YouVersion Logo
Search Icon

លេវី‌វិន័យ 6

6
1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«បើ​អ្នក​ណា​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​កុហក​ដល់​អ្នក​ជិត​ខាង​ខ្លួន​ពី​របស់​អ្វី​ដែល​គេ​បាន​ផ្ញើ​ទុក ឬ​បញ្ចាំ​នៅ​ដៃ​ខ្លួន ឬ​ដែល​ខ្លួន​បាន​លួច ឬ​ដែល​បាន​សង្កត់‌សង្កិន​ដល់​អ្នក​ជិត​ខាង 3ឬ​បាន​រើស​របស់​ដែល​គេ​បាត់ ហើយ​កុហក​ថា មិន​ឃើញ ឬ​ស្បថ​កុហក​ក្នុង​សេចក្ដី​ណា​មួយ​នេះ ដែល​មនុស្ស​តែង​ប្រព្រឹត្ត​ទាំង​ធ្វើ​បាប​ដូច្នោះ 4បើ​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​មាន​ទោស​ដូច្នោះ នោះ​ត្រូវ​សង​របស់​ដែល​ខ្លួន​បាន​លួច បាន​កំហែង​យក ដែល​គេ​បាន​ផ្ញើ​ទុក​នឹង​ខ្លួន ឬ​របស់​បាត់​ដែល​ខ្លួន​បាន​ឃើញ 5និង​របស់​អ្វី​ដែល​ខ្លួន​ប្រកែក ដោយ​ស្បថ​កុហក​ថា មិន​បាន​ដឹង គឺ​ត្រូវ​សង​ទាំង​អស់ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ ដល់​ម្ចាស់​របស់​នោះ ក្នុង​ថ្ងៃ​ដែល​ឃើញ​ថា មាន​ទោស​ដូច្នោះ។ 6ត្រូវ​យក​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង​របស់​ខ្លួន មក​ប្រគល់​ដល់​សង្ឃ សម្រាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ ទុក​ជា​តង្វាយ​ដោយ​ព្រោះ​ការ​រំលង។ 7បន្ទាប់​មក សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​អ្នក​នោះ​នឹង​រួច​ចាក​ទោស ចំពោះ​ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​មាន​ទោស​ដោយ​ប្រព្រឹត្ត​នោះ»។
ព្រះ‌បន្ទូល​ស្តីពី​ការ​ថ្វាយ​តង្វាយ​ដុត
8 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 9«ចូរ​បង្គាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដុត គឺ​តង្វាយ​នេះ​ត្រូវ​តែ​នៅ​លើ​អាសនា​ពេញ​មួយ​យប់​ទាល់​ព្រឹក ហើយ​ភ្លើង​ដែល​នៅ​លើ​អាសនា​ក៏​ត្រូវ​តែ​ឆេះ​នៅ​ជា‌និច្ច​ដែរ។ 10សង្ឃ​ត្រូវ​ពាក់​អាវ​ខ្លូត​ទេស ហើយ​ស្លៀក​ខោ​ខ្លូត​ទេស ទៅ​កើប​ផេះ​ដែល​ភ្លើង​បាន​ឆេះ​តង្វាយ​នៅ​លើ​អាសនា ហើយ​ដាក់​នៅ​ក្បែរ​អាសនា​សិន។ 11រួច​ដោះ​សម្លៀក‌បំពាក់​នោះ​ចេញ ស្លៀក‌ពាក់​បន្លាស់​ផ្សេង​ទៀត យក​ផេះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចាក់​នៅ​កនែ្លង​ស្អាត។ 12ឯ​ភ្លើង​នៅ​លើ​អាសនា នោះ​ត្រូវ​តែ​ឆេះ​នៅ​ជា‌និច្ច​ឥត​រលត់​ឡើយ រាល់​តែ​ព្រឹក​សង្ឃ​ត្រូវ​ដាក់​ឧស​នៅ​លើ​នោះ រួច​រៀប​តង្វាយ​ដុត​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​តង្វាយ​មេត្រី​ផង។ 13ត្រូវ​តែ​មាន​ភ្លើង​ឆេះ​នៅ​ជា‌និច្ច​លើ​អាសនា មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។
14នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ម្សៅ គឺ​ពួក​កូន​លោក​អើរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​លើ​អាសនា​ប៉ែក​ខាង​មុខ។ 15ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ក្តាប់​ជា​មួយ​ប្រេង​ខ្លះ និង​កំញាន​ដែល​នៅ​លើ​តង្វាយ​ម្សៅ​នោះ​ដុត​ទាំង​អស់ សម្រាប់​ជា​ក្លិន​ឈ្ងុយ​នៅ​លើ​អាសនា ទុក​ជា​ទី​រំឭក​ដល់​ព្រះ‌យេហូវ៉ា។ 16ឯ​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​សល់​នៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​បរិ‌ភោគ​ដោយ​ឥត​មាន​ដំបែ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​ត្រូវ​បរិ‌ភោគ​នៅ​ទី​លាន​ត្រសាល​ជំនុំ។ 17មិន​ត្រូវ​ចម្អិន​ម្សៅ​នោះ ដោយ​លាយ​នឹង​ដំបែ​ឡើយ យើង​បាន​ឲ្យ​ម្សៅ​នោះ ទុក​ជា​ចំណែក​របស់​គេ​ពី​តង្វាយ​ដែល​ដុត​ថ្វាយ​យើង នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត ដូច​ជា​តង្វាយ​សម្រាប់​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ។ 18អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ត្រូវ​បរិ‌ភោគ​តង្វាយ​ម្សៅ​នោះ​ទុក​ជា​ចំណែក​ដល់​ខ្លួន ពី​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​តំណ​ត​រៀង​ទៅ ឯ​អស់​អ្នក​ណា​ដែល​ពាល់​តង្វាយ​ទាំង​នោះ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ»។
19ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 20«នេះ​ជា​តង្វាយ​ដែល​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​ថ្ងៃ​ដែល​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ត្រូវ​ថ្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង សម្រាប់​តង្វាយ​ម្សៅ ដែល​ថ្វាយ​នៅ​ជា‌និច្ច ត្រូវ​ថ្វាយ​ពាក់​កណ្ដាល​ក្នុង​ពេល​ព្រឹក ហើយ​ពាក់​កណ្ដាល​ក្នុង​ពេល​ល្ងាច។ 21ត្រូវ​ធ្វើ​តង្វាយ​នោះ​លាយ​នឹង​ប្រេង​ចាក់​ចុះ​ក្នុង​ពុម្ព ត្រូវ​លាយ​ឲ្យ​សព្វ ជា​តង្វាយ​ម្សៅ​ដែល​បាន​ចម្អិន​ជា​ដុំៗ ហើយ​ត្រូវថ្វាយ​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ 22ឯ​សង្ឃ​ណា​ដែល​រើស​ពី​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ហើយ​ចាក់​ប្រេង​តាំង​ឡើង​ជំនួស​លោក គឺ​សង្ឃ​នោះ​ហើយ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​នោះ នេះ​ជា​ច្បាប់​សម្រាប់​អស់‌កល្ប​ជា‌និច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឯ​តង្វាយ​នោះ​ត្រូវ​ដុត​ទៅ​ទាំង​អស់។ 23គ្រប់​ទាំង​តង្វាយ​ម្សៅ​ដែល​ពួក​សង្ឃ​ថ្វាយ នោះ​ត្រូវ​តែ​ដុត​ទាំង​អស់ មិន​ត្រូវ​បរិ‌ភោគ​ឡើយ»។
24ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 25«ចូរ​ប្រាប់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដែល​សម្រាប់​លោះ​បាប គឺ​ត្រូវ​តែ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ តង្វាយ​នោះ​ជា​បរិសុទ្ធ​បំផុត។ 26សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ដោយ​ព្រោះ​បាប នោះ​ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​លាន​ត្រសាល​ជំនុំ។ 27អ្វីៗ​ដែល​ប៉ះ​ពាល់​នឹង​សាច់​នោះ ក៏​ត្រូវ​បរិសុទ្ធ​ដែរ ហើយ​បើ​កាល​ណា​ឈាម​តង្វាយ​នោះ​ខ្ទាត​ទៅ​លើ​អាវ​ណា ត្រូវ​លាង​អាវ​ដែល​ប្រឡាក់​នោះ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ។ 28ប៉ុន្តែ ថ្លាង​ណា​ដែល​ប្រើ​ស្ងោរ​សាច់​នោះ ត្រូវ​តែ​បំបែក​ចោល ឬ​បើ​ជា​ឆ្នាំង​លង្ហិន​វិញ នោះ​ត្រូវ​តែ​ដុស​លាង​សម្អាត​ក្នុង​ទឹក​ចេញ។ 29ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។ 30ប៉ុន្តែ តង្វាយ​លោះ​បាប​ដែល​បាន​យក​ឈាម​ទៅ​ក្នុង​ត្រសាល​ជំនុំ ឲ្យ​បាន​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិ‌ភោគ​ឡើយ គឺ​ត្រូវ​តែ​ដុត​ក្នុង​ភ្លើង ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for លេវី‌វិន័យ 6