YouVersion Logo
Search Icon

បរិទេវ 1

1
ទី​ក្រុង​ដែល​ប្ដី​បោះបង់​ចោល
1ទី​ក្រុង​ដែល​ធ្លាប់​មាន
មនុស្សច្រើនកុះករ
ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ
ដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ
ពី​ដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន
តែ​ឥឡូវ​នេះ ទៅ​ចំណុះ​គេ​វិញ។
2នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់
ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង
ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង
នោះ​ឥត​មាន​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​ឡើយ
ពួក​មិត្ត​សម្លាញ់​ទាំង​អស់​បាន​ក្បត់​នាង​ហើយ
គេ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​វិញ។
3ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ
ក៏ត្រូវ​រង​ទុក្ខ ហើយ​បម្រើ​យ៉ាង​ធ្ងន់
នាង​អា‌ស្រ័យ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍
ឥត​បាន​សម្រាក​ឡើយ
ពួក​អ្នក​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់
នៅ​ច្រក​ចង្អៀត។
4ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​យំ​ទួញ
ដ្បិត​គ្មាន​អ្នក​ណា​មក​ចូលរួម​ពិធីបុណ្យ​សោះ
ទ្វារ​ទី​ក្រុងទាំងប៉ុន្មាន​នៅ​ស្ងាត់​ច្រៀប
ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ
ពួក​ក្រមុំៗ​មាន​ទុក្ខ​ក្រៀម​ក្រំ
ហើយ​ទី​ក្រុង​ទាំង​មូល​មាន​ពេញដោយភាព​ជូរ​ចត់។
5ពួក​អ្នក​ដែល​តតាំង​នឹង​នាង​បាន​ឡើង​ជា​កំពូល
ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ចម្រើន
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទុក្ខ​នាង
ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ
ពួក​ក្មេងៗ​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ
នៅ​មុខ​ពួក​ដែល​តតាំង។
6សម្រស់​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​បានបាត់​បង់​អស់​ហើយ
ពួក​ចៅ‌ហ្វាយ​របស់​នាង​បាន​ត្រ​ឡប់​ដូច​ជា​ប្រើស
ដែល​រក​ស្មៅ​មិន​បាន
ហើយ​គេ​រត់​ពី​មុខ​អ្នក​ដែល​ដេញ​តាម
ដោយ​ល្វើយ​កម្លាំង។
7នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក
ក្រុង​យេរូ‌សាឡិម​នឹក​ចាំ​ពី​សេចក្ដី​ល្អ​ទាំង​ប៉ុន្មាន
ដែល​ធ្លាប់​មាន​កាល​ពី​ដើម
ក្នុង​គ្រា​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់
ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ
ឥត​មាន​អ្នក​ណា​ជួយ​សោះ
នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង
ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង
ឈប់​ផ្អាក​នៅ
8ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់
ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក
អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង
ឥឡូវ​គេ​មើល​ងាយ​វិញ
ពី​ព្រោះ​គេ​បាន​ឃើញ​កេរ‌ខ្មាស​នាង​ហើយ
នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ
9សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់
នាង​មិន​នឹក​ពី​ចុង​បំផុត​របស់​ខ្លួន​សោះ
ហេតុ​នោះ​បាន​ជា​នាង​ត្រូវ​ចុះ​មក​យ៉ាង​អស្ចារ្យ
ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទត​សេចក្ដី​វេទនា
របស់​ខ្ញុំ​ម្ចាស់​ចុះ
ដ្បិត​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ
10ពួក​សង្កត់‌សង្កិន​បាន​លូក​ដៃ​មក​លើ​របស់​ទាំង​ប៉ុន្មាន
ដែល​គាប់​ចិត្ត​នាង
នាង​បាន​ឃើញ​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ
របស់​នាង
ជា​ពួក​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ផ្តាំ​ទុក
មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ព្រះ‌អង្គ​ឡើយ
11បណ្ដា‌ជន​របស់​នាង​កំពុង​តែ​ថ្ងូរ
គេ​រក​អាហារ គេ​បាន​ឲ្យ​របស់
ដែល​គាប់​ចិត្ត​ខ្លួន​ទាំង​ប៉ុន្មាន ប្ដូរ​នឹង​អាហារ
សម្រាប់​ចម្រើន​កម្លាំង​ឡើង​វិញ
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល
ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។
12ឱ​អ្នក​រាល់​គ្នា​ដែល​ដើរ​បង្ហួស​អើយ
តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ?
សូម​ពិចា‌រណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា
ដូច​យ៉ាង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ
ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ
នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។
13ព្រះ‌អង្គ​បាន​ចាត់​ភ្លើង​ឲ្យ​មក​ពី​ស្ថាន​ដ៏​ខ្ពស់
ចូល​ក្នុង​ឆ្អឹង​ខ្ញុំ ភ្លើង​នោះ​ក៏​ឈ្នះ​ផង
ព្រះ‌អង្គ​បាន​ដាក់​មង​សម្រាប់​ចាប់​ជើង​ខ្ញុំ
ព្រះ‌អង្គ​បាន​បង្វែរ​ខ្ញុំ​ឲ្យ​ថយ​ទៅ​ក្រោយ
ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់ ហើយ​ល្វើយ​ជា‌និច្ច
14ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ
នោះ​គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ចង​ជាប់​ហើយ
ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា
មក​ពាក់​លើក​ខ្ញុំ
ព្រះ‌អង្គ​បាន​ឲ្យ​កម្លាំង​ខ្ញុំ​ស្បើយ​ទៅ
ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ
ជា​ពួក​អ្នក​ដែល​ខ្ញុំ​ពុំ​អាច​នឹង​ទទឹង​ទាស់​បាន​ឡើយ
15ព្រះ‌អម្ចាស់​បាន​មើល​ងាយ​ពួក​មនុស្ស​ខ្លាំង​ពូកែ
នៅ​កណ្ដាល​ខ្ញុំ​ហើយ
ព្រះ‌អង្គ​បាន​ប្រជុំ​ជំនុំ​មុត‌មាំ​ទាស់​នឹង​ខ្ញុំ
ដើម្បី​នឹង​កិន​ពួក​កំលោះៗរបស់​ខ្ញុំ​ឲ្យ​ខ្ទេច​ខ្ទី
ព្រះ‌អម្ចាស់​បាន​ជាន់​នាង​ក្រមុំ​ស្រុក​យូដា
ដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ
16ព្រោះ​ហេតុ‌ការណ៍​ទាំង​នេះ​បាន​ជា​ខ្ញុំ​យំ
ទឹកភ្នែក​ខ្ញុំ​ហូរ​សស្រាក់
ដោយ​ព្រោះ​អ្នក​កម្សាន្ត​ចិត្ត
ដែល​គួរ​មក​លំ‌ហើយ​ព្រលឹង​ខ្ញុំ
គេ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​វិញ
កូន​ចៅ​ខ្ញុំ​ត្រូវ​ចោល​ស្ងាត់
ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឈ្នះ​ហើយ។
17ក្រុង​ស៊ីយ៉ូន​លូក​ដៃ​ទៅ
តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​សោះ
ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពី​ដំណើរ​យ៉ាកុប​ថា
ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ
ធ្វើ​ជា​ខ្មាំង​សត្រូវ​នឹង​គាត់
ក្រុង​យេរូ‌សាឡិម​នៅ​កណ្ដាល​គេ
ទុក​ដូច​ជា​របស់​ស្មោក‌គ្រោក
18ព្រះ‌យេហូវ៉ា​សុចរិត​ទេ
ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្តិ​ព្រះ‌អង្គ
ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់
ហើយ ពិចា‌រណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ
ពួក​ក្រមុំៗ និង​ពួក​កំលោះៗ​របស់​ខ្ញុំ
គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ
19ខ្ញុំ​បាន​ហៅ​ពួក​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​ខ្ញុំ
តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ
ពួក​សង្ឃ និង​ពួក​ចាស់​ទុំ​របស់​ខ្ញុំ
បាន​រលត់​ទៅ​នៅ​ក្នុង​ទី​ក្រុង
កំពុង​ដែល​គេ​រក​អាហារ​សម្រាប់​ចម្រើន​កម្លាំង​ខ្លួន។
20ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល
ដ្បិត​ខ្ញុំ​ម្ចាស់ មាន​សេចក្ដី​វេទនា
ចិត្ត​ខ្ញុំ​ម្ចាស់​ទុរន់‌ទុរា
ចិត្ត​ខ្ញុំ​ម្ចាស់​ក្រឡាប់​ចុះ​នៅ​ក្នុង​ខ្លួន
ពី​ព្រោះ​ខ្ញុំ​ម្ចាស់​បាន​បះ‌បោរ​ជា​ខ្លាំង​ហើយ
នៅ​ខាង​ក្រៅ​ដាវ​បង្អត់​បង់
ហើយ​នៅ​ឯ​ផ្ទះ​ក៏​មាន​ដូច​ជា​សេចក្ដី​ស្លាប់​ដែរ
21គេ​បាន​ឮ​ថា ខ្ញុំ​ម្ចាស់​ថ្ងូរ
តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ
ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន
បាន​ឮ​ដំណឹង​ពី​សេចក្ដី​លំបាក​របស់​ខ្ញុំ​ម្ចាស់
ហើយ គេ​សប្បាយ​ចិត្ត
ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​យ៉ាង​នេះ
ព្រះ‌អង្គ​នឹង​ឲ្យ​ថ្ងៃ ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ប្រាប់​នោះ
បាន​មក​ដល់
នោះ​គេ​នឹង​បាន​ដូច​ជា​ខ្ញុំ​ម្ចាស់​វិញ។
22សូម​ឲ្យ​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ
បាន​លេច​មក នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​សូម​ព្រះ‌អង្គ​ធ្វើ​ដល់​គេ
ដូច​ជា​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់
ដោយ​ព្រោះ​អស់​ទាំង​អំពើ​រំលង​របស់​ខ្ញុំ​ម្ចាស់​ដែរ
ដ្បិត​ខ្ញុំ​ម្ចាស់​ថ្ងូរ​ជា​ច្រើន
ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ល្វើយ​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in