លូកា 19
19
ព្រះយេស៊ូវ និងលោកសាខេ
1ព្រះអង្គបានយាងចូលទៅក្នុងក្រុងយេរីខូរ ហើយយាងកាត់ទីក្រុង។ 2នោះឃើញមានបុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកទារពន្ធ។ 3គាត់ខំរកមើលព្រះយេស៊ូវមានភិនភាគយ៉ាងណា តែមិនឃើញសោះ ដោយព្រោះមានមនុស្សច្រើនពេក ហើយគាត់ក៏តូចទាបផង។ 4ដូច្នេះ គាត់រត់ទៅខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញព្រះយេស៊ូវ ព្រោះព្រះអង្គត្រូវយាងមកតាមផ្លូវនោះ។ 5ពេលព្រះយេស៊ូវយាងមកដល់ទីនោះ ទ្រង់ក៏ងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក»។ 6គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ។ 7ពេលមនុស្សទាំងអស់បានឃើញដូច្នោះ គេរអ៊ូរទាំថា៖ «លោកបានចូលទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សបាប»។ 8ឯសាខេ ក៏ឈរទូលទ្រង់ថា៖ «មើល៍! ព្រះអម្ចាស់អើយ ទូលបង្គំនឹងចែកទ្រព្យទូលបង្គំពាក់កណ្តាល ឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានបំបាត់អ្វីដល់អ្នកណា នោះទូលបង្គំនឹងសងគេមួយជាបួនវិញ»។ 9ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះអ្នកនេះក៏ជាពូជលោកអ័ប្រាហាំដែរ។ 10ដ្បិតកូនមនុស្សបានមក ដើម្បីស្វែងរក ហើយសង្គ្រោះមនុស្សបាត់បង់»។
រឿងប្រៀបធៀបអំពីប្រាក់ណែន
(ម៉ាថាយ ២៥.១៤-៣០)
11កាលគេកំពុងតែស្តាប់សេចក្តីទាំងនេះនៅឡើយ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយថែមទៀត ដោយព្រោះព្រះអង្គយាងជិតដល់ក្រុងយេរូសាឡិមហើយ គេក៏ស្មានថា ព្រះរាជ្យរបស់ព្រះត្រូវលេចមកភ្លាម។ 12ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅស្រុកឆ្ងាយ ដើម្បីទទួលរាជ្យមួយ រួចត្រឡប់មកវិញ។ 13លោកបានហៅពួកបាវបម្រើដប់នាក់ មកប្រគល់ប្រាក់ដប់ណែន ដល់គេ ដោយផ្ដាំថា "ចូរអ្នករាល់គ្នាធ្វើជំនួញ រហូតដល់ខ្ញុំត្រឡប់មកវិញ"។ 14ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់តំណាងម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា "យើងខ្ញុំមិនចង់ឲ្យលោកនេះសោយរាជ្យលើយើងទេ"។ 15ពេលត្រឡប់មកវិញ គឺក្រោយពីបានទទួលរាជ្យនោះហើយ ព្រះរាជាបង្គាប់ឲ្យហៅពួកបាវបម្រើទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីបានចំណេញប៉ុន្មាន។ 16អ្នកទីមួយចូលមក ហើយទូលថា៖ "ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ព្រះអង្គចំណេញបានដប់ណែនទៀត"។ 17ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា៖ "ប្រពៃហើយបាវបម្រើល្អអើយ ដោយព្រោះអ្នកមានចិត្តស្មោះត្រង់នឹងការដ៏តូចនេះ ចូរអ្នកត្រួតលើទីក្រុងដប់ចុះ"។ 18អ្នកទីពីរក៏មកទូលថា "ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ព្រះអង្គបានចំណេញប្រាំណែនទៀត"។ 19ព្រះរាជាមានរាជឱង្ការទៅអ្នកនោះដែរថា "ឯអ្នក ចូរត្រួតលើទីក្រុងប្រាំចុះ"។ 20ម្នាក់ទៀតមកទូលថា "ព្រះអម្ចាស់អើយ នេះនែ៎ប្រាក់ណែនរបស់ព្រះអង្គ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង 21ដ្បិតទូលបង្គំនឹកខ្លាចព្រះអង្គ ព្រោះព្រះអង្គជាមនុស្សប្រិតប្រៀប ព្រះអង្គប្រមូលយករបស់ដែលព្រះអង្គមិនបានដាក់ ហើយច្រូតចម្រូតដែលព្រះអង្គមិនបានសាបព្រោះ"។ 22ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា "នែ៎បាវបម្រើអាក្រក់! យើងនឹងដាក់ទោសអ្នក តាមសម្ដីរបស់អ្នក។ ចុះបើអ្នកថា យើងជាមនុស្សប្រិតប្រៀប ទាំងប្រមូលយកអ្វីដែលយើងមិនបានដាក់ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះ 23ហេតុអ្វីបានជាអ្នកមិនបានយកប្រាក់នោះ ទៅដាក់នៅផ្ទះអ្នកចងការ ដើម្បីនៅពេលយើងត្រឡប់មកវិញ យើងអាចទទួលបានទាំងដើមទាំងការ?" 24ព្រះរាជាបញ្ជាទៅពួកអ្នកដែលឈរនៅមុខលោកថា "ចូរដកយកប្រាក់មួយណែនពីវា ហើយឲ្យដល់អ្នកដែលមានដប់ណែនវិញ"។ 25(អ្នកទាំងនោះទូលព្រះអង្គថា "ព្រះអម្ចាស់អើយ អ្នកនោះមានដប់ណែនហើយ")។ 26"យើងប្រាប់អ្នករាល់គ្នាថា គេនឹងឲ្យដល់អស់អ្នកណាដែលមាន តែអ្នកណាដែលគ្មាន នោះនឹងហូតយកទាំងរបស់ដែលអ្នកនោះមានផង។ 27ប៉ុន្តែ ចំពោះពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យយើងសោយរាជ្យលើគេ ចូរនាំគេមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងនេះចុះ"»។
ព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិម
(ម៉ាថាយ ២១.១-១១ ម៉ាកុស ១១.១-១១ យ៉ូហាន ១២.១២-១៩)
28លុះព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ ព្រះអង្គយាងឆ្ពោះទៅមុខ សំដៅឡើងទៅក្រុងយេរូសាឡិម។
29ពេលព្រះអង្គយាងទៅជិតដល់ភូមិបេតផាសេ និងភូមិបេតថានី នៅក្បែរភ្នំ ហៅថាភ្នំដើមអូលីវហើយនោះ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅ 30ដោយមានព្រះបន្ទូលថា៖ «ត្រូវចូលទៅក្នុងភូមិខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកយកមក។ 31បើអ្នកណាសួរអ្នកថា "ស្រាយវាធ្វើអី?" ត្រូវឆ្លើយថា "ព្រះអម្ចាស់ត្រូវការវា"»។ 32ដូច្នេះ អ្នកដែលព្រះអង្គបានចាត់នោះ ក៏បានឃើញដូចជាព្រះអង្គប្រាប់ពួកគេមែន។ 33ពេលពួកគេកំពុងស្រាយកូនលានោះ ម្ចាស់ក៏សួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» 34គេឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ 35គេក៏ដឹកវាទៅថ្វាយព្រះយេស៊ូវ ហើយក្រាលអាវគេលើខ្នង ថ្វាយទ្រង់គង់។ 36កំពុងដែលព្រះអង្គយាងទៅ ប្រជាជននាំគ្នាយកអាវរបស់ខ្លួនមកក្រាលតាមផ្លូវ។ 37ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។
38គេពោលថា
«សូមស្តេចដែលយាងមក
ក្នុងនាមព្រះអម្ចាស់
ទ្រង់ប្រកបដោយព្រះពរ
សូមសេចក្ដីសុខសាន្តនៅស្ថានសួគ៌
និងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត!» ។
39មានពួកផារិស៊ីខ្លះ ដែលនៅក្នុងចំណោមមនុស្ស គេទូលព្រះអង្គថា៖ «លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង»។ 40ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងជំនួសវិញ»។
ព្រះយេស៊ូវព្រះកន្សែងនឹងក្រុងយេរូសាឡិម
41កាលព្រះអង្គយាងទៅជិតដល់ ទតឃើញទីក្រុងហើយ នោះទ្រង់ក៏ព្រះកន្សែងនឹងក្រុងនោះថា៖ 42«ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី សម្រាប់ឲ្យឯងបានសុខសាន្ត! ប៉ុន្តែ ឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងពីភ្នែកឯងហើយ។ 43ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវឯងគ្រប់ទិស 44គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។
ព្រះយេស៊ូវសម្អាតព្រះវិហារ
(ម៉ាថាយ ២១.១២-១៧ ម៉ាកុស ១១.១៥-១៩ យ៉ូហាន ២.១៣-២២)
45បន្ទាប់មក ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយចាប់ផ្ដើមដេញពួកអ្នកលក់ដូរចេញ 46ដោយមានព្រះបន្ទូលថា៖ «មានសេចក្តីចែងទុកមកថា "ដំណាក់របស់យើងជាទីសម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានយកធ្វើជារោងចោរទៅវិញ» ។
47ព្រះអង្គបង្រៀនក្នុងព្រះវិហាររាល់ថ្ងៃ។ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកអ្នកធំ ក្នុងចំណោមប្រជាជន គេខំនាំគ្នាស្វែងរកឱកាសដើម្បីធ្វើគុតព្រះអង្គ 48ប៉ុន្តែ គេរកធ្វើអ្វីមិនបានសោះ ព្រោះប្រជាជនកំពុងស្តាប់ព្រះអង្គដោយយកចិត្តទុកដាក់ខ្លាំងណាស់។
Currently Selected:
លូកា 19: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies