លេវីវិន័យ 25
25
ឆ្នាំសប្ប័ទ
1ព្រះយេហូវ៉ាបង្គាប់ដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងឲ្យដល់អ្នក នោះដីនៅស្រុកនោះត្រូវមានពេលឈប់សម្រាកថ្វាយព្រះយេហូវ៉ា 3គឺអ្នករាល់គ្នាត្រូវសាបព្រោះនៅស្រែអ្នក ហើយថែរក្សាចម្ការទំពាំងបាយជូររបស់អ្នកអស់ប្រាំមួយឆ្នាំ ព្រមទាំងប្រមូលផលផ្លែផង។ 4ប៉ុន្តែ ដល់ឆ្នាំទីប្រាំពីរ នោះជាឆ្នាំសប្ប័ទ ឲ្យដីបានសម្រាកវិញ គឺជាឆ្នាំសប្ប័ទថ្វាយព្រះយេហូវ៉ា មិនត្រូវធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់អ្នកឡើយ។ 5ឯមួរស្រូវដែលដុះពីចម្រូតមុន នោះអ្នកមិនត្រូវច្រូតទេ ក៏មិនត្រូវបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ដែរ នោះគឺជាឆ្នាំឈប់សម្រាកសម្រាប់ស្រុកអ្នក។ 6ឆ្នាំសប្ប័ទនៅស្រុកអ្នកនឹងចម្រើនជាអាហារដល់អ្នក ដល់អ្នកបម្រើប្រុសស្រីរបស់អ្នក ជើងឈ្នួល និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នក 7ព្រមទាំងហ្វូងសត្វ និងអស់ទាំងសត្វដែលនៅក្នុងស្រុកអ្នកផង ផលចម្រើននោះនឹងបានសម្រាប់ជាអាហារ»។
ឆ្នាំប្រោសលោះ
8«អ្នករាល់គ្នាត្រូវរាប់ឆ្នាំសប្ប័ទប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង ដើម្បីឲ្យបានគ្រប់សែសិបប្រាំបួនឆ្នាំ។ 9ពេលនោះ ត្រូវផ្លុំត្រែឲ្យឮរំពង នៅថ្ងៃទីដប់ ក្នុងខែទីប្រាំពីរ ដែលត្រូវនឹងថ្ងៃបុណ្យរំដោះបាប ត្រូវផ្លុំត្រែឲ្យឮពាសពេញក្នុងស្រុករបស់អ្នកទាំងមូល។ 10អ្នករាល់គ្នាត្រូវញែកឆ្នាំទីហាសិបនោះទុកជាបរិសុទ្ធ ហើយប្រកាសសេរីភាពដល់មនុស្សទាំងអស់នៅក្នុងស្រុក ឆ្នាំនោះជាឆ្នាំប្រោសលោះដល់អ្នករាល់គ្នា អ្នករាល់គ្នានឹងត្រឡប់ទៅនៅលើដីកម្មសិទ្ធិរបស់អ្នករាល់គ្នារៀងខ្លួន ហើយត្រឡប់ទៅជួបជុំញាតិសន្តានរបស់ខ្លួនវិញ។ 11ឆ្នាំទីហាសិបនោះនឹងបានជាឆ្នាំប្រោសលោះដល់អ្នករាល់គ្នា ក្នុងឆ្នាំនោះ អ្នកមិនត្រូវសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះ ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ។ 12ដ្បិតនោះជាឆ្នាំប្រោសលោះ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់អ្នករាល់គ្នា ហើយអ្នកនឹងបរិភោគផលពីស្រែចម្ការ។
13នៅឆ្នាំប្រោសលោះ អ្នករាល់គ្នាត្រូវត្រឡប់ទៅនៅដីរបស់អ្នករៀងខ្លួន។ 14បើកាលណាអ្នកលក់របស់អ្វីឲ្យអ្នកជិតខាងអ្នក ឬទិញអ្វីពីអ្នកជិតខាងអ្នកមក នោះមិនត្រូវបំបាត់គ្នាទៅវិញទៅមកឡើយ។ 15ត្រូវឲ្យទិញពីអ្នកជិតខាងអ្នក រាប់តាមចំនួនឆ្នាំ ក្រោយឆ្នាំសោមនស្សនោះ ហើយគេនឹងលក់ឲ្យអ្នក ដោយរាប់តាមចំនួនរដូវចម្រូតដែរ។ 16បើនៅមានច្រើនឆ្នាំទៅទៀត នោះអ្នកត្រូវបង្កើនថ្លៃឡើង តែបើនៅសល់តិចឆ្នាំវិញ នោះត្រូវបន្ថយថ្លៃចុះតាមចំនួនឆ្នាំតិចច្រើនទាំងនោះ គឺជាចំនួនចម្រូតទេដែលគេលក់ឲ្យអ្នក 17អ្នករាល់គ្នាមិនត្រូវបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះរបស់អ្នកវិញ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
18ដូច្នេះ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់យើង ហើយរក្សាសេចក្ដីបញ្ញត្តិរបស់យើងទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះអ្នករាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត 19ហើយស្រុកនឹងបង្កើតផលឲ្យអ្នករាល់គ្នាបានបរិភោគឆ្អែត អ្នករាល់គ្នានឹងបាននៅដោយសុខសាន្ត។ 20បើអ្នករាល់គ្នាសួរថា មើល៍ ក្នុងឆ្នាំទីប្រាំពីរនេះ យើងមិនសាបព្រោះ ឬប្រមូលផលអ្វីរបស់យើងសោះ ដូច្នេះ តើយើងរាល់គ្នានឹងបានអ្វីបរិភោគ? 21នោះគឺយើងនឹងផ្តល់ពររបស់យើងដល់អ្នករាល់គ្នានៅឆ្នាំទីប្រាំមួយ នៅឆ្នាំនោះនឹងបង្កើតផលឲ្យល្មមគ្រប់បីឆ្នាំវិញ 22រួចដល់ឆ្នាំទីប្រាំបី អ្នករាល់គ្នាត្រូវសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ អ្នករាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។ 23មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់អញ អ្នករាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅជាមួយអញប៉ុណ្ណោះទេ 24ហើយនៅក្នុងស្រុកដែលជាកេរអាករអ្នករាល់គ្នាទាំងប៉ុន្មាននោះ ត្រូវបើកច្បាប់ឲ្យលោះដីមកវិញបាន។
25ប្រសិនបើបង ឬប្អូនអ្នកធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ 26បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន 27នោះត្រូវរាប់ចាប់តាំងពីប៉ុន្មានឆ្នាំដែលលក់ដីនោះមក ហើយត្រូវបង្វិលប្រាក់ដែលសល់នៅប្រគល់ដល់អ្នកដែលទិញ រួចម្ចាស់ដីនឹងទៅនៅឯដីរបស់ខ្លួនវិញ 28បើអ្នកនោះគ្មានអ្វីល្មមនឹងលោះយកបានទេ នោះដីដែលបានលក់ទៅ នឹងនៅក្នុងកណ្ដាប់ដៃនៃអ្នកដែលបានទិញ ដរាបដល់ឆ្នាំសោមនស្ស លុះដល់ឆ្នាំសោមនស្សហើយ ដីនោះត្រូវត្រឡប់ទៅម្ចាស់ដើមវិញ រួចគាត់នឹងទៅនៅឯដីរបស់ខ្លួនបាន។
29បើមនុស្សណាលក់ផ្ទះនៅក្នុងទីក្រុងដែលមានកំផែង នោះមានច្បាប់លោះមកវិញក្នុងរវាងមួយឆ្នាំ រាប់តាំងពីថ្ងៃដែលបានលក់មក គឺនៅវេលាពេញមួយឆ្នាំ គេមានច្បាប់លោះមកវិញបាន 30បើមិនបានលោះវិញក្នុងរវាងមួយឆ្នាំនោះទេ ផ្ទះដែលនៅក្នុងទីក្រុងមានកំផែងនោះ នឹងបានដាច់ជារបស់អ្នកដែលទិញ ជាដរាបអស់ទាំងតំណតរៀងទៅ លុះដល់ឆ្នាំសោមនស្ស ផ្ទះនោះមិនបានមកវិញទេ 31ឯផ្ទះទាំងប៉ុន្មានដែលនៅអស់ទាំងស្រុកឥតមានកំផែងព័ទ្ធ នោះត្រូវរាប់ទុកដូចជាស្រែចម្ការវិញ មានច្បាប់លោះបាន ហើយដល់ឆ្នាំសោមនស្សក៏ត្រូវបានមកវិញដែរ 32ប៉ុន្តែ ឯត្រង់ទីក្រុងទាំងប៉ុន្មានរបស់ពួកលេវី នោះគេមានច្បាប់នឹងលោះផ្ទះ នៅក្នុងទីក្រុងរបស់គេចេះតែបានជាដរាប 33ប្រសិនបើអ្នកណាទិញផ្ទះរបស់ពួកលេវីណាមួយ នោះដល់ឆ្នាំសោមនស្ស ផ្ទះដែលបានទិញនោះ និងទីក្រុងរបស់គេនឹងបានទៅគេវិញ ដ្បិតអស់ទាំងផ្ទះនៅក្នុងទីក្រុងរបស់ពួកលេវី នោះជាកេរអាកររបស់គេនៅក្នុងពួកកូនចៅអ៊ីស្រាអែល 34ឯស្រែចម្ការទាំងប៉ុន្មាននៅជុំវិញទីក្រុងរបស់គេ នោះលក់មិនបានទេ ដ្បិតជាកេរអាកររបស់គេនៅអស់កល្បជានិច្ច។
35បើបង ឬប្អូនដែលនៅជិតអ្នក ធ្លាក់ខ្លួនទៅជាក្រ ហើយបែរជាស្ថិតនៅក្រោមបន្ទុករបស់អ្នក នោះត្រូវជួយគាត់ផង ដើម្បីឲ្យគាត់បានរស់នៅជាមួយអ្នក ដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់អាស្រ័យដែរ។ 36មិនត្រូវយកការប្រាក់ ឬគិតកម្រៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃអ្នកវិញ ដើម្បីឲ្យបងប្អូនបាននៅជាមួយអ្នកផង 37មិនត្រូវឲ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឲ្យអាហារដល់គេ ដោយចង់បានកម្រៃដែរ 38យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងឲ្យស្រុកកាណានដល់អ្នករាល់គ្នា ហើយឲ្យបានធ្វើជាព្រះរបស់អ្នករាល់គ្នា។
39បើបង ឬប្អូនដែលនៅជិតអ្នកធ្លាក់ខ្លួនក្រ ហើយលក់ខ្លួនដល់អ្នក នោះមិនត្រូវឲ្យអ្នកប្រើគេទុកដូចជាអ្នកបម្រើឡើយ។ 40គេត្រូវនៅជាមួយអ្នក ទុកដូចជាអ្នកស៊ីឈ្នួល ហើយដូចជាអ្នកស្នាក់នៅវិញ ត្រូវឲ្យគេនៅបម្រើអ្នករហូតដល់ឆ្នាំសោមនស្ស 41រួចគេនឹងចេញពីអ្នកទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់បុព្វបុរសគេវិញ 42ដ្បិតអ្នកទាំងនោះជាអ្នកបម្រើរបស់យើង ដែលយើងបាននាំចេញពីស្រុកអេស៊ីព្ទមក មិនត្រូវឲ្យលក់គេដូចជាលក់ខ្ញុំកំដរទេ 43ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃអ្នកវិញ 44តែឯត្រង់អ្នកបម្រើប្រុស ឬស្រីដែលអ្នកនឹងបានទាំងប៉ុន្មាន នោះត្រូវទិញអ្នកបម្រើប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញអ្នករាល់គ្នាវិញ 45អ្នកក៏មានច្បាប់នឹងទិញពួកកូនចៅរបស់អ្នកប្រទេសក្រៅ ដែលស្នាក់នៅកណ្ដាលអ្នករាល់គ្នាបានដែរ អ្នកនឹងទិញពួកនោះបាន ព្រមទាំងគ្រួគេដែលនៅជាមួយអ្នកដែលគេបានបង្កើតនៅក្នុងស្រុកអ្នករាល់គ្នាផង អស់អ្នកទាំងនោះនឹងបានជាកេរអាករដល់អ្នករាល់គ្នា 46ហើយអ្នកនឹងទុកអ្នកទាំងនោះ ជាមត៌កឲ្យកូនចៅអ្នកតទៅ ដើម្បីឲ្យបានជាកេរអាករដែរ គឺពីអស់អ្នកទាំងនោះហើយ ដែលអ្នករាល់គ្នាត្រូវយកទុកជាអ្នកបម្រើដល់អ្នក តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនអ្នក នោះអ្នករាល់គ្នាមិនត្រូវត្រួតត្រាដោយតឹងរ៉ឹងឡើយ។
47បើមានអ្នកប្រទេសក្រៅ ឬអ្នកដែលស្នាក់នៅជាមួយអ្នកបានទៅជាអ្នកមាន ហើយបងប្អូនអ្នកម្នាក់ទៀត ដែលនៅជិតបានធ្លាក់ខ្លួនទៅជាក្រ លក់ខ្លួនទៅអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នក ឬទៅអ្នកណាក្នុងពូជរបស់អ្នកប្រទេសក្រៅនោះ 48យ៉ាងនោះមានច្បាប់នឹងលោះគេមកវិញបាន ក្រោយដែលលក់ខ្លួនហើយដូច្នោះ គឺបងប្អូនណាមួយនឹងលោះគេចេញបាន 49ទោះជាឪពុកធំ ឬមា ឬក្មួយគេក្តី ឬអ្នកណាក៏ដោយដែលជាសាច់ញាតិជិតដិតក្នុងគ្រួសារគេ នោះនឹងលោះបាន ឬបើខ្លួនគេទៅជាមានវិញ ក៏នឹងលោះដោយខ្លួនឯងបានដែរ 50ត្រូវគិតជាមួយអ្នកដែលទិញខ្លួន រាប់តាំងពីឆ្នាំដែលបានលក់ខ្លួនទៅរហូតដល់ឆ្នាំសោមនស្ស ហើយថ្លៃដែលបានលក់ខ្លួន នោះត្រូវសម្រេចតាមចំនួនឆ្នាំដែលបានបម្រើនោះ ត្រូវតែគិតឈ្នួលដូចជាអ្នកបម្រើវិញ 51ប្រសិនបើសល់នៅច្រើនឆ្នាំទៅទៀត នោះត្រូវសងថ្លៃលោះខ្លួន ពីតម្លៃប្រាក់ដែលបានលក់ខ្លួនទៅ តាមចំនួនឆ្នាំនោះ 52តែបើសល់នៅតិចឆ្នាំ និងដល់ឆ្នាំសោមនស្សហើយ នោះត្រូវគិតនឹងចៅហ្វាយ ហើយសងតម្លៃលោះខ្លួនតាមចំនួនឆ្នាំនោះវិញ 53ត្រូវនៅជាមួយចៅហ្វាយនោះ ទុកដូចជាជើងឈ្នួលតាមកំណត់ឆ្នាំ មិនត្រូវឲ្យចៅហ្វាយត្រួតត្រាលើគេដោយតឹងរ៉ឹងនៅមុខអ្នករាល់គ្នាឡើយ 54បើមិនបានលោះតាមបែបណាមួយនេះ នោះគេក៏ត្រូវរួចចេញក្នុងឆ្នាំសោមនស្សដែរ ព្រមទាំងកូនគេផង 55ព្រោះឯពួកកូនចៅអ៊ីស្រាអែល នោះជាអ្នកបម្រើរបស់យើង ដែលយើងបាននាំគេចេញពីស្រុកអេស៊ីព្ទមកទេ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
Currently Selected:
លេវីវិន័យ 25: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies