YouVersion Logo
Search Icon

អេសាយ ពាក្យ​លំនាំ

ពាក្យ​លំនាំ
«អេសាយ» ក្នុង​ភាសា​ហេព្រើរ​មាន​ន័យ​ថា «ព្រះ‌សង្គ្រោះ»។ ឈ្មោះ​របស់​ហោរា​អេសាយ​ហាក់​ដូច​ជា​ចង់​សង្ខេប​អត្ថ‌ន័យ​នៃ​ខ្លឹម‌សារ​របស់​កណ្ឌ​គម្ពីរ​អេសាយ​នេះ​ទាំង​មូល។ ប៉ុន្តែ ការ​សង្គ្រោះ​ដែល​ព្រះ‌ប្រទាន​មក ជួន​កាល មិន​ស្រប​តាម​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ទេ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គម្ពីរ​អេសាយ​មាន​សេចក្ដី​ខ្លះ​ធ្វើ​ឲ្យ​យើង​ងឿង‌ឆ្ងល់ អំពី​របៀប​ដែល​ព្រះ‌សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ យើង​អាច​បែង​ចែក​កណ្ឌ​គម្ពីរ​អេសាយ​ទាំង​៦៦ ជំពូក ជា​បី​ផ្នែក យោង​តាម​យុគ‌សម័យ​បី​នៃ​ប្រវត្តិ‌សាស្ត្រ​របស់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។
ផ្នែក​ទី​មួយ (ជំពូក ១-៣៩) ព្រះ‌បន្ទូល​ក្នុង​ផ្នែក​នេះ​រៀប​រាប់​ចាប់​ពី​ឆ្នាំ ៧៤០ ដល់ ៧០០ មុន​គ.ស.។ ហោរា​អេសាយ​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​រយៈ​កាល​មួយ​ដ៏​វឹក‌វរ គឺ​នៅ​គ្រា​ដែល​មាន​វិបត្តិ​អន្តរ‌ជាតិ​មួយ​ធ្ងន់‌ធ្ងរ ស្រុក​អេស៊ីព្ទ​ដែល​ជា​មហា​អំណាច​ប៉ែក​ខាង​ត្បូង​កំពុង​តែ​ចុះ​ឱន​ថយ ហើយ​ស្រុក​អាសសើុរ​ដែល​នៅ​ខាង​ជើង​ចេះ​តែ​ពង្រឹង​អំណាច​ខ្លាំង​ឡើងៗ។
នៅ​ឆ្នាំ ៧៣៥ មុន​គ.ស. គឺ​នៅ​គ្រា​ដែល​ព្រះ‌បាទ​អេហាស​គ្រង​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម រាជា‌ណាចក្រ​ស៊ីរី និង​អេប្រាអិម (អ៊ីស្រា‌អែល​ខាង​ជើង) បាន​ព្រួត​គ្នា​ប្រឆាំង​នឹង​រាជា‌ណាចក្រ​យូដា ដើម្បី​បង្ខំ​នគរ​នេះ​ឲ្យ​ចូល​ដៃ​ជា​មួយ​ពួក​គេ តទល់​នឹង​ការ​គំរាម​កំហែង​របស់​ជន‌ជាតិ​អាសសើុរ។
នៅ​ឆ្នាំ ៧២២-៧២១ រាជា‌ណាចក្រ​អ៊ីស្រា‌អែល​ខាង​ជើង​ត្រូវ​រលាយ គឺ​កង‌ទ័ព​អាសសើុរ​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ប្រជា‌ជន​ទៅ​ជា​ឈ្លើយ​សឹក។
នៅ​ឆ្នាំ​៧០១ កង‌ទ័ព​អាសសើុរ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ហើយ​លេប​ទឹក​ដី​យូដា​បន្តិច​ម្ដងៗ។
