YouVersion Logo
Search Icon

យេរេមា 46

46
ការ​ជំនុំ​ជម្រះ​ស្រុក​អេស៊ីព្ទ
1នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។
2ពី​ស្រុក​អេស៊ីព្ទ គឺ​ពី​ដំណើរ​ពល‌ទ័ព​របស់​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​នៅ​ត្រង់​កើកេមីស ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត ជា​ស្រុក​ដែល​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន​បាន​វាយ​យក ក្នុង​ឆ្នាំ​ទី​បួន​នៃ​រាជ្យ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា
3ចូរ​រៀបចំ​ខែល​តូច​ខែល​ធំ ហើយ​ចូល​ទៅ​ឯ​ចម្បាំង​ចុះ
4ឱ​ពួក​ពល​សេះ​អើយ ចូរ​ត្រៀម​សេះ ហើយ​ឡើង​ជិះ​ចុះ
ចូរ​ចេញ​មក​ទាំង​ពាក់​មួក​សឹក ចូរ​ខាត់​លំពែង
ហើយ​ពាក់​អាវ​ក្រោះ​ទៅ
5ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ឃើញ​ដូច្នេះ
គេ​ត្រូវ​ស្លុត​ចិត្ត ហើយ​បាន​ថយ​ចេញ​ទៅ
ពួក​ខ្លាំង​ពូកែ​របស់​គេ​បាន​ត្រូវ​វាយ​ផ្ដួល​ចុះ
ក៏​រត់​ទៅ​ឥត​ងាក​បែរ​ទៅ​ខាង​ក្រោយ​ឡើយ
ព្រោះ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំ‌វិញ
នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
6កុំ​បើក​ឲ្យ​មនុស្ស​លឿន​រត់​ទៅ​បាត់
ឬ​មនុស្ស​ខ្លាំង​ពូកែ​រួច​ខ្លួន​ឡើយ
គេ​បាន​ចំពប់​ដួល​ចុះ នៅ​ស្រុក​ខាង​ជើង
ក្បែរ​ទន្លេ​អ៊ើប្រាត​ហើយ
7តើ​អ្នក​ណា​នេះ ដែល​ឡើង​មក
ដូច​ជា​ទឹក​ជន់​ដែល​ទឹក​នោះ​កម្រើក​ឡើង​ដូច​ជា​ទន្លេ
8ស្រុក​អេស៊ីព្ទ​ឡើង​មក​ដូច​ជា​ទឹក​ជន់
ហើយ​ទឹក​នោះ​ក៏​កម្រើក​ឡើង​ដូច​ជា​ទន្លេ
គេ​អួត​ថា៖ យើង​នឹង​ក្រោក​ឡើង
យើង​នឹង​គ្រប​លើ​ផែនដី
យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ក្រុង
និង​មនុស្ស​ដែល​អាស្រ័យ​នៅ។
9ឱ​សេះ​ទាំង‌ឡាយ​អើយ ចូរ​ឡើង​ទៅ
ឱ​រទេះ​ចម្បាំង​ទាំង‌ឡាយ​អើយ ចូរ​សម្រុក​ចូល​ចុះ
ហើយ​ត្រូវ​ឲ្យ​មនុស្ស​ដែល​ជំនាញ
ក្នុង​ចម្បាំង​ចេញ​ទៅ​ដែរ
គឺ​ទាំង​ពួក​អេធីយ៉ូពី និង​ពួក​ពូត
ជា​ពួក​អ្នក​ដែល​កាន់​ខែល ហើយ​ពួក​លូឌ​ដែល​កាន់
ហើយយឹត​ធ្នូ។
10ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា
នៃ​ពួក​ពល‌បរិវារ គឺ​ជា​ថ្ងៃ​សង​សឹក
ជា​ការ​សង‌សឹក​របស់​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ពួក​ខ្មាំង​សត្រូវ។
ដាវ​នឹង​ស៊ី​ទាល់​តែ​ឆ្អែត ក៏​ផឹក​ឈាម​គេ​យ៉ាង​ស្កប់‌ស្កល់
ព្រោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​មាន​យញ្ញ‌បូជា​នៅ​ស្រុក​ខាង​ជើង​ក្បែរ​ទន្លេ​អ៊ើប្រាត។
11ឱ​កូន​ស្រី​ក្រមុំ​នៃ​ស្រុក​អេស៊ីព្ទ​អើយ
ចូរ​ឡើង​ទៅ​ឯ​ស្រុក​កាឡាត យក​ប្រទាល​មុខ​សះ​ចុះ
អ្នក​នឹង​ប្រើ​ថ្នាំ​ច្រើន​មុខ ជា​ឥត​ប្រយោជន៍​ទេ
អ្នក​នឹង​មើល​ខ្លួន​មិន​ជា​ឡើយ។
12អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី
សេចក្ដី​អាម៉ាស់​ខ្មាស​របស់​អ្នក
ហើយ​ផែនដី​ក៏​ឮ​ពេញ​ដោយ​សម្រែក​របស់​អ្នក​ដែរ
ដ្បិត​មនុស្ស​ខ្លាំង​ពូកែ​បាន​ចំពប់​នឹង​មនុស្ស​ខ្លាំង​ពូកែ
ហើយ​ទាំង​ពីរ​បាន​ដួល​ជា‌មួយ​គ្នា។
13នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ហោរា​យេរេមា ពី​ដំណើរ​នេប៊ូក្នេសា ជា​ស្តេច​សាសន៍​បាប៊ីឡូន ដែល​នឹង​មក​វាយ​ស្រុក​អេស៊ីព្ទ
14ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​អេស៊ីព្ទ
ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​មីកដុល
ព្រម​ទាំង​នៅ​ក្រុង​ណូព និង​នៅ​ក្រុង​ថាផ្នេស​ផង
ត្រូវ​ប្រាប់​ថា៖ ចូរ​ឈរ​ឡើង ហើយ​រៀប​ខ្លួន​ចុះ
ដ្បិត​ដាវ​បាន​ស៊ី​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក​អស់​ហើយ។
15ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​របស់​អ្នក
ត្រូវ​ដួល​ចុះ​ដូច្នេះ?
គេ​មិន​អាច​ឈរ​នៅ​បាន​ឡើយ
ព្រោះយើង​នេះ​ជា​‌យេហូវ៉ា​ច្រាន​គេឲ្យ​ដួល។
16ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យដួល​ច្រើន​គ្នា​ហើយ
គេ​បាន​ដួល​គរ​លើ​គ្នា គេ​បាន​និយាយ​គ្នា​ថា៖
ចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅស្រុក​យើង
នៅ​ឯ​ស្រុក​កំណើត​របស់​យើង​វិញ
ដើម្បីគេច​ឲ្យ​រួច​ពី​ដាវ​ដែល​ធ្វើ​ទុក្ខ​នេះ។
17នៅ​ទី​នោះ គេ​បាន​ស្រែក​ឡើង​ថា៖
ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ ជា​សូរ​កំទរ​ទទេ
ព្រះ‌អង្គ​បាន​ទុក​ឲ្យ​ពេល​ដែល​ស្រួល​កន្លង​ហួស​ទៅ។
18ឯ​មហា‌ក្សត្រ​ដែល​ព្រះ‌នាម​ថា​ព្រះ‌យេហូវ៉ា
នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​ស្បថ​ដោយ​ព្រះ‌ជន្ម​ព្រះ‌អង្គ​ដ៏​គង់​នៅ​ថា
ភ្នំ​តាបោរ​នៅ​កណ្ដាល​ស្រុក​ភ្នំ
និង​ភ្នំ​កើមែល​នៅ​ឆ្នេរ​សមុទ្រ​ជា​យ៉ាង​ណា
នោះ​ពិត​ប្រាកដ​ជា​គេ​នឹង​មក​យ៉ាង​នោះ​ដែរ។
19ឱ​កូន​ស្រី​ដែល​នៅ​ស្រុក​អេស៊ីព្ទ​អើយ
ចូរ​ផ្គត់‌ផ្គង់​ដល់​ខ្លួន សម្រាប់​នឹង​ទៅ​ជា​ឈ្លើយ​ចុះ
ដ្បិត​ក្រុង​ណូព​នឹង​ត្រូវ​ខូច‌បង់
ហើយ​ដុត​ចោល​ឥត​មាន​អ្នក​ណា​នៅ។
20ស្រុក​អេស៊ីព្ទ​ជា​គោ​ក្រមុំ​យ៉ាង​ល្អ​ក្រៃ‌លែង
ប៉ុន្តែ មេ​បំផ្លាញ​បាន​ចេញ​ពី​ស្រុក​ខាង​ជើង​មក
ក៏​មក​ដល់​ហើយ។
21មួយ​ទៀត ជើង​ឈ្នួល​របស់​ស្រុក​អេស៊ីព្ទ
ប្រៀប​ដូច​ជា​កូន​គោ​បំប៉ន​នៅ​កណ្ដាល​ស្រុក
គេ​ក៏​បាន​បែរ​ខ្នង​ដែរ
គេ​បាន​រត់​ចេញ​ទៅ​ជា‌មួយ​គ្នា ឥត​ឈរ​នៅ​ទេ
ដ្បិត​ថ្ងៃ​អន្តរាយ​របស់​គេ
គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ​បាន​មក​លើ​គេ​ហើយ។
22សូរ​សន្ធឹក​ថ្ងៃ​នោះ ដូច​ជា​សូរ​នៃ​ពស់​លូន
ដ្បិត​ពួក​នោះ​នឹង​ដើរ​មក​ជា​ក្បួន​ទ័ព
ក៏​មក​ទាស់​នឹង​គេ មាន​ទាំង​ពូថៅដូច​អ្នក​កាប់​ឈើ។
23ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
គេ​នឹង​កាប់​រំលំ​ព្រៃ​របស់​ស្រុក​អេស៊ីព្ទ
ទោះ​បើ​ជា​ព្រៃ​ស្តុក ដែល​ចូល​មិន​បាន​ក៏​ដោយ
ដ្បិត​គេ​មាន​គ្នា​ច្រើន​ជាង​កណ្តូប គឺ​ហួស​ប្រមាណ។
24កូន​ស្រី​របស់​ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ខ្មាស
នាង​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​ពួក​សាសន៍​ពី​ស្រុក​ខាង​ជើង។
25ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​ធ្វើ​ទោស​ដល់​អាំម៉ូន​នៃ​ក្រុង​ថេប និង​ផារ៉ោន ហើយ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ព្រះ​ទាំង​ប៉ុន្មាន និង​ស្តេច​របស់​គេ​ផង គឺ​ផារ៉ោន និង​អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​វា។ 26យើង​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ គឺ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​បម្រើ​វា​ដែរ ក្រោយ​មក ស្រុក​អេស៊ីព្ទ​នឹង​មាន​គេ​អាស្រ័យ​នៅ ដូច​កាល​ពី​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
27ប៉ុន្តែ ឱ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង​អើយ
កុំ​ខ្លាច​ឲ្យ​សោះ ឱ​អ៊ីស្រា‌អែល​អើយ
កុំ​ស្រយុត​ចិត្ត​ឡើយ
ដ្បិត​មើល៍ យើង​នឹង​ជួយ​សង្គ្រោះ​អ្នក
ឲ្យ​បាន​រួច​ពី​ទី​ឆ្ងាយ ហើយ​ពូជ​អ្នក​ចេញ​ពី​ស្រុក
ដែល​គេ​នៅ​ជា​ឈ្លើយ នោះ​ពួក​យ៉ាកុប​នឹង​វិល​មក​វិញ
ហើយ​នឹង​នៅ​ដោយ​សុខ​ស្រួល​នឹង​សេចក្ដី​ស្ងប់‌ស្ងាត់
ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។
28ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
ឱ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង​អើយ
កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ
យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ
ដែល​យើង​បាន​បណ្ដេញ​អ្នក​ទៅ​នោះ
បាន​ផុត​អស់​រលីង តែ​យើង​នឹង​មិនឲ្យ​អ្នក​អស់​រលីង​ទេ
គឺ​នឹង​គ្រាន់​តែ​វាយ​ផ្ចាល​អ្នក​តាម​ខ្នាត​ប៉ុណ្ណោះ
ប៉ុន្តែ យើង​មិន​ទុក​ឲ្យ​អ្នក​នៅ​ជា​ឥត​ទោស​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in