យ៉ូប 41
41
1 តើឯងនឹងស្ទូចចាប់ក្រពើ បាន
ឬយកខ្សែទៅចងអណ្ដាតវាបានឬទេ?
2តើឯងនឹងដាក់កន្លុះនៅច្រមុះវា
ឬយកតម្ពក់ថ្ពក់ថ្គាមវាបានឬ?
3តើវានឹងអង្វរឯង
ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬ?
4តើវានឹងចុះសន្យានឹងឯង
ឲ្យឯងបានយកវាទៅបម្រើជាដរាបឬ?
5តើឯងនឹងលេងជាមួយវា ដូចជាលេងនឹងចាប
ឬចងវាទុកឲ្យពួកទាសីឯងឬ?
6តើពួកនេសាទនឹងចាប់វាលក់
ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬ?
7តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក
ឬក្បាលវាដោយស្នចាក់ត្រីបានឬ?
8ចូរឯងដាក់ដៃពាល់វាមើល
រួចឲ្យចាំទុក កុំឲ្យធ្វើទៀត
9 មើល៍! ដែលចាំចាប់វា នោះនឹងខកចិត្តហើយ
គ្រាន់តែឃើញវា នោះស្លុតចិត្តហើយ។
10បើគ្មានអ្នកណាអាចហ៊ានដាស់វាឡើងដូច្នេះ
តើមានអ្នកណាអាចឈរនៅមុខយើងបាន?
11តើអ្នកណាដែលឲ្យអ្វីមកយើងជាមុន
ដើម្បីឲ្យយើងត្រូវសងគេវិញ?
អ្វីៗសព្វសារពើនៅក្រោមមេឃជារបស់យើង។
12យើងមិនទាន់ឈប់និយាយពីជើង និងកម្លាំងវា
ឬពីរាងដ៏សមសួនរបស់វាផង។
13តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន?
តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា?
14តើអ្នកណាអាចនឹងបើកមាត់វាបាន?
ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច
15ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា
16មួយៗភ្ជាប់គ្នា
ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង
17មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា
និងផ្តាច់ចេញពីគ្នាមិនបានឡើយ។
18កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ
ភ្នែកវាក៏ដូចជាអរុណរះ
19មានអណ្ដាតភ្លើងចេញពីមាត់វា
ហើយផ្កាភ្លើងហើរចេញមកដែរ។
20មានផ្សែងចេញពីរន្ធច្រមុះវាដូចជាចេញពីឆ្នាំង
ឬពីថ្លាងដែលពុះ។
21ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង
ហើយមានអណ្ដាតភ្លើងចេញពីមាត់វាមក។
22នៅត្រង់កវា មានកម្លាំងណាស់
ហើយសេចក្ដីស្ញែងខ្លាច
ក៏លោតកញ្ឆេងនៅមុខវា
23សាច់ស្រទាប់របស់វាក៏ជាប់ៗគ្នា
ក៏មាំណាស់ និងបកចេញមិនបាន។
24បេះដូងវារឹងដូចជាថ្ម
អើ ក៏រឹងដូចថ្មត្បាល់កិន។
25កាលណាវាចំកោងខ្លួនឡើង
នោះមនុស្សខ្លាំងពូកែក៏ភ័យខ្លាច
ហើយរត់ទៅដោយភាំងស្លុត។
26បើអ្នកណាយកដាវទៅកាប់វា ក៏មិនឈ្នះ
ហើយលំពែង ដែកពួយ
ឬស្នក៏ឥតប្រយោជន៍។
27វារាប់ដែកដូចជាចំបើង
ហើយលង្ហិនដូចជាឈើពុក
28ព្រួញនឹងធ្វើឲ្យវារត់មិនបាន
ហើយបាញ់គ្រាប់ថ្ម
ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា។
29វារាប់ដំបងដូចជាចំបើង
ហើយក៏សើចឡកដាក់លំពែង។
30ពោះវាមានដូចជាអំបែងឆ្នាំង
ក៏ធ្វើស្នាមដូចជារនាស់នៅលើភក់។
31វាធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំង
ក៏ធ្វើឲ្យទឹកសមុទ្រត្រឡប់ដូចជាក្រឡទឹកអប់។
32វាធ្វើឲ្យមានផ្លូវភ្លឺតាមក្រោយវា
គេនឹងស្មានថាទីជម្រៅមានសក់ស្កូវហើយ។
33នៅលើផែនដីគ្មានសត្វណាដូចវាឡើយ
ជាសត្វដែលកើតមកឥតមានភ័យខ្លាច។
34វាមើលទៅឃើញគ្រប់ទាំងអស់ដែលខ្ពស់
ជាសត្វដែលគ្រប់គ្រងលើអស់ទាំងសត្វ
ដែលមានសេចក្ដីអំនួត»។
Currently Selected:
យ៉ូប 41: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies