YouVersion Logo
Search Icon

យ៉ូស្វេ 2

2
លោក​យ៉ូស្វេ​ចាត់​អ្នក​ស៊ើប​ការណ៍​ទៅ​ក្រុង​យេរីខូរ
1លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន បាន​ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ស៊ីទីម ទៅ​ស៊ើប​ការណ៍ ដោយ​ប្រាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូរ​ផង»។ គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រីពេស្យា​ម្នាក់ ឈ្មោះ​រ៉ាហាប ។ 2មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូរ​ថា៖ «មើល៍ នៅ​យប់​នេះ មាន​ពួក​អ៊ីស្រា‌អែល​ខ្លះ​បាន​ចូល​មក ដើម្បី​សង្កេត​មើល​ស្រុក​នេះ»។ 3ពេល​នោះ ស្តេច​ក្រុង​យេរីខូរ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ជួប​នាង​រ៉ាហាប ប្រាប់​ថា៖ «ចូរ​នាំ​មនុស្ស​ដែល​បាន​ចូល​មក​ឯ​នាង គឺ​អ្នក​ដែល​ចូល​មក​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​បាន​មក​សង្កេត​មើល​ស្រុក​នេះទាំង​មូល»។ 4ប៉ុន្ដែ ស្ត្រី​នោះ​បាន​នាំបុរស​ពីរ​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា៖ «មាន​មនុស្ស​មក​ឯនាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​បាន​ដឹងថា​គេ​មក​ពី​ណា​ទេ។ 5លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង​នៅ​ពេល​ព្រលប់ បុរស​នោះ​បាន​ចេញទៅ​បាត់។ នាង​ខ្ញុំមិន​ដឹង​ថា​បុរស​នោះ​ទៅទីណា​ទេ។ សូម​ដេញ​តាម​គេ​ឲ្យ​លឿន​ទៅ ដ្បិត​អស់​លោក​នឹង​ដេញ​តាម​គេ​ទាន់មិន​ខាន»។ 6ប៉ុន្ដែ នាង​បាន​នាំ​អ្នក​ទាំង​ពីរ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ហើយ​លាក់​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល។ 7ដូច្នេះ បុរស​ទាំង​នោះ​ក៏​ដេញ​តាម​អ្នក​ទាំង​ពីរ តាម​ផ្លូវ​ទៅ​កាន់​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង។ កាល​ពួក​អ្នក​ដេញ​តាម​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​គេ​ក៏​បិទ​ទ្វារ​ក្រុង។
8កាល​អ្នក​ទាំង​ពីរ​មិន​ទាន់​ដេក​នៅ​ឡើយ នាង​ក៏​ឡើង​ទៅ​ជួប​គេ​នៅ​លើ​ដំបូល 9ហើយ​និយាយ​ទៅ​កាន់​បុរស​នោះ​ថា៖ «ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក ហើយ​ថា យើង​មាន​ការ​ភ័យ‌ខ្លាច​ចំពោះ​ពួក​លោកជា​ខ្លាំង ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ញ័​រន្ធត់​នៅ​មុខ​ពួក​លោក។ 10ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​ពួក​លោក ពេល​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ការ​ដែល​ពួក​លោក​បាន​ធ្វើ​ចំពោះ​ស្តេច​ទាំង​ពីរ​អង្គ​របស់​សាសន៍​អាម៉ូរី នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ដល់​ព្រះ​បាទ​ស៊ីហុន និង​ព្រះ​បាទ​អុក ដែល​ពួក​លោក​បាន​បំផ្លាញ​ទាំង​ស្រុង។ 11កាល​យើង​ខ្ញុំ​បាន​ឮភ្លាម ចិត្ត​យើង​ខ្ញុំ​បាន​រលាយ​អស់ ហើយ​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​គ្មាន​ព្រលឹង​ទេ ដោយ​ព្រោះ​តែ​ពួក​លោក ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​លោក ព្រះ‌អង្គ​ជា​ព្រះ​គង់​នៅ​ស្ថាន​សួគ៌​ខាង​លើ ហើយ​ក៏​គង់​នៅ​លើ​ផែន‌ដី​ខាង​ក្រោមដែរ។ 12ដូច្នេះ សូម​ស្បថ​ឲ្យ​នាង​ខ្ញុំ​ឥឡូវ ដោយ​យក​ព្រះ‌យេហូវ៉ា​ជាសាក្សី​ថា ពួក​លោក​នឹង​អាណិត​មេត្តា​ដល់​ក្រុម​គ្រួសារ​ឪពុក​នាង​ខ្ញុំ ដូច​នាង​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​ពួក​លោក​ដែរ ហើយ​សូម​ទុក​សញ្ញា​មួយ​ឲ្យ​ប្រាកដ​ដល់​នាង​ខ្ញុំ​ផង 13ថា​ពួក​លោក​នឹង​ទុក​ជីវិត​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​ខ្ញុំ បង​ប្អូន​ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់ ហើយ​ជួយ​ជីវិត​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់​ផង»។ 14បុរស​ទាំង​ពីរ​ឆ្លើយ​ទៅ​នាង​ថា៖ «យើង​យក​ជីវិត​របស់​យើង​ធានា​ជីវិត​របស់​នាង ប្រសិន‌បើ​នាង​មិន​យក​រឿង​យើង​ទៅ​និយាយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ប្រគល់​ស្រុក​នេះ​មក​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង ដោយ​សប្បុរស​ស្មោះ​ត្រង់»។
15បន្ទាប់​មក នាង​ក៏​សម្រូត​គេ​ដោយ​ខ្សែ​ចុះ​តាម​បង្អួច ដ្បិត​ផ្ទះ​របស់​នាង​សង់​នៅ​លើ​កំផែង​ទី​ក្រុង ហើយ​នាង​រស់​នៅ​ចំ​ពី​លើ​កំផែង​នោះ។ 16នាង​និយាយ​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «សូម​ទៅ​ឯ​ស្រុក​ភ្នំ​ទៅ ក្រែង​ពួក​អ្នក​ដេញ​តាម​ជួប​ប្រទះ​នឹង​ពួក​លោក។ សូម​ពួន​នៅ​ទី​នោះ​បី​ថ្ងៃ រហូត​ដល់​ពួក​អ្នក​ដេញតាម​ត្រឡប់​មក​វិញ រួច​សឹម​ពួក​លោក​បន្ត​ដំណើរ​ទៅ​ទៀត»។ 17អ្នក​ទាំង​ពីរ​និយាយ​ទៅ​នាង​ថា៖ «យើង​នឹង​បាន​រួច​ពី​ពាក្យ​សម្បថ​នេះ ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ។ 18មើល៍ កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​ជាប់​នឹង​បង្អួច ដែល​នាង​បាន​សម្រូត​យើង​ចុះមក​នោះ ហើយ​នាង​ត្រូវ​ប្រមូល​ឪពុក​ម្តាយ បង​ប្អូន និង​ក្រុម​គ្រួសារ​របស់​ឪពុក​នាង​ទាំង​អស់ មក​ជួប​ជុំ​នៅ​ក្នុង​ផ្ទះ​របស់​នាង។ 19ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ចេញ​ពី​ទ្វារ​ផ្ទះ​របស់​នាង ទៅ​តាម​ដង​ផ្លូវ នោះ​ឈាម​របស់​គេ​នឹង​ធ្លាក់​លើ​ក្បាល​របស់​គេ ឯ​យើង​គ្មាន​ទោស​ទេ។ ប៉ុន្ដែ ប្រសិន‌បើ​មាន​ដៃ​ណា​ដាក់​លើ​អ្នក​ណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង នោះ​ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យើង​វិញ។ 20ប៉ុន្ដែ ប្រសិន‌បើ​នាង​និយាយ​រឿង​របស់​យើង​នេះ​ប្រាប់​គេ យើង​នឹង​រួច​ពី​សម្បថ​នេះ ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ»។ 21នាង​ឆ្លើយ​ថា៖ «ដូច្នេះ សូម​ឲ្យ​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ»។ បន្ទាប់​មក នាង​សុំ​ឲ្យ​គេ​ចេញ​ទៅ រួច​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាងបាន​ចង​ខ្សែ​ក្រហម​នៅ​ជាប់​នឹង​បង្អួច។
22អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​ឯ​ស្រុក​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​អ្នក​ដេញ​តាមបាន​វិល​ត្រឡប់​មក​វិញ ក្រោយ​ពេល​ដែល​ពួក​គេ​បានស្វែង​រក​សព្វ​តាម​ផ្លូវ ហើយ​រក​មិន​ឃើញ​សោះ។ 23បន្ទាប់​មក អ្នក​ទាំង​ពីរ​បាន​វិល​ត្រឡប់ គឺ​គេ​ចុះ​ពី​ស្រុក​ភ្នំ ឆ្លងទន្លេយ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ហើយ​រៀប​រាប់​ប្រាប់​ពី​គ្រប់​ទាំង​ហេតុ​ការណ៍ ដែល​បាន​កើត​ឡើង​ដល់​ពួក​គេ។ 24គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​មក​ក្នុង​កណ្ដាប់​របស់​ដៃ​យើង​មែន ហើយ​សូម្បី​តែ​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រន្ធត់ ព្រោះ​តែ​យើង​ដែរ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in