YouVersion Logo
Search Icon

យ៉ូប 38

38
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច
តប​នឹង​លោក​យ៉ូប​ថា៖
2«តើ​អ្នក​ណា​ដែល​បង្អាប់​ព្រះ​តម្រិះ
ដោយ‌សារ​ពាក្យ​សម្ដី​ឥត​ប្រាជ្ញា​ដូច្នេះ?
3ចូរ​ក្រវាត់​ចង្កេះ​ឯង
ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ
យើង​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​យើង។
4តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​យើង
ចាប់​ផ្ដើម​បង្ក​បង្កើត​ផែនដី?
ចូរ​ប្រាប់​យើង​មក បើ​ឯង​ដឹង។
5បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី?
តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់?
6តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី
ឬ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ
7ក្នុង​ពេល​ផ្កាយ​ព្រឹក​ច្រៀង​ជា‌មួយ​គ្នា
និង​អស់​ទាំងពួក​ស្ថានសួគ៌
ស្រែក​ហ៊ោ​ដោយ​អំណរ?
8តើ​អ្នក​ណា​បាន​បិទ​ទ្វារ​ទប់​សមុទ្រ​ទុក
នៅ​ពេល​ដែល​ធ្លាយ​ចេញ​មក
ដូច​ជា​សម្រាល​ចេញ​ពី​ផ្ទៃ​ម្តាយ?
9គឺ​ក្នុង​កាល​ដែល​យើង​បាន​ហ៊ុម​ដោយ​ពពក
ទុក​ដូច​ជា​អាវ
ហើយ​រុំ​ព័ទ្ធ​នឹង​សេចក្ដី​ងងឹត​ជា​យ៉ាង​ក្រាស់
ទុក​ជា​កន្សែង
10ព្រម​ទាំង​ដាក់​គោល​ចារឹក​ឲ្យ
ហើយ​ក៏​ដាក់​រនុក និង​ទ្វារ​ផង
11ដោយ​ពាក្យ​ថា "ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ
នឹង​ហួស​ទៅ​ទៀត​មិន​បាន
រលក​ដ៏​អង់‌អាច​របស់​ឯង​ត្រូវ​ឈប់​នៅ​ទី​នេះ"។
12តាំង​ពី​ឯង​កើត​មក
តើ​ឯង​ដែល​បង្គាប់​ដល់​ពេល​ព្រឹក
ឬ​ឲ្យ​បច្ចូស‌កាល​ដឹង​កំណត់
13ដើម្បី​ឲ្យ​បាន​ចាប់​ចុង​ផែនដី​បំផុត
ឲ្យ​មនុស្ស​អាក្រក់​ត្រូវ​រលាស់​ចេញ​ទៅ​ឬ​ទេ?
14ពន្លឺ​នោះ​ក៏​ប្រែ​ទៅ​បែប​ដូច​ជា
ដី​ឥដ្ឋ​នៅ​ក្រោម​ត្រា
ហើយ​ផែនដី​មាន​ភាព​ដូច​ជា​ពាក់​អាវ។
15ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ
ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច
នោះ​បាន​ត្រូវ​បាក់​វិញ។
16តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ
ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជម្រៅ
នៃ​បាត​សមុទ្រ​ឬ​ទេ?
17ឯ​ទ្វារ​នៃ​សេចក្ដី​ស្លាប់
តើ​បាន​សម្ដែង​មក​ឲ្យ​ឯង​ឃើញ
ឬ​ឯង​បាន​ឃើញ​ទ្វារ
នៃ​ម្លប់​សេចក្ដី​ស្លាប់​ហើយ​ឬ​នៅ?
18តើ​ឯង​បាន​ពិចារ‌ណា​ឃើញ
ទទឹង​បណ្តោយ​នៃ​ផែនដី​ឬ?
ចូរ​ប្រាប់​មក​ចុះ
បើ​ឯង​ដឹង​សេចក្ដី​ទាំង​អស់​នេះ​ហើយ។
19តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ
ឯ​សេចក្ដី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា
20ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន
ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ
ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្ដី​នោះ?
21ប្រាកដ​ជា​ឯង​ដឹង​មែន ដ្បិត​នៅ​គ្រា​នោះ
ឯង​បាន​កើត​មក​ហើយ
ឯ​អាយុ​ឯង​ក៏​វែង​យូរ​ណាស់​ផង
22តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ?
តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រឹល
23ដែល​យើង​បាន​បម្រុង​ទុក
សម្រាប់​គ្រា​អន្តរាយ​ឬ?
គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចម្បាំង
24តើ​ពន្លឺ​បាន​ចែក​ទៅ
ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ
ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា?
25តើ​អ្នក​ណា​បាន​ជីក​ផ្លូវ​ឲ្យ​ទឹក​ធំ​ហូរ​មក
ឬ​ផ្លូវ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ផ្គរ
26ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក
ដែល​ឥត​មាន​អ្នក​ណា​នៅ
ឬ​មក​លើ​ទី​រហោ‌ស្ថាន
ដែល​គ្មាន​មនុស្ស​អាស្រ័យ​នៅ
27ប្រយោជន៍​នឹង​ចម្អែត​ដី​ចោល​ទទេ
ហើយ​ហួត‌ហែង និង​ធ្វើ​ឲ្យ
ស្មៅ​ពន្លក​ដុះ​ឡើង​នោះ?
28តើ​ភ្លៀង​មាន​ឪពុក​ឬ?
តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម?
29តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា?
តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក
ដែល​មក​ពី​លើ​មេឃ?
30ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម
ហើយ​ខាង​លើ​ទី​ជម្រៅ
នោះ​ទឹក​បាន​កក​ហើយ។
31តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់
ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ?
32តើ​ឯង​អាច​នឹង​នាំ​រាសី‌ច័ក្រ​ទាំង​ប៉ុន្មាន
ចេញ​តាម​រដូវ​បាន
ឬ​តម្រង់​ផ្កាយ​ក្រពើ ព្រម​ទាំង​កូន​ផង​បាន​ឬ?
33តើ​ឯង​ស្គាល់​របៀប​នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ?
តើ​ឯង​នឹង​បង្គាប់​អំណាច​នៃ​របស់​ទាំង​នោះ
លើ​ផែនដី​បាន​ដែរ​ឬ?
34តើ​ឯង​នឹង​បន្លឺ​សំឡេង​ឡើង បង្គាប់​ដល់​ពពក
ឲ្យ​បាន​ទឹក​ជា​បរិបូរ​ធ្លាក់​មក​លើ​ឯង​បាន​ឬ?
35តើ​អាច​នឹង​បញ្ចេញ​ផ្លេក‌បន្ទោរ ឲ្យ​បាន​ចេញ​ទៅ
ដោយ​ឆ្លើយ​មក​ឯង​ថា "បាទ" បាន​ឬ​ទេ?
36តើ​អ្នក​ណា​បាន​ដាក់​ប្រាជ្ញា​នៅ​ក្នុង​ចិត្ត
ឬ​ឲ្យ​មាន​យោបល់​នៅ​ក្នុង​វិញ្ញាណ?
37តើ​អ្នក​ណា​នឹង​រាប់​ពពក​ដោយ​ប្រាជ្ញា​បាន
ឬ​ផ្អៀង​ដប​នៃ​ផ្ទៃ​មេឃ​ឲ្យ​ទឹក​ចេញ​មក
38ដើម្បី​ឲ្យ​ធូលី​បាន​ហូរ​ប្រសព្វ​គ្នា
ហើយ​ឲ្យ​ដុំ​ដី​បាន​រលាយ​ជាប់​គ្នា​វិញ?
39តើ​ឯង​នឹង​រក​រំពា​ឲ្យ​សិង្ហ​ញី
ឬ​ចម្អែត​ដល់​កូន​សិង្ហ​ដែល​ឃ្លាន
40ក្នុង​កាល​ដែល​ដេក​នៅ​ក្នុង​រូង​របស់​វា
ឬ​ចាំ​សង្គ្រុប​នៅ​ទី​កំបាំង​បាន​ឬ​ទេ?
41តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក
ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ
ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ?

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in