YouVersion Logo
Search Icon

លេវី‌វិន័យ 7

7
1នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង ជា​របស់​បរិសុទ្ធ​បំផុត 2គឺ​ត្រូវ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ​វិញ​លើ​អាសនា។ 3ត្រូវ​ថ្វាយ​ខ្លាញ់​ទាំង​អស់ គឺ​កន្ទុយ និង​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង 4ព្រម​ទាំង​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។ 5រួច​សង្ឃ​ត្រូវ​ដុត​ថ្វាយ​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​តង្វាយ​សម្រាប់​ថ្វាយ ដោយ​ព្រោះ​ការ​រំលង។ 6អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។
7ឯ​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​តង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​មួយ​សម្រាប់​តង្វាយ​ទាំង​ពីរ​យ៉ាង សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​តង្វាយ​នោះ។ 8ឯ​សង្ឃ​ណា​ដែល​ថ្វាយ​តង្វាយ​ដុត​របស់​អ្នក​ណា សង្ឃ​នោះ​ត្រូវ​បាន​ស្បែក​របស់​សត្វ​ដែល​ខ្លួន​បាន​ដុត​ថ្វាយ ទុក​ជា​របស់​ខ្លួន។ 9អស់​ទាំង​តង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​ចម្អិន​នៅ​ក្នុង​ឡ ចៀន​នឹង​ខ្ទះ ឬ​ដុត​ក្នុង​ពុម្ព នោះ​នឹង​ត្រូវ​បាន​ចំពោះ​សង្ឃ​ដែល​ជា​អ្នក​ថ្វាយ។ 10ប៉ុន្តែ គ្រប់​ទាំង​តង្វាយ​ម្សៅ​លាយ​នឹង​ប្រេង​ឬ​ទទេ នោះ​ត្រូវ​បាន​ជា​របស់​ពួក​កូន​អើរ៉ុន​គ្រប់​គ្នា​វិញ»។
ការ​ថ្វាយ​តង្វាយ​មេត្រី
11នេះ​ជា​របៀប​ថ្វាយ​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី ថ្វាយ​ព្រះ‌យេហូវ៉ា។ 12បើ​អ្នក​ណា​ថ្វាយ​តង្វាយ​ដោយ​អរ​ព្រះ‌គុណ នោះ​ត្រូវ​យក​នំ​ឥត​ដំបែ​លាយ​ដោយ​ប្រេង ហើយ​នំ​ក្រៀប​ឥត​ដំបែ​លាយ​ដោយ​ប្រេង និង​នំ​ចៀន​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ដោយ​ប្រេង មក​ថ្វាយ​ជា​មួយ​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​អរ​ព្រះ‌គុណ 13ហើយ​ត្រូវ​យក​នំបុ័ង​មាន​ដំបែ​មក​ថែម​នឹង​នំ​ទាំង​នោះ សម្រាប់​ជា​តង្វាយ​របស់​ខ្លួន ត្រូវ​ថ្វាយ​ទាំង​អស់​ជា​មួយ​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី ដែល​ថ្វាយ​ទុក​ជា​សេចក្ដី​អរ​ព្រះ‌គុណ។ 14ត្រូវ​យក​នំ​មួយ ពី​រាល់​តែ​តង្វាយ​យ៉ាង​នោះ សម្រាប់​ជា​តង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា នំ​នោះ​ត្រូវ​បាន​ជា​របស់​សង្ឃ​ណា​ដែល​ប្រោះ​ឈាម​តង្វាយ​មេត្រី។ 15ឯ​សាច់​នៃ​យញ្ញ‌បូជា​របស់​តង្វាយ​មេត្រី ដែល​សម្រាប់​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ត្រូវ​បរិ‌ភោគ​ក្នុង​ថ្ងៃ​ដែល​បាន​ថ្វាយ​នោះ​ឯង មិន​ត្រូវ​ទុក​ឲ្យ​ដល់​ភ្លឺ​ឡើយ។ 16ប៉ុន្តែ បើ​យញ្ញ‌បូជា​នោះ​ជា​តង្វាយ​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​វិញ នោះ​ត្រូវ​បរិ‌ភោគ​ក្នុង​ថ្ងៃ​ដែល​ថ្វាយ​នោះ ហើយ​ដល់​ស្អែក ក៏​នឹង​បរិ‌ភោគ​អ្វី​ដែល​នៅ​សល់​បាន​ដែរ។ 17ឯ​របស់​អ្វី​ដែល​សល់​ពី​សាច់​នៃ​យញ្ញ‌បូជា​ក្នុង​ថ្ងៃ​ទី​បី នោះ​ត្រូវ​ដុត​ក្នុង​ភ្លើង​ទៅ។ 18បើ​អ្នក​ណា​បរិ‌ភោគ​សាច់​នៃ​យញ្ញ‌បូជា​ជា​តង្វាយ​មេត្រី​របស់​ខ្លួន​ក្នុង​ថ្ងៃ​ទី​បី យញ្ញ‌បូជា​នោះ​ឈ្មោះ​ថា ព្រះ​មិន​បាន​ទទួល​ទេ គឺ​ទុក​ដូច​ជា​មិន​បាន​ថ្វាយ​វិញ តង្វាយ​នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​គួរ​ស្អប់​ខ្ពើម អស់​អ្នក​ណា​ដែល​បរិ‌ភោគ នោះ​នឹង​ត្រូវ​មាន​ទោស​ដែរ។
19សាច់​ណា​ដែល​ប៉ះ​ពាល់​នឹង​របស់​អ្វី​មិន​ស្អាត នោះ​មិន​ត្រូវ​បរិ‌ភោគ​ឡើយ ត្រូវ​តែ​ដុត​ក្នុង​ភ្លើង​វិញ តែ​សាច់​ណា​ដែល​ស្អាត នោះ​អ្នក​ដែល​បរិសុទ្ធ​នឹង​បរិ‌ភោគ​បាន។ 20បើ​អ្នក​ណា​ដែល​ជាប់​មាន​សេចក្ដី​សៅ‌ហ្មង​នៅ​ខ្លួន បាន​បរិ‌ភោគ​សាច់​នៃ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ដែល​ជា​របស់​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​ខ្លួន។ 21បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​មិន​ស្អាត​អ្វី​ក៏​ដោយ ទោះ​បើ​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ឬ​របស់​សត្វ​ដែល​មិន​ស្អាត ឬ​របស់​ស្មោក‌គ្រោក​ណា​មួយ​ដែល​គួរ​ខ្ពើម​ឆ្អើម រួច​នឹង​បរិ‌ភោគ​សាច់​នៃ​យញ្ញ‌បូជា​តង្វាយ​មេត្រី​របស់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។
22ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 23«ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា "កុំ​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ​ខ្លាញ់​គោ ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ឡើយ 24ឯ​ខ្លាញ់​សត្វ​ណា​ដែល​ស្លាប់​ឯង ឬ​ត្រូវ​សត្វ​ព្រៃ​ហែក‌ហួរ នោះ​នឹង​ប្រើ​ធ្វើ​ការ​អ្វី​ផ្សេង​ក៏​បាន តែ​មិន​ត្រូវ​បរិ‌ភោគ​ឡើយ។ 25ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​ខ្លាញ់​របស់​សត្វ ជា​សត្វ​ដែល​មនុស្ស​តែង​ធ្លាប់​យក​មក​ថ្វាយ ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។ 26ហើយ​មិន​ត្រូវ​បរិ‌ភោគ​ឈាម​យ៉ាង​ណា​នៅ​ក្នុង​ទី​លំ‌នៅ​របស់​អ្នក​រាល់​គ្នា​ណា​មួយ​ឡើយ ទោះ​ទាំង​ឈាម​របស់​សត្វ​ហើរ ឬ​ឈាម​នៃ​សត្វ​ជើង​បួន​ក្តី។ 27អ្នក​ណា​ដែល​បរិ‌ភោគ​ឈាម​អ្វី​ក៏​ដោយ អ្នក​នោះ​នឹង​ត្រូវ​កាត់​កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន"»។
28ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 29«ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា "អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​មួយ​ផ្នែក​ពី​យញ្ញ‌បូជា​នោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា 30ដៃ​អ្នក​នោះ​ត្រូវ​យក​តង្វាយ​ដែល​សម្រាប់​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​មក គឺ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​ទ្រូង​មក ដើម្បី​ឲ្យ​បាន​គ្រវី​ទ្រូង​នោះ​ទុក​ជា​តង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 31រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ខ្លាញ់​នៅ​លើ​អាសនា តែ​ឯ​ទ្រូង​នោះ ត្រូវ​ជា​របស់​លោក​អើរ៉ុន និង​ពួក​កូន​លោក។ 32ឯ​ស្មា​ស្តាំ​នៃ​អស់​ទាំង​យញ្ញ‌បូជា ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ជា​តង្វាយ​មេត្រី នោះ​ត្រូវ​ប្រគល់​ដល់​សង្ឃ​ទុក​ជា​តង្វាយ​លើក​ចុះ​ឡើង។ 33អ្នក​ណា​ក្នុង​ពួក​កូន​លោក​អើរ៉ុន​ដែល​ថ្វាយ​ឈាម និង​ខ្លាញ់​នៃ​តង្វាយ​មេត្រី នោះ​ត្រូវ​បាន​ស្មា​ស្តាំ​ជា​ចំណែក​ដល់​ខ្លួន។ 34ដ្បិត​យើង​បាន​ញែក​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​លើក​ចុះ​ឡើង​នោះ​ចេញ​ពី​យញ្ញ‌បូជា ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​តង្វាយ​មេត្រី ប្រគល់​ដល់​លោក​អើរ៉ុន និង​ពួក​កូន​លោក​ទុក​ជា​ចំណែក​ដល់​គេ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​អស់‌កល្ប​ជា‌និច្ច​ហើយ។ 35នេះ​ហើយ​ជា​ចំណែក​របស់​លោក​អើរ៉ុន និង​ជា​ចំណែក​របស់​ពួក​កូន​លោក ពី​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​តាំង​គេ​ឲ្យ​បម្រើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ត​ទៅ។ 36គឺ​ជា​ចំណែក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប្រគល់​ដល់​គេ នៅ​ថ្ងៃ​ដែល​បាន​ចាក់​លាប​ប្រេង​តាំង​ឡើង នេះ​ហើយ​ជា​ចំណែក​របស់​គេ​នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​របស់​គេ​ត​រៀង​ទៅ"»។
37ច្បាប់​ទាំង​នេះ​ហើយ ជា​របៀប​ថ្វាយ​តង្វាយ​ដុត តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង តង្វាយ​តាំង​ជា​សង្ឃ និង​យញ្ញ‌បូជា​ជា​តង្វាយ​មេត្រី 38ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ឲ្យ​បាន​ថ្វាយ​តង្វាយ​គេ​ដល់​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for លេវី‌វិន័យ 7