YouVersion Logo
Search Icon

យ៉ូប 23

23
ចម្លើយ​របស់​លោក​យ៉ូប៖ ពាក្យ​ត្អូញត្អែរ​ដ៏ជូរល្វីង​របស់ខ្ញុំ
1នោះ​លោក​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា៖
2«នៅ​ថ្ងៃ​នេះ ពាក្យ​តម្អូញ​របស់​ខ្ញុំ
ជា​សេចក្ដី​ជូរ​ល្វីង
ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សង្កត់​លើ​ខ្ញុំ
ដោយ​ព្រោះ​សំឡេង​ថ្ងូរ​របស់​ខ្ញុំ។
3ឱ​បើ​ខ្ញុំ​បាន​ដឹង​ជា​ប្រទះ​ឃើញ​ព្រះ‌អង្គ​នៅ​ទី​ណា
ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​ដល់​បល្ល័ង្ក​ព្រះ‌អង្គ​ទៅ​អេះ
4នោះ​ខ្ញុំ​នឹង​បាន​រៀបរាប់​ពី​ដំណើរ​ខ្ញុំ
ដោយ​លំដាប់​ទូល​នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​នឹង​បំពេញ​មាត់​ខ្ញុំ
ដោយ​សេចក្ដី​ជជែក​តវ៉ា។
5ខ្ញុំ​នឹង​បាន​ស្គាល់​ពាក្យ​ណា
ដែល​ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ខ្ញុំ
ហើយ​យល់​សេចក្ដី​ដែល​ព្រះ‌អង្គ
ចង់​មាន​ព្រះ‌បន្ទូល​តប។
6តើ​ព្រះ‌អង្គ​ប្រើ​អំណាច​ដ៏​ធំមក​តយុទ្ធនឹង​ខ្ញុំ​ឬ?
ទេ គឺ​ព្រះ‌អង្គ​នឹង​ប្រុង​ស្តាប់​ខ្ញុំ​វិញ។
7នៅ​ទី​នោះ មនុស្ស​ទៀង​ត្រង់
នឹង​ប្រឹក្សា​ជា​មួយ​ព្រះ‌អង្គ​បាន
យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​រួច​ជា​ដរាប
ពី​អំណាច​ចៅ‌ក្រម​ដែល​ជំនុំ​ជម្រះ​ខ្ញុំ។
8តែ​មើល៍ ខ្ញុំ​ដើរ​ទៅ​ខាង​មុខ
តែ​ព្រះ‌អង្គ​មិន​មែន​នៅ​ទី​នោះ
ក៏​ថយ​ទៅ​ក្រោយ តែ​រក​សម្គាល់​ព្រះ‌អង្គ​មិន​បាន
9ទៅ​ខាង​ឆ្វេង​ក្នុងពេល​ព្រះ‌អង្គ​កំពុង​ធ្វើ​ការ
តែ​ខ្ញុំ​មើល​ព្រះ‌អង្គ​មិន​ឃើញ
ហើយព្រះ‌អង្គ​ពួន​នៅ​ខាង​ស្តាំ
មិន​ឲ្យ​ខ្ញុំ​ឃើញ​ឡើយ។
10ប៉ុន្តែ ព្រះ‌អង្គ​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ
ហើយ​កាល​ណា​ព្រះ‌អង្គ​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ
នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស។
11ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ព្រះ‌អង្គ
ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ព្រះ‌អង្គ
ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ។
12ខ្ញុំ​មិន​ដែល​គេច​ចេញ​ពី​បទ​បញ្ជា
នៃ​ព្រះ​រឹម របស់​ព្រះ‌អង្គ​ទេ
ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល
នៃ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ
ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង។
13ព្រះ‌អង្គ​មាន​គំនិត​តែ​មួយ
តើ​អ្នក​ណា​នឹង​បំផ្លាស់​បំប្រែ
ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន?
ការ​អ្វី​ដែល​ព្រះ‌អង្គ​ចង់​ធ្វើ ព្រះ‌អង្គ​ក៏​ធ្វើ។
14ដ្បិត​ព្រះ‌អង្គ​ធ្វើ​សម្រេច​សេចក្ដី
ដែល​បាន​តម្រូវ​ទុក​សម្រាប់​ខ្ញុំ
ហើយ​មាន​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ទៀត
នៅ​នឹង​ព្រះ‌អង្គ​ដែរ។
15ដូច្នេះ ខ្ញុំ​ក៏​ភ័យ​ស្លុត​នៅ​ចំពោះ​ព្រះ‌អង្គ
បើ​កាល​ណា​ខ្ញុំ​គ្រាន់​តែ​នឹក​ពិចារ‌ណា
នោះ​ខ្ញុំ​ខ្លាច​ព្រះ‌អង្គ​ណាស់។
16ដ្បិត​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រយុត​ចិត្ត
ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច
17ក៏​ប៉ុន្តែ ខ្ញុំ​មិន​បាន​នៅ​ស្ងៀម
ដោយ​ព្រោះ​សេចក្ដី​ងងឹត
ហើយ​ក៏​គ្រប​មុខ​ដោយ​ព្រោះ​ភាព​អន្ធការ
ដ៏​ក្រាស់​នេះ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in