YouVersion Logo
Search Icon

យ៉ូប 6

6
ចម្លើយ​របស់​លោក​យ៉ូប៖ នេះ​គ្រាន់​តែ​ការ​រអ៊ូ‌រទាំ​របស់​ខ្ញុំ
1នោះ​លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖
2«ឱ​បើ​សេចក្ដី​មួម៉ៅ​របស់​ខ្ញុំ​បាន​ថ្លឹង​មើល
ដោយ​ដាក់​លើ​ជញ្ជីង
ជា‌មួយ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​នោះ។
3ដ្បិត​នឹង​ធ្ងន់​ជាង​ខ្សាច់​សមុទ្រ​ទៅ​ទៀត
គឺ​ហេតុ​នោះ​បាន​ជា​ពាក្យ​ខ្ញុំ
បាន​ជ្រួស‌ហួស​ទៅ។
4ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ
វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ
អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ
បាន​តម្រៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ។
5បើ​លា​ព្រៃ​មាន​ស្មៅ​ស៊ី តើ​វា​ស្រែក​ដែរ​ឬ?
តើ​គោ‌រោទ៍​កំពុង​ដែល​ស៊ី​ចំបើង​ឬ?
6របស់​ដែល​គ្មាន​រស​ជាតិ
តើ​នឹង​បរិ‌ភោគ​ឥត​អំបិល​បាន​ឬ?
តើ​ស​របស់​ពង​មាន​រស​ឬ?
7សេចក្ដី​ដែល​ចិត្ត​ខ្ញុំ​មិន​ព្រម​ប៉ះ‌ពាល់
នោះ​ទុក​ដូច​ជា​អាហារ​ដែល​គួរ​ឆ្អើម​ដល់​ខ្ញុំ។
8ឱ​ប្រសិន‌បើ​ខ្ញុំ​នឹង​បាន​ដូច​សេចក្ដី​សំណូម
ហើយ​ព្រះ​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន
តាម​បំណង​ចិត្ត​នោះ។
9គឺ​សូម​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កិន​កម្ទេច​ខ្ញុំ​ទៅ
ហើយ​គ្រវី​ព្រះ‌ហស្ត ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ។
10យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្ដី​រដោះ​ទុក្ខ
ខ្ញុំ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​សេចក្ដី​ឈឺ​ចាប់​នេះ
ដែល​មិន​ចេះ​ប្រណី​សោះ
ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល
របស់​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ។
11តើ​កម្លាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត?
តើ​ចុង​បំផុត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា
បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់?
12តើ​កម្លាំង​របស់​ខ្ញុំ​ដូច​ជា​កម្លាំង​ថ្ម​ឬ?
តើ​សាច់​របស់​ខ្ញុំ​ជា​លង្ហិន​ដែរ​ឬ?
13តាម​ពិត ក្នុង​ខ្លួន​ខ្ញុំ គ្មាន​ទី​ពឹង​ទៀត​ទេ
ហើយ​ប្រាជ្ញា​ក៏​បាន​ត្រូវ​បណ្តេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។
14អ្នក​ដែល​មិន​សម្ដែង
សេចក្ដី​អាណិត​អាសូរ​ដល់​មិត្ត​ភក្ដិ
អ្នក​នោះ​លែង​កោត​ខ្លាច
ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយ។
15ឯ​បង‌ប្អូន​ខ្ញុំ​វិញ គេ​បាន​ប្រព្រឹត្ត
ដោយ​ចិត្ត​វៀច​ដូច​ជា​ជ្រោះ​ទឹក
គឺ​ដូច​ជា​បាត​នៃ​ជ្រោះ​ទឹក​ដែល​បាត់​អស់​ទៅ
16ជា​ទឹក​ដែល​មើល​ទៅ​ខ្មៅៗ
ដោយ​ព្រោះ​កក​ហើយ
ក៏​មាន​ហិមៈ​នៅ​កប់​ក្នុង​នោះ​ដែរ
17លុះ​មាន​ពេល​ក្តៅ​ក៏​រលាយ​ទៅ
រួច​ដល់​រដូវ​ក្តៅ ទឹក​នោះ​រីង​បាត់
ពី​កន្លែង​អស់​រលីង។
18ពួក​ដំណើរ​ដែល​ដើរ​តាម​ផ្លូវ​នោះ​ក៏​បែរ​ចេញ
គេ​កប់​បាត់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន
ហើយ​ត្រូវ​វិនាស​សូន្យ​ទៅ។
19ពួក​ដំណើរ​សាសន៍​ថេម៉ាន គេ​ដើរ​មក​រក
ពួក​សាសន៍​សេបា​ក៏​ទន្ទឹង​ចាំ
20គេ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​បាន​ទុក​ចិត្ត
គេ​បាន​ទៅ​ដល់​ទី​នោះ តែ​ត្រូវ​ទាល់​បើ​គិត។
21គឺ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង
អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​វេទនា​របស់​ខ្ញុំ
ហើយ​ក៏​ស្លុត​ក្នុង​ចិត្ត។
22តើ​ខ្ញុំ​បាន​ថា សូម​មេត្តា​ឲ្យ​អ្វី​មក​ខ្ញុំ?
ឬ​ថា សូម​យក​ទ្រព្យ‌សម្បត្តិ​ខ្លះ​របស់​អ្នក
ថ្វាយ​ជា​តង្វាយ​ឲ្យ​ខ្ញុំ​ផង​ឬ?
23តើ​បាន​ថា សូម​ជួយ​ឲ្យ​ខ្ញុំ
រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សត្រូវ?
ឬ​ថា សូម​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ
នៃ​អ្នក​ដែល​សង្កត់‌សង្កិន​ឬ?
24សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ
សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស​ឆ្គង​អ្វី។
25ពាក្យ​សម្ដី​ត្រឹម​ត្រូវ
នោះ​ពូកែ​បណ្ដាល​យ៉ាង​ណា​ហ្ន៎
តែ​សេចក្ដី​បន្ទោស​របស់​អ្នក​រាល់​គ្នា
បាន​បន្ទោស​អ្វី​ខ្លះ?
26ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស
ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ
តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សម្ដី​ឬ?
27អ្នក​រាល់​គ្នា​គ្រប​សង្កត់​លើ​ពួក​កំព្រា
ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មិត្ត​សម្លាញ់​ខ្លួន​ផង។
28ប៉ុន្តែ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ
ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ
នឹង​អ្នក​រាល់​គ្នា​ទេ។
29សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ
កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ
សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ
ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ។
30តើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​អណ្ដាត​ខ្ញុំ​ឬ?
តើ​ខ្ញុំ​មិន​ចេះ​ភ្លក់​ដឹង​សេចក្ដី​ខូច​កាច​ទេ​ឬ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in