យ៉ូប 39
39
1តើឯងដឹងវេលាណាដែលពពែព្រៃ
នៅភ្នំថ្មសម្រាលកូន
ឬចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ?
2តើឯងកំណត់ដឹងថាវាត្រូវមានទម្ងន់ប៉ុន្មានខែ
ឬរដូវដែលនឹងកើតកូនមកឬទេ?
3ដឹងពេលវាចំកោងខ្លួនសម្រាលកូនមក
រួចផុតពីសេចក្ដីឈឺចាប់របស់វាឬទេ?
4កូនវាត្រឡប់ជារឹងប៉ឹង
ហើយក៏ធំឡើងនៅវាលស្រឡះ
រួចឃ្លាតចេញពីមេទៅ
ឥតត្រឡប់មកវិញឡើយ។
5តើអ្នកណាបានលែងលាព្រៃ ឲ្យមានសេរីភាព
ឬអ្នកណាបានស្រាយចំណងរបស់វា
6ដែលយើងបានឲ្យមានទីកន្លែងនៅទីរហោស្ថាន
ហើយទីមានដីប្រៃជាលំនៅវា?
7វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង
ក៏មិនឮសម្រែកនៃអ្នកបញ្ចេរវាឡើយ។
8ដងភ្នំជាទីរកស៊ីរបស់វា
វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។
9តើគោព្រៃនឹងសុខចិត្តឲ្យឯងប្រើឬ?
តើវានឹងនៅជាប់ក្បែរទ្រុងស្មៅរបស់ឯងឬ?
10ឯងអាចនឹងចងគោព្រៃ
ឲ្យភ្ជួរតាមគន្លងបានឬទេ?
តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ?
11តើឯងនឹងទុកចិត្តដល់វា
ដោយព្រោះមានកម្លាំងខ្លាំង
ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ?
12តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក
ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ?
13ឯស្លាបសត្វអូទ្រុសញី វាទទះដោយអំណរ
តែចំអេង និងស្លាបវា តើជារបស់សត្វកុកឬ?
14វាពងចោលនៅលើដី
ក៏បង្ហប់ពងឲ្យក្តៅដោយសារខ្សាច់
15ដោយឥតនឹកថា ជើងគេនឹងជាន់បំបែកឡើយ
ឬសត្វព្រៃណានឹងជាន់ឈ្លី។
16វាតែងនៅជាមួយកូន
ដូចជាមិនមែនរបស់ខ្លួនទេ
ហើយដែលវាពងជាឥតប្រយោជន៍នោះ
ក៏មិនរវល់ផង
17ព្រោះព្រះបង្អត់ប្រាជ្ញាដល់វា
ក៏មិនបានប្រទានឲ្យវាមានយោបល់ដែរ។
18វេលាណាដែលវាចំអើតខ្លួនខ្ពស់ឡើង
នោះវាមើលងាយដល់ទាំងសេះ
និងអ្នកជិះផង។
19តើឯងឬ ដែលឲ្យសេះមានកម្លាំង?
តើឯងឬ ដែលតាក់តែងឲ្យសេះមានសក់
ដែលរលាស់ដោយខ្យល់?
20តើឯងឬ ដែលធ្វើឲ្យវា
អាចលោតដូចជាកណ្តូប?
ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច
21វាកាយបូលដីនៅវាលច្រកភ្នំ
ហើយក៏អរសប្បាយដោយកម្លាំងវា
ក៏ចេញទៅប្រទល់នឹងមនុស្ស
ដែលពាក់គ្រឿងសស្ត្រាវុធ។
22វាមើលងាយសេចក្ដីភិតភ័យ
ហើយមិនចេះរុញរាឡើយ
ក៏មិនដែលគេចចេញពីដាវដែរ។
23បំពង់ព្រួញក៏ឮក្រុកក្រាក់នៅលើវា
ព្រមទាំងលំពែងដែលភ្លឺផ្លេកៗ
និងដែកពួយផង។
24វាកញ្ជ្រោលអន្ទះសាទាំងតន្ត្រំដី
ហើយកាលឮសូរត្រែ
នោះទប់វាមិនបានឡើយ។
25វេលាណាដែលវាឮសូរត្រែ
នោះវាស្រែកថា "ហេះហេ"
វាស្រងក្លិនចម្បាំងពីចម្ងាយ
ក៏ស្គាល់សម្រែកនៃពួកមេទ័ព
និងសូរទ្រហឹងអឺងអាប់។
26តើអកហើរសំកាំងស្លាប
ហើយត្រដាងស្លាបវាទៅទិសខាងត្បូង
ដោយប្រាជ្ញារបស់ឯងឬ?
27តើឥន្ទ្រីហើរទៅលើ
ហើយធ្វើសម្បុកនៅទីខ្ពស់តាមបង្គាប់ឯងឬ?
28វានៅតាមក្រហែងថ្ម ក៏ធ្វើសម្បុកនៅទីនោះ
គឺនៅតាមក្រហែងថ្មភ្នំជាទីមាំមួន។
29ពីទីនោះ វាក្រឡេកគន់រករំពា
ភ្នែកវាមើលទៅឃើញឆ្ងាយ។
30កូនវាក៏ជញ្ជក់ស៊ីឈាម
ឯកន្លែងណាដែលមានគេសម្លាប់គ្នា
ក៏មានវានៅទីនោះ»។
Currently Selected:
យ៉ូប 39: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies