យ៉ូស្វេ 1
1
ព្រះប្រគល់បេសកកម្មដល់លោកយ៉ូស្វេ
1ក្រោយពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេជាកូនរបស់លោកនុន ជាអ្នកជំនួយរបស់លោកម៉ូសេថា៖ 2«ម៉ូសេ ជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរក្រោកឡើង ហើយនាំប្រជាជនទាំងនេះឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យគេ គឺដល់ប្រជាជនអ៊ីស្រាអែល។ 3អស់ទាំងទីកន្លែងណាដែលអ្នកដាក់ជើងជាន់ យើងបានប្រគល់ឲ្យអ្នក ដូចយើងបានសន្យាជាមួយម៉ូសេស្រាប់ ។ 4ទឹកដីរបស់អ្នករាល់គ្នា ត្រូវចាប់តាំងពីទីរហោស្ថាន និងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ។ 5គ្មានអ្នកណានឹងអាចឈរនៅមុខអ្នកបានឡើយ គឺអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ យើងនឹងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនចាកចោលអ្នក ក៏មិនបោះបង់ចោលអ្នកដែរ។ 6ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ ដ្បិតអ្នកនឹងនាំឲ្យប្រជាជននេះបានគ្រងស្រុក ដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់គេ។ 7ចូរគ្រាន់តែមានកម្លាំង និងចិត្តក្លាហានប៉ុណ្ណោះ ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងក្រឹត្យវិន័យ ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់អ្នក។ កុំងាកបែរចេញទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ ដើម្បីឲ្យអ្នកមានជោគជ័យគ្រប់ទីកន្លែងដែលអ្នកទៅ។ 8មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។ 9តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។
ការរៀបចំមុននឹងឆ្លងទន្លេយ័រដាន់
10ពេលនោះ លោកយ៉ូស្វេបានបង្គាប់ពួកនាយករបស់ប្រជាជនថា៖ 11«ចូរដើរកាត់កណ្ដាលជំរំ ហើយបង្គាប់ប្រជាជនថា "ចូរត្រៀមស្បៀងអាហារទៅ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក"»។
12លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងថា៖ 13«ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានបង្គាប់អ្នករាល់គ្នាថា "ព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកមានកន្លែងសម្រាក ហើយប្រទានស្រុកនេះឲ្យអ្នក"។ 14ប្រពន្ធ កូនតូចៗ និងហ្វូងសត្វរបស់អ្នក ត្រូវទុកនៅក្នុងស្រុកដែលលោកម៉ូសេបានប្រគល់ឲ្យអ្នក នៅខាងកើតទន្លេយ័រដាន់នេះ តែមនុស្សខ្លាំងពូកែទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវឆ្លងនាំមុខពួកបងប្អូនរបស់អ្នក ទាំងប្រដាប់អាវុធ ដើម្បីជួយពួកគេ 15រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាកដូចអ្នកដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ បន្ទាប់មក អ្នករាល់គ្នាអាចនឹងត្រឡប់មកស្រុកដែលជាកេរអាកររបស់ខ្លួនវិញ ហើយចាប់យកស្រុកនោះ ជាស្រុកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានប្រគល់ឲ្យអ្នក នៅត្រើយខាងកើតទន្លេយ័រដាន់»។
16ពួកគេឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «យើងខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលលោកបង្គាប់យើងខ្ញុំ ហើយលោកចាត់យើងឲ្យទៅណា យើងនឹងទៅនោះ។ 17យើងខ្ញុំធ្លាប់ស្តាប់បង្គាប់លោកម៉ូសេក្នុងគ្រប់ការទាំងអស់យ៉ាងណា យើងក៏នឹងស្តាប់បង្គាប់តាមលោកយ៉ាងណានោះដែរ។ សូមឲ្យតែព្រះយេហូវ៉ា ជាព្រះរបស់លោក បានគង់ជាមួយលោក ដូចព្រះអង្គបានគង់ជាមួយលោកម៉ូសេចុះ! 18អ្នកណាដែលបះបោរទាស់នឹងបញ្ជារបស់លោក ហើយមិនស្តាប់បង្គាប់ពាក្យរបស់លោក ជាពាក្យដែលលោកបញ្ជា អ្នកនោះនឹងត្រូវប្រហារជីវិត សូមឲ្យតែលោកមានកម្លាំង និងចិត្តក្លាហានចុះ»។
Currently Selected:
យ៉ូស្វេ 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies