YouVersion Logo
Search Icon

បរិទេវ 4

4
ការ​ដាក់​ទណ្ឌកម្ម​ក្រុង​ស៊ីយ៉ូន
1ម្ដេច​ក៏​មាស​ប្រែជា​ស្រអាប់
ហើយ​មាស​សុទ្ធ​ប្រែ​ជាបាត់​បង់រស្មី!
ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​បរិសុទ្ធនៅ​រាយ​ប៉ាយ
គ្រប់ទី​កន្លែង ត្រង់​ដើម​ផ្លូវ។
2ឯ​ពួក​កូន​ប្រុស​របស់​ក្រុង​ស៊ីយ៉ូន
ដែល​មាន​តម្លៃ​ដូច​ជា​មាស
នោះ​បាន​រាប់​ដូ​ច​ជា​ភាជនៈ​ដី​ទៅ​វិញ
ដែល​ជា​ស្នា​ដៃ​របស់​ជាង​ស្មូន​ដូច្នេះ!
3សូម្បី​តែ​មេ​ស្វាន​ក៏​បើក​ដោះ​ឲ្យ​កូន​បៅ​ដែរ
តែ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ​វិញ មាន​ចិត្ត​ខ្មៅ
ដូច​ជា​សត្វ​អូទ្រុស​នៅ​ទី​រហោ‌ស្ថាន។
4អណ្ដាត​របស់​កូន​ដែល​នៅ​បៅ
នៅ​ជាប់​នឹង​ក្រអូម​មាត់​ដោយ​ស្រេក
កូន​តូចៗ​សូម​នំបុ័ង
តែ​គ្មាន​អ្នក​ណា​ឲ្យ​វា​ឡើយ។
5ពួក​អ្នក​ដែល​ធ្លាប់​មាន​អាហារ​ឆ្ងាញ់​ៗ​បរិ‌ភោគ
បែរ​ជា​ត្រូវ​ដាច់​ពោះ​ស្លាប់​នៅតាម​ផ្លូវ
ពួក​អ្នក​ដែល​ធ្លាប់​ស្លៀក‌ពាក់រុង​រឿង
ក៏បែរ​ជា​នៅ​គំនរ​ផេះ​ទៅ​វិញ។
6ដ្បិត​អំពើ​ទុច្ចរិត​របស់​កូន​ស្រី​សាសន៍​ខ្ញុំ​ធ្ងន់​ជាង
អំពើ​បាប​របស់​ក្រុង​សូដុម​ទៅ​ទៀត
ជា​ទី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ក្នុង​មួយ​រំពេច
ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ។
7ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​នៅ​ក្នុង​ទី​ក្រុង
គេ​បរិសុទ្ធ​ជាង​ហិមៈ ស​ស្អាត​ជាង​ទឹក​ដោះ​គោ
សម្បុរ​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត
ហើយ​រាង​កាយ​របស់​គេ​ភ្លឺ​ដូច​ជា​ត្បូង​កណ្តៀង។
8ឥឡូវ​នេះ មុខ​របស់​គេ​ខ្មៅ​ជាង​ធ្យូង
គ្មាន​អ្នក​ណា​ស្គាល់​គេ​តាម​ផ្លូវ​ទេ
ស្បែក​ជាប់​នឹង​ឆ្អឹង ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ។
9ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ
វិសេស​ជាង​ពួក​អ្នក ដែល​ស្លាប់​ដោយ​ស្រេក​ឃ្លាន
ដ្បិត​ពួក​មួយ​នេះ​ហេវ​ទៅ ហើយ​ត្រូវ​ស្លាប់
ដោយ​ខ្វះ​ស្បៀង​អាហារ។
10ពួក​ស្រីៗ​ដែល​មាន​ចិត្ត​ទន់​សន្តោស
បាន​ស្ងោរ​កូន​ខ្លួន​ស៊ី ដោយ​ដៃ​ខ្លួន​ឯង
កូន​ទាំង​នោះ​ជា​អាហារ​របស់​គេ
ក្នុង​គ្រា​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ។
11ព្រះ‌យេហូវ៉ា​ក្រោធ​យ៉ាង​ខ្លាំង
ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​ដ៏​សហ័ស
របស់​ព្រះ‌អង្គ​ចេញ​ហើយ
ព្រះ‌អង្គ​បាន​បង្កាត់​ភ្លើង​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន
ជា​ភ្លើង​ដែល​ឆេះ​ទាំង​ឫស​ជញ្ជាំង​ផង។
12ពួក​ស្តេច​នៅ​ផែនដី និង​មនុស្ស​ទាំង‌ឡាយ
ដែល​នៅក្នុង​ពិភពលោក​នេះ
គេ​មិន​បាន​ជឿ​ថា​ពួក​ត​តាំង និង​ពួក​ខ្មាំង​សត្រូវ
អាច​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​បាន​ទេ។
13នេះ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ហោរា
និង​អំពើ​ទុច្ចរិត​របស់​ពួក​សង្ឃ
ជា​ពួក​អ្នក​ដែល​បាន​កម្ចាយ​ឈាម
មនុស្ស​សុចរិត​នៅ​ក្នុង​ទី​ក្រុង។
14គេ​ដើរ​តាម​ផ្លូវដូច​ជា​មនុស្ស​ខ្វាក់
ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម
បាន​ជា​គ្មាន​អ្នក​ណា​អាច​ពាល់​សម្លៀក‌បំពាក់
របស់​គេ​បាន​ឡើយ។
15មនុស្ស​ទាំង‌ឡាយ​ស្រែក​ដាក់​គេ​ថា
«ទៅ​ចុះ​អា​គម្រក់ ចេញ​ទៅ កុំ​មក​ពាល់​អ្វី​ឡើយ»
ពេល​គេ​រត់​ទៅ ហើយ​ដើរ​សាត់​ព្រាត់​ទៀត
នោះ​មនុស្ស​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​បាន​ថា
«គេ​នឹង​មិន​អា‌ស្រ័យ​នៅ​ទី​នេះ​ទៀត​ឡើយ»។
16សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា
បាន​កម្ចាត់​កម្ចាយ​គេ​ទៅ
ព្រះ‌អង្គ​មិន​ព្រម​ទត​មើល​គេ​ទៀត​ទេ
គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​សង្ឃ
ក៏​មិន​បាន​រាប់​អាន​ពួក​ចាស់​ទុំ​ដែរ។
17យើង​រង់​ចាំ​ជំនួយឡើង​ផ្សា​ភ្នែក
តែ​គ្មាន​អ្នក​ណា​មក​ជួយ​យើង​សោះ
ការ​ដែល​យើង​បាន​រង់​ចាំ​នោះ
គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍​មួយ
ដែល​ជួយ​សង្គ្រោះ​មិន​បាន។
18គេ​ដេញ​តាមយើង​គ្រប់​ជំហាន
បាន​ជា​យើង​រក​ចេញ​ទៅ​ផ្លូវ​មិន​បាន
ទី​បញ្ចប់​របស់​យើង​កាន់​តែ​ជិត​មក​ដល់
កំណត់​យើង​ក៏​សម្រេច
ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ។
19ពួក​អ្នក​ដែល​ដេញ​តាម​យើង គេ​រហ័ស
ជាង​ឥន្ទ្រី​នៅ​លើ​អាកាស​ទៅ​ទៀត
គេ​បាន​ដេញ​យើង​ឲ្យ​ទៅ​លើ​ភ្នំ
ក៏​លប​ចាំ​យើង​នៅ​ទី​រហោ‌ស្ថាន។
20ស្ដេច​ជា​អម្ចាស់​ជីវិត​របស់​យើង
គឺ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង
ព្រះ‌អង្គ​ត្រូវ​គេ​ចាប់​ចូល​ក្នុង​អង្គប់
ព្រះ‌អង្គ​ហើយ​ដែល​យើងធ្លាប់​ពោល​ថា
«យើង​រាល់​គ្នាសូម​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់
របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ»។
21ឱ​កូន​ស្រី​ស្រុក​អេដុម
ជា​អ្នក​ដែល​អា‌ស្រ័យ​នៅ​ស្រុក​អ៊ូស​អើយ
ចូរ​មាន​ចិត្ត​រីក‌រាយ ហើយ​សប្បាយ​ឡើង
ពែង​នេះ​នឹង​ឆ្លង​ដល់​នាង​ដែរ
នាង​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។
22ឱកូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ
ទោស​នៃ​អំពើ​ទុច្ចរិត​របស់​នាង​គ្រប់​ចំនួន​ហើយ
ព្រះ‌អង្គ​នឹង​មិន​ឲ្យ​នាង​ទៅ​ជា​ឈ្លើយ​ទៀត​ឡើយ
ឱ​កូន​ស្រី​ស្រុក​អេដុម​អើយ
ព្រះ‌អង្គ​នឹង​ធ្វើ​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​នាង
ព្រះ‌អង្គ​នឹង​បើក​អំពើ​បាប​របស់​នាង​ឲ្យ​ឃើញ​ច្បាស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in