លូកា 17
17
ឱវាទខ្លះរបស់ព្រះយេស៊ូវ
(ម៉ាថាយ ១៨.៦-៧, ២១-២២ ម៉ាកុស ៩.៤២)
1ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា «សេចក្តីល្បួងដែលនាំឲ្យធ្វើបាបប្រាកដជាត្រូវមក តែវេទនាដល់អ្នកណាដែលបង្កើតហេតុនោះឡើង។ 2ប្រសិនបើគេយកថ្មត្បាល់កិនយ៉ាងធំ ទៅចងកអ្នកនោះ ទម្លាក់ចុះទៅក្នុងសមុទ្រ នោះមានប្រយោជន៍ដល់អ្នកនោះ ជាជាងទុកឲ្យនៅធ្វើហេតុនាំឲ្យកូនតូចណាមួយរវាតចិត្ត។ 3ចូរប្រយ័ត្នខ្លួន! ប្រសិនបើមានបងប្អូនធ្វើបាបនឹងអ្នក អ្នកត្រូវបន្ទោសដល់គាត់ ហើយបើគាត់ប្រែចិត្តមក ចូរអត់ទោសឲ្យគាត់ទៅ។ 4ប្រសិនបើគាត់ធ្វើបាបនឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នកប្រាំពីរដងថា "ខ្ញុំប្រែចិត្ត" នោះចូរអត់ទោសឲ្យគាត់ទៅ»។
5ដូច្នេះ ពួកសាវកទូលព្រះអម្ចាស់ថា៖ «សូមទ្រង់ចម្រើនជំនឿដល់យើងខ្ញុំផង!» 6ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿដូចគ្រាប់ពូជមួយយ៉ាងល្អិត នោះអ្នកអាចនិយាយទៅដើមមននេះថា "ចូរឯងរលើងឫសទៅដុះក្នុងសមុទ្រទៅ!" នោះវានឹងស្តាប់បង្គាប់អ្នកមិនខាន»។
7«ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលចៀម ពេលបាវបម្រើនោះត្រឡប់ពីស្រែមកវិញ តើអ្នកនឹងនិយាយថា "សូមមកអង្គុយនៅតុអាហារ" ឬ? 8តើមិននិយាយយ៉ាងនេះវិញទេថា "ចូររៀបចំអាហារ ហើយក្រវាត់ចង្កេះមកបម្រើយើងបរិភោគជាមុនសិន រួចសឹមឯងស៊ីតាមក្រោយ" ទេឬ? 9តើចៅហ្វាយដឹងគុណបាវបម្រើនោះ ដោយព្រោះគេធ្វើតាមបង្គាប់ឬ? 10អ្នករាល់គ្នាក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូក ហើយ នោះត្រូវរាប់ថា "យើងជាបាវបម្រើឥតកម្រៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ"»។
ព្រះយេស៊ូវប្រោសមនុស្សឃ្លង់ដប់នាក់ឲ្យជា
11ពេលព្រះយេស៊ូវកំពុងយាងឡើងទៅក្រុងយេរូសាឡិម នោះក៏យាងតាមព្រំដែនស្រុកសាម៉ារី និងស្រុកកាលីឡេ។ 12កំពុងតែយាងចូលទៅក្នុងភូមិមួយ នោះមានមនុស្សឃ្លង់ដប់នាក់បានជួបព្រះអង្គ។ គេឈរពីចម្ងាយ 13ស្រែកទូលថា៖ «ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង»។ 14ពេលព្រះអង្គទតឃើញក៏មានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួន ឲ្យពួកសង្ឃពិនិត្យមើលចុះ»។ លុះកំពុងតែដើរទៅ នោះគេក៏បានជាស្អាតទាំងអស់គ្នា។ 15មានម្នាក់ក្នុងចំណោមពួកគេ ពេលឃើញថាខ្លួនបានជាហើយ ក៏វិលមកវិញ ទាំងសរសើរតម្កើងព្រះដោយសំឡេងខ្លាំងៗ 16ហើយគាត់ក្រាបចុះមុខដល់ដី នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណព្រះអង្គ។ អ្នកនោះជាសាសន៍សាម៉ារី។ 17ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «តើមិនបានជាស្អាតទាំងដប់នាក់ទេឬ? ចុះប្រាំបួននាក់ទៀតនៅឯណា? 18តើមានតែសាសន៍ដទៃម្នាក់នេះទេឬ ដែលវិលមកសរសើរតម្កើងព្រះ»? 19រួចព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរក្រោកឡើងទៅចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
ទីសម្គាល់អំពីព្រះរាជ្យរបស់ព្រះ
(ម៉ាថាយ ២៤.២៣-២៨, ៣៧-៤១)
20ពួកផារិស៊ីទូលសួរព្រះយេស៊ូវអំពីព្រះរាជ្យរបស់ព្រះ ដែលត្រូវមកដល់នៅវេលាណា ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះរាជ្យរបស់ព្រះមិនមែនមកបែបឲ្យមនុស្សមើលឃើញទេ 21គ្មានអ្នកណាដឹងថា "មើល៍! នៅទីនេះ" ឬថា "មើល៍! នៅទីនោះបានឡើយ" ដ្បិតព្រះរាជ្យរបស់ព្រះស្ថិតនៅកណ្តាលចំណោមអ្នករាល់គ្នាហើយ»។
22ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «នឹងមានគ្រាមកដល់ ដែលអ្នករាល់គ្នាទន្ទឹងចង់ឃើញថ្ងៃមួយរបស់កូនមនុស្ស តែនឹងមិនឃើញឡើយ។ 23គេនឹងប្រាប់អ្នករាល់គ្នាថា "មើល៍! នៅទីនេះ" ឬថា "មើល៍! នៅទីនោះ" កុំឲ្យចេញទៅតាមគេឲ្យសោះ។ 24ដ្បិតនៅថ្ងៃកូនមនុស្សនឹងយាងមក ប្រៀបដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីជើងមេឃម្ខាង ដល់ជើងមេឃម្ខាង។ 25ប៉ុន្តែ លោកត្រូវរងទុក្ខលំបាកជាច្រើនមុនសិន និងត្រូវមនុស្សជំនាន់នេះបោះបង់លោកចោលផង។ 26នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ។ 27ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក ជប់លៀង រៀបការប្តីប្រពន្ធ មកទល់នឹងថ្ងៃលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកជំនន់ក៏មកលិចបំផ្លាញគេគ្រប់គ្នាអស់ទៅ ។ 28ក៏ដូចជានៅជំនាន់លោកឡុត ដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ 29រហូតដល់ថ្ងៃលោកឡុតចាកចេញពីក្រុងសូដុម នោះមានភ្លៀង ជាភ្លើង និងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមកបំផ្លាញគេទាំងអស់គ្នាទៅ។ 30នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានយ៉ាងដូច្នោះដែរ។ 31នៅថ្ងៃនោះ បើអ្នកណានៅលើដំបូល ហើយមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ កុំចុះទៅយកឡើយ ហើយអ្នកណាដែលនៅចម្ការក៏ដូច្នោះដែរ កុំត្រឡប់មកវិញឲ្យសោះ។ 32ចូរនឹកចាំពីប្រពន្ធរបស់លោកឡុត 33អ្នកណាដែលខំរក្សាជីវិតឲ្យរួចផុតភ័យ នោះនឹងបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិត នោះនឹងបានគង់នៅវិញ។ 34ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានមនុស្សពីរនាក់ដេកនៅដំណេកជាមួយគ្នា ម្នាក់នឹងបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។ 35បើមានស្ត្រីពីរនាក់ កិនម្សៅជាមួយគ្នា ម្នាក់នឹងបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។ 36[បើមានមនុស្សពីរនាក់នៅចម្ការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ] »។ 37នោះគេទូលសួរថា៖ «ព្រះអម្ចាស់អើយ តើនៅឯណា?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «សាកសពនៅកន្លែងណា ត្មាតនឹងប្រជុំគ្នានៅទីនោះ»។
Currently Selected:
លូកា 17: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies