យ៉ូប 35
35
លោកអេលីហ៊ូវចោទប្រកាន់ពីសេចក្ដីសុចរិតរបស់លោក
1មួយទៀត អេលីហ៊ូវនិយាយថា៖
2«សេចក្ដីនេះ តើលោកស្មានថា គួរគប្បីឬ?
ដែលលោកចង់ថា សេចក្ដីសុចរិតរបស់លោក
នោះលើសជាងសេចក្ដីសុចរិតរបស់ព្រះ
3ដោយពាក្យថា តើមានប្រយោជន៍អ្វីដល់ខ្ញុំ
ហើយបើខ្ញុំមិនបានធ្វើបាប
នោះតើនឹងបានកម្រៃជាជាងយ៉ាងណាទៅ
4ខ្ញុំនឹងតបឆ្លើយដល់លោក
ហើយដល់ពួកម៉ាករបស់លោកនេះដែរ
5សូមពិចារណាមើលស្ថានសួគ៌ចុះ
ហើយរំពឹងមើលផ្ទៃមេឃ
ដែលខ្ពស់ជាងលោកជាយ៉ាងណា
6បើលោកបានធ្វើបាប តើលោកបានធ្វើ
ឲ្យដាបដល់ព្រះអង្គយ៉ាងណាខ្លះ?
បើអំពើរំលងរបស់លោកបានចម្រើន
កាន់តែច្រើនឡើង តើលោកបានធ្វើ
ឲ្យដាបដល់ព្រះអង្គជាយ៉ាងណា?
7ឬបើលោកសុចរិតវិញ
តើលោកបានបន្ថែមអ្វីដល់ព្រះអង្គ
ឬព្រះអង្គទទួលអ្វីពីដៃលោក?
8អំពើអាក្រក់របស់លោកអាចនឹងធ្វើបង្ខូច
ដល់អ្នកដទៃបាន ជាមនុស្សដូចជាលោកដែរ
ហើយសេចក្ដីសុចរិតរបស់លោកនឹងមាន
ប្រយោជន៍ដល់កូនរបស់មនុស្សដទៃបានដែរ។
9មានគេថ្ងូរ ដោយព្រោះសេចក្ដី
សង្កត់សង្កិនយ៉ាងសន្ធឹក
ក៏មានគេស្រែករកមនុស្សជួយ
ដោយព្រោះតែដៃរបស់មនុស្ស
មានអំណាចមែន។
10តែឥតមានអ្នកណាថា
"ឯព្រះដ៏ជាព្រះអង្គបង្កើតខ្ញុំមក
ដែលព្រះអង្គបណ្ដាលឲ្យច្រៀងនៅវេលាយប់
11ហើយបង្រៀនដល់យើង
ជាជាងសត្វតិរច្ឆាននៅផែនដី
ក៏ឲ្យមានប្រាជ្ញាលើសជាងសត្វហើរ
លើអាកាស តើព្រះអង្គនៅឯណា?"
12គេស្រែកនៅទីនេះ ឥតមានអ្នកណាឆ្លើយឡើយ
ដោយព្រោះសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សអាក្រក់។
13ពិតប្រាកដជាព្រះមិនព្រមស្តាប់សម្រែក
ដែលស្រែកជាទទេៗដែរ
ព្រះដ៏មានគ្រប់ព្រះចេស្តា
ព្រះអង្គមិនព្រមទាំងក្រឡេកមើលផង។
14ចំណង់បើលោក
ដែលពោលថាលោកមើលព្រះអង្គមិនឃើញ
តើយ៉ាងណាទៅ ឯរឿងនោះក៏នៅចំពោះព្រះអង្គ
គឺលោកវិញដែលត្រូវរង់ចាំព្រះអង្គ។
15ឥឡូវនេះ ដោយព្រោះព្រះអង្គមិនធ្វើទោស
ដោយសេចក្ដីក្រោធទេ
ក៏មិនសូវរវល់នឹងសេចក្ដីឆ្មើងឆ្មៃដែរ
16លោកយ៉ូបបានបើកមាត់
បញ្ចេញតែសេចក្ដីឥតប្រយោជន៍
ហើយបញ្ចេញពាក្យសម្ដីឥតបើគិតវិញ»។
Currently Selected:
យ៉ូប 35: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies