YouVersion Logo
Search Icon

បរិទេវ 3

3
ព្រះហឫទ័យ​សប្បុរស​របស់​ព្រះ​នៅស្ថិត​ស្ថេរ​ជាដរាប
1ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្ដី​វេទនា
ដោយ​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
2ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ងងឹត
មិន​មែន​ក្នុង​ពន្លឺ​ទេ
3ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បែរ​ព្រះ‌ហស្ត
មក​ទាស់​នឹង​ខ្ញុំផ្ទួនៗ​រាល់​ថ្ងៃ។
4ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សាច់ ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ
ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង
5ព្រះ‌អង្គ​បាន​ធ្វើ​របង​ឃុំ​ឃាំង​ខ្ញុំ
ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ថ្នាំ​ពុល
និង​ការ​ដែល​នឿយ​លំបាក
6ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​នៅ​កន្លែង​ងងឹត
ដូច​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។
7ព្រះ‌អង្គ​បាន​ធ្វើ​កំផែង​ព័ទ្ធ​ជុំ​វិញ​ខ្ញុំ
មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ឡើយ
ក៏​បាន​យក​ច្រវាក់​ចង​ខ្ញុំ​យ៉ាង​ធ្ងន់
8ទោះ​បើ​ខ្ញុំ​ខំ​ស្រែកហៅរក​ជំនួយ
ព្រះ​អង្គ​រាំង​រា​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ
ចូល​ទៅ​ឡើយ
9ព្រះ‌អង្គ​បាន​ដាក់​ថ្ម​រាំង​ផ្លូវ​ខ្ញុំ
ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់។
10ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ខ្លា​ឃ្មុំ​ដែល​លប​សង្គ្រុប
ហើយ​ដូច​ជា​សិង្ហ​ពួន​ចាំប្រហារ​ខ្ញុំ
11ព្រះ‌អង្គ​បាន​បង្វែរផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ខ្ទេច‌ខ្ទី
ហើយ​ឲ្យ​ខ្ញុំ​នៅ​កណ្ដោច​កណ្ដែង
12ព្រះ‌អង្គ​បាន​យឹត​ធ្នូ
ហើយ​តាំង​ខ្ញុំ​ទុក​ជា​វង់​សម្រាប់​ព្រួញ។
13ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ព្រះ‌អង្គ​ទម្លុះ​ថ្លើម​ខ្ញុំ
14ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច
ដល់​ជន​ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ
ហើយ​ជា​បទ​ចម្រៀង​របស់​គេ​ជា‌និច្ច​រាល់​ថ្ងៃ។
15ព្រះ‌អង្គ​បាន​ចម្អែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់
ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង។
16ព្រះ‌អង្គ​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស
ហើយ​បាន​ព្រលាំង​ខ្ញុំ​ដោយ​ផេះ
17ហើយ​ព្រះ‌អង្គ​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ
ឆ្ងាយ​ចេញ​ពី​សេចក្ដី​សុខ​ទៅ
ខ្ញុំ​បាន​ភ្លេច​សេចក្ដី​ចម្រើន​ហើយ
18ខ្ញុំ​ក៏​ពោល​ថា៖ «កម្លាំង​ខ្ញុំ​បាត់​បង់​អស់
សេចក្ដី​សង្ឃឹម​លើ​ព្រះ‌យេហូវ៉ាក៏​លែង​មាន​ដែរ»។
19ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក
និង​សេចក្ដី​វេទនា​របស់​ខ្ញុំ
ព្រម​ទាំង​ស្លែង និង​ថ្នាំ​ពុល​ផង។
20ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ
ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ។
21តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្ដី​នេះ
បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម
22គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា
មិនចេះ​ចប់
សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត
23សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក
សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។
24ព្រលឹង​ខ្ញុំ​បាន​ពោល​ថា
«ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ
ហេតុ​នោះ ខ្ញុំ​នឹង​សង្ឃឹម​ដល់​ព្រះ‌អង្គ»។
25ព្រះ‌យេហូវ៉ា​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ
គឺ​ដល់​ព្រលឹង​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ‌អង្គ។
26បើ​មនុស្ស​សង្ឃឹម
និង​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា
ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ។
27ឯ​ការ​ដែល​មនុស្ស​ទទួល​រង​នឹម
ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ
28អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម
ពី​ព្រោះ​គឺ​ព្រះ‌អង្គ​ដែល​ដាក់​នឹម​លើ​ខ្លួន
29អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី
(បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន)
30ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន
ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ
ដោយ​សេចក្ដី​ត្មះ‌តិះ​ដៀល។
31ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ‌បង់​ចោល​ជា​ដរាប​ទេ។
32ទោះ​បើ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ក៏​ដោយ
គង់​តែ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា
ដោយ​សេចក្ដី​សប្បុ‌រស​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ
33ព្រះ‌អង្គ​មិនសប្បាយព្រះ‌ហឫ‌ទ័យ​ទេ
ក្នុង​ការ​ធ្វើ​ទុក្ខ
ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា​នោះ។
34ពេល​គេ​ជិះ​ជាន់​ពួក​ឈ្លើយ​នៅ​ផែនដី
35ពេល​គេ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​មនុស្ស
នៅ​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត
36ឬ​បង្កាច់​បំភាន់​មនុស្ស​ណា​ក្នុង​រឿង​ក្តី
នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឡើយ
37បើ​ព្រះ‌អម្ចាស់​មិន​បាន​បង្គាប់​គេ
តើ​អ្នក​ណា​នឹង​អាច​ថ្លែងទំនាយ​ទំនាយ
ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត?
38ឯ​ការ​អាក្រក់​នឹង​ការ​ល្អ
តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឧស្ឋ
របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ?
39ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ
គឺ​មនុស្ស​ណា​ដែល​រង​ទោស
ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។
40ចូរ​យើង​ពិចា‌រណា
ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត
រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​វិញ​ចុះ។
41ចូរ​ឲ្យ​យើង​តម្រង់​ចិត្ត​ឡើង
ទៅឯ​ព្រះ ដែល​គង់​នៅ​ស្ថាន‌សួគ៌
ជា‌មួយ​ដៃ​យើង​ផង។
42យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ
ព្រះ‌អង្គ​មិន​បាន​អត់​ទោស​ឲ្យ​ទេ។
43ព្រះ‌អង្គ​បាន​ឃ្លុំ​អង្គ ដោយ​សេចក្ដី​ក្រោធ
ហើយ​ដេញ​តាម​យើង​ខ្ញុំ
ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត ឥត​ប្រណី​សោះ
44ព្រះ‌អង្គ​បាំង​អង្គ​ដោយ​ពពក
ដើម្បី​មិន​ឲ្យ​សេចក្ដី​អធិស្ឋាន​ណា
ចូល​ទៅ​ដល់​បាន​ឡើយ។
45ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក ហើយ​ជា​សំរាម
នៅ​កណ្ដាល​អស់​ទាំង​សាសន៍។
46ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ
បាន​ហា​មាត់​ធំ​ដាក់​យើង​ខ្ញុំ
47ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្ដី​ភ័យ​ខ្លាច
និង​រណ្តៅ ព្រម​ទាំង​សេចក្ដី​បំផ្លាញ
និង​សេចក្ដី​វិនាស​ផង។
48ភ្នែក​ខ្ញុំ​ហូរ​ចេញ​ជា​ផ្លូវ​ទឹក
ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ។
49ភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់​ឥត​ឈប់​ឈរ
ឥត​ស្រាក​ឡើយ
50ទាល់​តែ​ព្រះ‌យេហូវ៉ា​ឈ្ងោក​មើល
ហើយ​ពិចា‌រណា​ពី​ស្ថាន‌សួគ៌​មក។
51ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ
ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ។
52ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ
ដោយ​ឥត​ហេតុ​គេ​បាន​ដេញ​តាម​ខ្ញុំ
ដូច​ជា​ដេញ​តាម​សត្វ​ស្លាប
53គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត
ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង
54មាន​ទឹក​ហូរ​មក​លិច​ក្បាល​ខ្ញុំ
នោះ​ខ្ញុំ​បាន​ថា «ខ្ញុំ​ស្លាប់​ហើយ»។
55ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
ពី​ក្នុង​ទី​ជម្រៅ​នៃ​គុក​ងងឹត
56ព្រះ‌អង្គ​ក៏​ឮ​សំឡេង​របស់​ទូល‌បង្គំ
«សូម​កុំ​គេច​ព្រះ‌កាណ៌​ព្រះ‌អង្គ​ចេញ​ពី​ការថ្ងូរ
និង​សម្រែក​របស់​ទូល‌បង្គំ​ឡើយ»
57នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ
នោះ​ព្រះ‌អង្គ​បាន​យាង​មក​ជិត
ហើយ​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​ខ្លាច​ឡើយ»
58ឲ្យ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូល‌បង្គំ​ហើយ
ព្រះ‌អង្គ​បាន​លោះ​ជីវិត​របស់​ទូល‌បង្គំ​ផង។
59ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឃើញ​កំហុស
ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ
សូម​ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​ទូល‌បង្គំ​ចុះ។
60ព្រះ‌អង្គ​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ
និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូល‌បង្គំ​ដែរ។
61ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ
និង​អស់​ទាំង​កិច្ច‌កល
ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ។
62ក៏​ឮ​ពាក្យ​សម្ដី​របស់​ពួក​អ្នក​លើក​គ្នា
ទាស់​នឹង​ទូល‌បង្គំ
ហើយ​ជ្រាប​ការ​ដែល​គេ​គិត
ទាស់​នឹង​ទូល‌បង្គំ​ជា‌និច្ច​ដែរ។
63សូម​ព្រះ‌អង្គ​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ
ហើយ​ក្រោក​ឡើង​ផង
ទូល‌បង្គំ​ជា​បទ​ចម្រៀង​របស់​គេ​ហើយ។
64ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ
65ព្រះ‌អង្គ​នឹង​បណ្ដាល​ឲ្យ​ចិត្ត​គេ​រឹង‌រូស
គឺ​ជា​បណ្ដាសា​ដល់​គេ
66ព្រះ‌អង្គ​នឹង​ដេញ​តាម​គេ​ដោយ​សេចក្ដី​ក្រោធ
ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ
ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌យេហូវ៉ា​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in