ក្នុង​រយៈ​កាល​នោះ ហោរា​អេសាយ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌យ៉ាង​តឹង‌រ៉ឹង​បំផុត។ លោក​ស្ដី​បន្ទោស​ជន‌ជាតិ​អ៊ីស្រា‌អែល​ដោយ​ប្រកាស​ថា ព្រះ‌អនុញ្ញាត​ឲ្យ​ជន‌ជាតិ​អាសសើុរ​មក​គំរាម​កំហែង​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​ពួក​គេ​បោះ​បង់​ចោល​ព្រះ‌អង្គ។ លោក​ក៏​បាន​ប្រកាស​ជំទាស់​នឹង​នយោ‌បាយ​របស់​អ្នក​ដឹក​នាំ ដែល​គិត‌គូរ​រក​មធ្យោ‌បាយ​រំដោះ​ស្រុក ដោយ​ពឹង​លើ​កម្លាំង​មនុស្ស​លោក។ លោក​ប្រកាស​ប្រឆាំង​នឹង​មេ​ដឹក​នាំ​ដែល​ចេះ​តែ​ប្រើ​អំណាច​ជិះ‌ជាន់ រំលោភ​លើ​សិទ្ធិ​ប្រជា‌ជន​ទន់​ខ្សោយ ព្រម​ទាំង​ប្រឆាំង​នឹង​មេ​ដឹក​នាំ​សាសនា​ដែល​ឆ្លៀត​ឱកាស​កេង‌ប្រវ័ញ្ច​ប្រជា‌ជន​ក្រីក្រ ហើយ​លោក​ក៏​បន្ទោស​ជន‌ជាតិ​អ៊ីស្រា‌អែល​ចំពោះ​មហិច្ឆតា​ចង់​ក្លាយ​ទៅ​ជា​មហា​ប្រទេស​ដែរ។
ប៉ុន្តែ នៅ​ពេល​មាន​ទុក្ខ​លំបាក​មក​ដល់ ព្រះ‌បន្ទូល​ដែល​លោក​ថ្លែង​បាន​ក្លាយ​ទៅ​ជា​ពាក្យ​លើក​ទឹក​ចិត្ត​ប្រជា‌ជន​មិន​ឲ្យ​ភ័យ​តក់‌ស្លុត ឬ​បាក់​ទឹក​ចិត្ត​ឡើយ។ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ហោរា​អេសាយ​ប្រកាស​ឲ្យ​ប្រជា‌ជន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ជឿ​ទុក​ចិត្ត​លើ​ព្រះ និង​ទុក​ចិត្ត​លើ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ លោក​ណែ‌នាំ​ប្រជា‌ជន​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ ស្រប​តាម​ជំនឿ​របស់​ខ្លួន ទោះ​បី​ក្នុង​ផ្នែក​សង្គម ផ្នែក​នយោ‌បាយ និង​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ៗ​ក្ដី។ យើង​អាច​ចែក​ផ្នែក​ទី​មួយ​នេះ​ដូច​ត​ទៅ៖
• ជំពូក ១-១២, ២៨-៣៣ ព្រះ‌បន្ទូល​ស្ដី​អំពី​រាជា‌ណាចក្រ​យូដា និង​រាជា‌ណាចក្រ​អ៊ីស្រា‌អែល។
• ជំពូក ១៣-២៣ ព្រះ‌បន្ទូល​ស្ដី​អំពី​ប្រជា‌ជាតិ​ឯ​ទៀតៗ គឺ​មាន​បាប៊ី‌ឡូន ភីលីស្ទីន និង​ម៉ូអាប់។ ល។
• ជំពូក ២៤-២៧, ៣៤-៣៥ ស្ថាន‌ភាព​វឹក‌វរ​នៅ​គ្រា​ចុង​ក្រោយ​បំផុត។
• ជំពូក ៣៦-៣៩ ព្រឹត្តិ‌ការណ៍​ផ្សេងៗ​នៅ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ដែល​ជា​កំណត់​ហេតុ​ដូច​គ្នា​នឹង​កណ្ឌ​គម្ពីរ​ពង្សា‌វតារ‌ក្សត្រ​ដែរ។
ផ្នែក​ទី​ពីរ (ជំពូក ៤០-៥៥) ពេល​ខ្លះ គេ​ហៅ​ផ្នែក​នេះ​ថា «គម្ពីរ​សម្រាល​ទុក្ខ​អ៊ីស្រា‌អែល»។ ក្នុង​ផ្នែក​នេះ មាន​រៀប​រាប់​អំពី​ជន‌ជាតិ​បាប៊ី‌ឡូន ដែល​ឡើង​ជា​មហា​អំណាច​គ្រប់‌គ្រង​នៅ​តំបន់​នោះ ជំនួស​ជន‌ជាតិ​អាសសើុរ។ កង‌ទ័ព​បាប៊ី‌ឡូន​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម​នៅ​ឆ្នាំ​៥៨៧ មុន​គ.ស. ហើយ​កៀរ​ប្រជា‌ជន​យក​ទៅ​ជា​ឈ្លើយ​សឹក។ ពេល​នោះ ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ​នាំ​គ្នា​បាក់​ទឹក​ចិត្ត ហើយ​គិត​ថា​ព្រះ‌ជាម្ចាស់​បាន​បោះ​បង់​ចោល​ពួក​គេ។
ក្នុង​ផ្នែក​នេះ ហោរា​ប្រកាស​ថា ព្រះ‌នឹង​ប្រើ​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​នៃ​ចក្រភព​ពែរ្ស ឲ្យ​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ព្រម​ទាំង​នាំ​ពួក​គេ​វិល​មក​កាន់​ទឹក​ដី​សន្យា​វិញ។ តាម​រយៈ​ការ​រំដោះ​នេះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ប្រកាស​ឲ្យ​ប្រជា‌ជន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌អាទិករ​នៃ​ពិភព​លោក​នេះ ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ប្រកាស ហើយ​អ្វីៗ​ដែល​ព្រះ‌អង្គ​គ្រោង​ទុក មុខ​តែ​សម្រេច​ជា​រូប​រាង​មិន​ខាន។ រីឯ​ព្រះ​របស់​សាសន៍​ដទៃ​វិញ សុទ្ធ​តែ​ឥត​ប្រយោជន៍ ព្រោះ​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។
នៅ​ក្នុង​ព្រះ‌បន្ទូល​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​នេះ មាន​កំណាព្យ​បួន​ថ្លែង​អំពី «អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់» (៤២.១-៤, ៤៩.១-៦, ៥០.៤-៩, ៥២.១៣-៥៣.១២) ដែល​គេ​ចាត់​ទុក​ជា​រូប‌ភាព​មួយ​របស់​ព្រះ‌យេស៊ូវ ក្នុង​សម្ពន្ធ‌មេត្រី​ថ្មី(សូមអាន កិច្ច‌ការ ៨.៣០-៣៥)។
ផ្នែក​ទី​បី (ជំពូក ៥៦-៦៦) ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក វិល​មក​ដល់​ស្រុក​វិញ ពួក​គេ​រស់​នៅ​យ៉ាង​លំបាក កម្សត់​ទុគ៌ត គឺ​ទីក្រុង​បាក់​បែក មាន​សត្រូវ​យាយី​ជុំ‌វិញ ហើយ​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌មាន​នៅ​សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ…។
ប៉ុន្តែ ហោរា​ប្រកាស​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ‌បាន​ចាត់​លោក​ឲ្យ​មក​ប្រកាស​ដំណឹង‌ល្អ​ដល់​ជន​ក្រីក្រ និង​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត… (ជំពូក ៦១)។ ក្រោយ​មក ព្រះ‌យេស៊ូវ​ប្រកាស​ថា ព្រះ‌អង្គ​យាង​មក​បំពេញ​ព្រះ‌បរម‌កិច្ច​របស់​ព្រះ‌អង្គ​នៅ​ផែនដី ដូច​ហោរា​បាន​ប្រកាស​ទុក​មែន (លូកា ៤.១៦-២១)។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in