YouVersion Logo
Search Icon

យ៉ូហាន 6

6
ព្រះ‌យេស៊ូវ​ប្រទាន​អាហារ​ដល់​មនុស្ស​ប្រាំ​ពាន់​នាក់
(ម៉ាថាយ ១៤.១៣-២១ ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧)
1ក្រោយ​មក ព្រះ‌យេស៊ូវ​យាង​ឆ្លង​ទៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ​កាលី‌ឡេ ដែល​ហៅ​ថា​សមុទ្រ​ទីបេ‌រាស។ 2មាន​បណ្តា​ជន​ជា​ច្រើន​តាម​ព្រះ‌អង្គ​ទៅ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់ ដែល​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ។ 3ព្រះ‌យេស៊ូវ​បាន​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ជា​មួយ​ពួក​សិស្ស 4ពេលនោះ ថ្ងៃ​បុណ្យ​រំលង ជា​បុណ្យ​របស់​សាសន៍​យូដា ជិត​មក​ដល់​ហើយ។ 5ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ ឃើញ​មនុស្ស​កក‌កុញ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​នំបុ័ង​នៅ​ឯ​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?» 6ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​ល​គាត់ ព្រោះ​ព្រះ‌អង្គ​ជ្រាប​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច​ហើយ។ 7ភីលីព​ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ទិញ​នំបុ័ង​អស់​ប្រាក់​ពីរ​រយ​ដេណារី ក៏​មិន​គ្រប់​គ្នា​ដែរ សូម្បី​តែ​ម្នាក់​បន្តិច»។ 8មាន​សិស្ស​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស ទូល​ព្រះ‌អង្គ​ថា៖ 9«នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​ប្រាំ និង​ត្រី​តូចៗ​ពីរ ប៉ុន្តែ ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ច្រើន​យ៉ាង​នេះ?» 10ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ចុះ​ទៅ»។ នៅ​ទី​នោះ មាន​ស្មៅ​ច្រើន ដូច្នេះ គេ​នាំ​គ្នា​អង្គុយ មាន​ចំនួន​ប្រហែល​ជា​ប្រាំ​ពាន់​នាក់។ 11ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ។ រីឯ​ត្រី​វិញ ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន។ 12ពេល​គេ​ឆ្អែត​គ្រប់​គ្នា​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ»។ 13គេ​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក ដែល​សល់​ពី​ប្រាំ​ដុំ ក្រោយ​ពី​បាន​បរិ‌ភោគ​ហើយ​នោះ បាន​ពេញ​ដប់ពីរ​កន្ត្រក។ 14ពេល​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌យេស៊ូវ​ធ្វើ គេ​និយាយ​ថា «លោក​នេះ​ប្រាកដ​ជា​ហោរា ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»។
15ពេល​ព្រះ‌យេស៊ូវ​ជ្រាប​ថា គេ​បម្រុង​នឹង​ចាប់​ព្រះ‌អង្គ​ដោយ​កម្លាំង ដើម្បី​តាំង​ឡើង​ជា​ស្តេច ទ្រង់​ក៏​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ តែ​មួយ​អង្គ​ឯង​ម្តង​ទៀត។
ព្រះ‌យេស៊ូវ​យាង​លើ​ទឹក​សមុទ្រ
(ម៉ាថាយ ១៤.២២-៣៤ ម៉ាកុស ៦.៤៥-៥២)
16នៅ​ពេល​ព្រលប់ ពួក​សិស្ស​ព្រះ‌អង្គ​នាំ​គ្នា​ទៅ​សមុទ្រ 17ចុះ​ទូក ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម ពេល​នោះ ងងឹត ហើយ​ព្រះ‌យេស៊ូវ​ក៏​មិន​ទាន់​មក​ដល់។ 18សមុទ្រ​មាន​ខ្យល់​បក់​បោក​ជា​ខ្លាំង 19ពេល​គេ​ចែវ​ទៅ​ប្រហែល​ជា​ប្រាំ ឬ​ប្រាំ‌មួយ​គី‌ឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 20ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ» 21ពួក​គេ​ចង់​យាង​ព្រះ‌អង្គ​ចូល​ក្នុង​ទូក ស្រាប់​តែ​ពេល​នោះ ទូក​ក៏​មក​ដល់​ត្រើយ ជា​កន្លែង​ដែល​គេ​ចង់​ទៅ។
នំបុ័ង​មក​ពី​ស្ថានសួគ៌
22នៅ​ថ្ងៃ​បន្ទាប់ បណ្តា​ជន​ដែល​នៅ​ត្រើយ​សមុទ្រ​ម្ខាង បាន​ឃើញ​ថា មាន​ទូក​តែ​មួយ​គត់ ដែល​ពួក​សិស្ស​ព្រះ‌អង្គ​បាន​ជិះ ហើយ​មិន​ឃើញ​ព្រះ‌យេស៊ូវ​ជិះ​ទូក​ជា​មួយ​ពួក​សិស្ស​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ ដែល​បាន​ចេញ​ទូក​ទៅ។ 23ប៉ុន្តែ មាន​ទូក​ខ្លះ​ទៀត មក​ពី​ស្រុក​ទីបេ‌រាស ចត​នៅ​ជិត​កន្លែង​ដែល​គេ​បាន​បរិ‌ភោគ​នំបុ័ង ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​អរ​ព្រះ‌គុណ​រួច។ 24ដូច្នេះ ពេល​បណ្តា​ជន​មិន​ឃើញ​ព្រះ‌យេស៊ូវ ឬ​ពួក​សិស្ស​នៅ​ទី​នោះ គេ​ក៏​ជិះ​ទូក​ទៅ​ក្រុង​កាពើ‌ណិម ដើម្បី​រក​ព្រះ‌អង្គ។
25ពេល​គេ​ឃើញ​ព្រះ‌អង្គ​នៅ​ត្រើយ​ម្ខាង​ហើយ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​ពេល​ណា?» 26ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិ‌ភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ។ 27កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។ 28គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ពួក​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដែល​រាប់​ថា​ជា​កិច្ច‌ការ​របស់​ព្រះ?» 29ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «កិច្ច‌ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដល់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក»។
30ដូច្នេះ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​នឹង​ធ្វើ​ទី​សម្គាល់​អ្វី​ឲ្យ​យើង​ខ្ញុំ​ឃើញ ហើយ​ជឿ​ដល់​លោក? តើ​លោក​ធ្វើ​កិច្ច‌ការ​អ្វី​ខ្លះ? 31បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​បរិ‌ភោគ​នំ​ម៉ាណា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​មាន​ចែង​ទុក​មក​ថា៖ "លោក​បាន​ឲ្យ​នំបុ័ង​មក​ពី​ស្ថាន‌សួគ៌​ដល់​គេ​បរិ‌ភោគ"» ។ 32ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌​មក​អ្នក​រាល់​គ្នា​ទេ តែ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ គឺ​ព្រះ‌វរបិតា​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា។ 33ដ្បិត​នំបុ័ង​របស់​ព្រះ គឺ​ជា​ព្រះ‌អង្គ​ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ហើយ​ប្រទាន​ជីវិត​ឲ្យ​មនុស្ស​លោក»។ 34គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ សូម​ឲ្យ​នំបុ័ង​នោះ​មក​យើង​ខ្ញុំ​រហូត​ទៅ»។
35ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​រក​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ។ 36ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ។ 37អស់​អ្នក​ដែល​ព្រះ‌វរបិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​រក​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​រក​ខ្ញុំ ខ្ញុំ​នឹង​មិន​បោះ‌បង់​គេ​ចោល​ឡើយ។ 38ព្រោះ​ខ្ញុំ​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​វិញ។ 39នេះ​ហើយ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​មិន​ចង់​ឲ្យ​បាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ខ្ញុំ​ឡើយ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត។ 40នេះ​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ជឿ​ដល់​ព្រះ‌អង្គ នឹង​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត»។
41ពេល​នោះ ពួក​សាសន៍​យូដា​ឌុក‌ដាន់​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក»។ 42គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក‌ម្តាយ​គាត់​ទេ​ឬ? ម្តេច​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថាន‌សួគ៌​មក​ដូច្នេះ?» 43ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កុំ​ឲ្យ​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ឡើយ 44គ្មាន​អ្នក​ណា​អាច​មក​រក​ខ្ញុំ​បាន​ទេ លើក​លែង​តែ​ព្រះ‌វរបិតា ទាញ​នាំ​គេ​ឲ្យ​មក​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ 45នៅ​ក្នុង​គម្ពីរ​ហោរា​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា" អស់​អ្នក​ដែល​បាន​ឮ ហើយ​បាន​រៀន​ពី​ព្រះ‌វរបិតា អ្នក​នោះ​នឹង​មក​រក​ខ្ញុំ។ 46នេះ​មិន​មែន​មាន​ន័យ​ថា មាន​អ្នក​ណា​បាន​ឃើញ​ព្រះ‌វរបិតា​ឡើយ មាន​តែ​អ្នក​ដែល​មក​ពី​ព្រះ​ប៉ុណ្ណោះ អ្នក​នោះ​ហើយ​បាន​ឃើញ​ព្រះ‌វរបិតា។ 47ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច 48ខ្ញុំ​ជា​នំបុ័ង​ជីវិត។ 49បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នំ​ម៉ាណា នៅ​ទី​រហោ‌ស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ 50នំប៉័ង​ដែល​ខ្ញុំ​និយាយ​នេះ ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដូច្នេះ អ្នក​ណា​ដែល​បរិ‌ភោគ មិន​ត្រូវ​ស្លាប់​ឡើយ។ 51ខ្ញុំ​ជា​នំបុ័ង​ជីវិត ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក បើ​អ្នក​ណា​បរិ‌ភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​កល្ប​ជា‌និច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។
