YouVersion Logo
Search Icon

យ៉ូអែល 3

3
1 ដ្បិត​មើល៍ នៅ​គ្រា​នោះ និង​នៅ​វេលា​នោះ កាល​យើង​បាន​ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដូច​ដើម​ឡើង​វិញ 2នោះ​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់ ហើយ​នាំ​គេ​ចុះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​យេហូ‌សាផាត នៅ​ទី​នោះ​យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក‌គេ ដោយ​ព្រោះ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​អ៊ីស្រា‌អែល ជា​មត៌ក​របស់​យើង ដែល​គេ​កម្ចាត់​កម្ចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​គេ​បាន​បែង​ចែក​ទឹក​ដី​របស់​យើង។ 3គេ​យក​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ដោះ​ដូរ​ក្មេង​ប្រុស​យក​ស្រី​ពេស្យា ហើយ​គេ​លក់​ក្មេង​ស្រី ដើម្បី​ទិញ​ស្រា​ផឹក ហើយ​ក៏​ស្រវឹង​ដោយ​ស្រា​នោះ។
4ម្នាល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​តំបន់​នានា​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ភីលី‌ស្ទីន​អើយ តើ​អ្នក​មាន​ការ​អ្វី​នឹង​យើង តើ​អ្នក​រាល់​គ្នា​គិត​សង​សឹក​នឹង​យើង​ឬ? ប្រសិន​បើ​អ្នក​រាល់​គ្នា​សង​យើង នោះ​យើង​នឹង​ទម្លាក់​ទៅ​លើ​ក្បាល​អ្នក​វិញ​ភ្លាម​មួយ​រំពេច។ 5ដ្បិត​អ្នក​រាល់​គ្នា​បាន​យក​ប្រាក់ និង​មាស​របស់​យើង ហើយ​បាន​ដឹក‌យក​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​យើង ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក។ 6អ្នក​បាន​លក់​ប្រជាជន​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡិម​ឲ្យ​ពួក​សាសន៍​ក្រិក ដើម្បី​យក​គេចេញ​ទៅ​ឆ្ងាយ​ពី​ព្រំ​ដែន​របស់​ខ្លួន។ 7មើល៍ យើង​នឹង​ដាស់​គេ​ឡើង ឲ្យ​ចេញ​ពី​ទី​កន្លែង​ដែល​អ្នក​បាន​លក់​គេ​ទៅ ហើយ​នឹង​សង​អំពើ​នោះ ទៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា​វិញ។ 8យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា‌ជន​យូដា​វិញ ហើយ​គេ​នឹង​លក់​វា​ទៅ​ឲ្យ​ពួក​សេបា គឺ​ដល់​សាសន៍​មួយ​ដែល​នៅ​ឆ្ងាយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។
ការ​វិនិច្ឆ័យ​ទោស​នៅ​ជ្រលង​ភ្នំ​យេហូសាផាត
9ចូរ​ប្រកាស​ប្រាប់​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ​ដូច្នេះ​ថា
ចូរ​ត្រៀម​ខ្លួន​ចូល​ច្បាំង
ចូរ​ដាស់​មនុស្ស​ខ្លាំង​ពូកែ​ឡើង
ត្រូវ​ឲ្យ​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ចូល​មក​ជិត
ត្រូវ​ឲ្យ​គេ​នាំ​គ្នា​ឡើង​មក។
10ចូរ​ដំ​ដែក​ផាល​នង្គ័ល​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ដាវ
ហើយ​ដង្កាវ​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​លំពែង​ទៅ
ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា "ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ"។
11ម្នាល​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​អើយ
ចូរ​ប្រញាប់​មក​ប្រជុំ​គ្នា ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ឲ្យ​ពួក​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ​ចុះ​មក។
12ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង
ហើយ​មក​ឯ​ជ្រលង​ភ្នំ​យេហូ‌សាផាត
ដ្បិត​នៅ​ទី​នោះ យើង​នឹង​អង្គុយ​ជំនុំ​ជម្រះ
សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ។
13ចូរ​លូក​កណ្តៀវ​ទៅ ដ្បិត​ចម្រូត​ទុំ​ហើយ
ចូរ​មក​ជាន់​ផ្លែ​ចុះ ដ្បិត​ធុង​បញ្ជាន់​ផ្លែ​ពេញ​ហើយ
ធុង​ត្រង​ទឹក​ទំពាំង​បាយ​ជូរ​ក៏​ពេញ​ហៀរដែរ
ដ្បិត​អំពើ​អាក្រក់​របស់​គេ​សម្បើម​ណាស់។
14មាន​មនុស្ស​ទាំង​ហ្វូង
អើ មាន​ទាំង​ហ្វូង​នៅ​ជ្រលង​ភ្នំ​នៃ​ការ​សម្រេច​ទោស!
ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ
នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ការ​សម្រេច​ទោស!
15ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ងងឹត​សូន្យ
ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​លែង​ភ្លឺ​ដែរ។
16ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ភ្នំ​ស៊ីយ៉ូន
ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម
ផ្ទៃ​មេឃ និង​ផែន‌ដី​កក្រើក​រំពើក
តែ​ព្រះ‌យេហូវ៉ា​ជា​ជម្រក​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ជា​ទី​មាំ‌មួន​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។
អនាគត​ដ៏​រុង​រឿង​របស់​យូដា
17យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា
យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
យើង​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​យើង
ក្រុង​យេរូ‌សាឡិម​នឹង​បាន​បរិសុទ្ធ
ហើយ​គ្មាន​អ្នក​ដទៃ​ណា​ដើរ​កាត់​ទៀត​ឡើយ។
18នៅ​គ្រា​នោះ ភ្នំ​ធំៗនឹង​ស្រក់​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម
ហើយ​ភ្នំ​តូចៗ​នឹង​ហូរ​ដោយ​ទឹក​ដោះ
អស់​ទាំង​ជ្រោះ​នៅ​ស្រុក​យូដា​នឹង​មាន​ទឹក​ហូរ
ហើយ​នឹង​មាន​ក្បាល​ទឹក​មួយ
ហូរ​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា
មក​ស្រោច‌ស្រព​ជ្រលង​ភ្នំ​ស៊ីទីម។
19ស្រុក​អេស៊ីព្ទ​នឹងទៅ​ជា​ស្ងាត់​ច្រៀប
ហើយ​ស្រុក​អេដុម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន
ព្រោះ​តែ​អំពើ​ឃោរ​ឃៅ​ដែល​គេ
បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​យូដា
ដ្បិត​គេ​បាន​កម្ចាយ​ឈាម​មនុស្ស​ស្លូត​ត្រង់
នៅ​ក្នុង​ស្រុក​របស់​គេ។
20ប៉ុន្តែ យូដា​នឹងរស់​នៅ​រហូត​តទៅ
ហើយ​ក្រុង​យេរូ‌សាឡិម​ដែរ
គឺ​គ្រប់​ជំនាន់​ត​រៀង​ទៅ។
21យើង​នឹង​សង​សឹក​ឲ្យ​ឈាម​របស់​គេ
គឺ​ឈាម​ដែល​យើង​មិន​ទាន់​បាន​សង​សឹក​ឲ្យ​នៅ​ឡើយ
ដ្បិត​ព្រះ‌យេហូវ៉ា​គង់​នៅ​ក្រុង​ស៊ីយ៉ូន។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in