យើង​ខ្ញុំ​បាន​ឃាត់​គាត់ ដោយ​ព្រោះ​គាត់​មិន​បាន​មក​តាម​ព្រះ‌អង្គ​ជា​មួយ​យើង​ខ្ញុំ​ទេ»។ 50ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ»។
ភូមិ​មួយ​ក្នុង​ស្រុក​សាម៉ារី បដិសេធ​មិន​ទទួល​ព្រះ‌យេស៊ូវ
51លុះ​ជិត​ដល់​កំណត់ ដែល​ព្រះ‌អង្គ​ត្រូវ​យាង​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ព្រះ‌អង្គ​តម្រង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង។ 52ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​មួយ​របស់​សាសន៍​សាម៉ារី ដើម្បី​រៀបចំ​ថ្វាយ​ព្រះ‌អង្គ។ 53តែ​អ្នក​ភូមិ​នោះ​មិន​ទទួល​ព្រះ‌អង្គ​ទេ ព្រោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ បែរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។ 54ពេល​យ៉ាកុប និង​យ៉ូហាន ជា​សិស្ស​របស់​ព្រះ‌អង្គ​បាន​ឃើញ​ដូច្នោះ ក៏​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលី‌យ៉ា​បាន​ធ្វើ​ដែរ​ឬ​ទេ?» 55តែ​ព្រះ‌អង្គ​បែរ​ទៅ ហើយ​បន្ទោស​គេ។ 56បន្ទាប់​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ក៏​នាំ​គ្នា​ទៅ​ភូមិ​មួយ​ទៀត។
លក្ខណ​សម្បត្ដិ​របស់​អ្នក​ដែល​ចង់​ដើរ​តាម​ព្រះ‌យេស៊ូវ
(ម៉ាថាយ ៨.១៩-២២)
57កាល​គេ​កំពុង​ទៅ​តាម​ផ្លូវ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ទៅ​តាម​ព្រះ‌អង្គ ទោះ​បើ​ព្រះ‌អង្គ​យាង​ទៅ​ទី​ណា​ក៏​ដោយ»។ 58ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សម្បុក​របស់​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ 59ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «ចូរ​មក​តាម​ខ្ញុំ» អ្នក​នោះ​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូល‌បង្គំ​សិន»។ 60តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​វិញ»។ 61មាន​ម្នាក់​ទៀត​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​តាម​ព្រះ‌អង្គ​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូល‌បង្គំ​សិន»។ 62ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​មើល​ក្រោយ អ្នក​នោះ​មិន​សម​នឹង​ព្រះរាជ្យ​របស់​ព្រះ​ឡើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in