52ដូច្នេះ ពួក​សាសន៍​យូដា​ជជែក​គ្នា ហើយ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​គាត់​មក​យើង​បរិ‌ភោគ​ដូច​ម្តេច​បាន?» 53ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​ផឹក​ឈាម​កូន​មនុស្ស​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ឡើយ។ 54អ្នក​ណា​ដែល​ពិសា​សាច់ និង​ផឹក​ឈាម​របស់​ខ្ញុំ មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ 55ព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត​ប្រាកដ ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿង​ផឹក​ពិត​ប្រាកដ 56អ្នក​ណា​ដែល​ពិសា​សាច់ និង​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​នៅ​ជាប់​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ជាប់​ក្នុង​អ្នក​នោះ​ដែរ។ 57ដូច​ជា​ព្រះ‌វរបិតា​ដែល​មាន​ព្រះ‌ជន្ម​រស់ បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ខ្ញុំ​រស់​នៅ ដោយ​សារ​ព្រះ‌អង្គ នោះ​អ្នក​ណា​ដែល​ពិសា​ខ្ញុំ នឹង​រស់​ដោយ​សារ​ខ្ញុំ​ដែរ។ 58នេះ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​ពិត មិន​ដូច​ជា​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​បរិ‌ភោគ​នំ​ម៉ាណា ហើយ​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​កល្ប​ជា‌និច្ច​វិញ»។ 59ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ នៅ​ពេល​ព្រះ‌អង្គ​កំពុង​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ នៅ​ក្រុង​កាពើ‌ណិម។
ព្រះ‌បន្ទូល​អំពី​ជីវិត​អស់​កល្ប​ជានិច្ច
60ពេល​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ជា​ច្រើន​ឮ​សេចក្ដី​នោះ គេ​ពោល​ថា៖ «សេចក្តី​បង្រៀន​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន?» 61ប៉ុន្តែ ព្រះ‌យេស៊ូវ​ជ្រាប​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​សេចក្ដី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ឬ? 62ចុះ​បើ​អ្នក​រាល់​គ្នា​បាន​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​ស្ថាន ដែល​លោក​នៅ​ពី​ដើម តើ​អ្នក​គិត​ដូច​ម្តេច? 63មាន​តែ​ព្រះ​វិញ្ញាណ​ទេ​ដែល​ប្រទាន​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ និង​ជីវិត​វិញ។ 64ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​មិន​ជឿ​ទេ» (ដ្បិត​ព្រះ‌យេស៊ូវ​ជ្រាប​តាំង​តែ​ពី​ដើម​មក អំពី​អ្នក​ណា​ដែល​មិន​បាន​ជឿ ហើយ​អំពី​អ្នក​ណា ដែល​នឹង​បញ្ជូន​ព្រះ‌អង្គ)។ 65ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​រក​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ‌វរបិតា​ប្រោស​ប្រទាន​មក​ប៉ុណ្ណោះ»។
66តាំង​ពី​នោះ​មក មាន​សិស្ស​ព្រះ‌អង្គ​ជា​ច្រើន​ដក​ខ្លួន​ថយ មិន​តាម​ព្រះ‌អង្គ​ទៀត​ឡើយ។ 67ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​អ្នក​ទាំង​ដប់ពីរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ?» 68ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​អ្នក​ណា​វិញ? គឺ​ព្រះ‌អង្គ​ហើយ​ដែល​មាន​ព្រះ‌បន្ទូល​នៃ​ជីវិត​អស់​កល្ប​ជា‌និច្ច។ 69យើង​ខ្ញុំ​ជឿ​ហើយ ក៏​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​បរិសុទ្ធ​តែ​មួយ​របស់​ព្រះ»។ 70ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «តើ​ខ្ញុំ​មិន​បាន​រើស​អ្នក​រាល់​គ្នា ទាំង​ដប់ពីរ​មក​ទេ​ឬ? តែ​មាន​ម្នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​អារក្ស»។ 71គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​យូដាស‌អ៊ីស្កា‌រីយុត កូន​របស់​ស៊ីម៉ូន ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ ដ្បិត​គាត់​រៀប​នឹង​ក្បត់​ព្រះ‌អង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in