អេសាយ 3
3
1ដ្បិតមើល៍! ព្រះអម្ចាស់
គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គដកយកទីពឹងចេញពីក្រុងយេរូសាឡិម
និងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ
និងទឹកផឹកអស់រលីងទៅ
2ទាំងមនុស្សខ្លាំងពូកែ និងមនុស្សថ្នឹកចម្បាំង
ទាំងចៅក្រម និងហោរា
ទាំងគ្រូទាយ និងអ្នកចាស់ទុំ
3ទាំងមេត្រួតលើហាសិបនាក់
និងមនុស្សដែលមានសក្តិយស
ទាំងអ្នកប្រឹក្សា និងជាងប៉ិនប្រសប់
ហើយអ្នកមានវោហារយ៉ាងចំណានដែរ។
4យើងនឹងតាំងពួកក្មេងៗឲ្យធ្វើជាចៅហ្វាយលើគេ
ហើយនឹងមានកូនតូចៗត្រួតត្រាលើគេវិញ។
5បណ្ដាជនទាំងឡាយនឹងត្រូវសង្កត់សង្កិន
គឺអ្នកមួយនឹងសង្កត់សង្កិនមួយទៀត
ព្រមទាំងអ្នកជិតខាងខ្លួនផង
ពួកក្មេងៗនឹងប្រព្រឹត្តព្រហើន
ចំពោះចាស់ព្រឹទ្ធាចារ្យ
ហើយមនុស្សថ្នាក់ទាប
នៅចំពោះមនុស្សថ្នាក់ខ្ពស់ដែរ។
6កាលណាមនុស្សម្នាក់នឹងយកបងប្អូន
ពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា៖
អ្នកឯងមានសម្លៀកបំពាក់
សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ
សូមឲ្យស្រុកខ្ទេចខ្ទីនេះ
នៅក្រោមអំណាចអ្នកចុះ។
7នៅគ្រានោះ គេនឹងប្រកែកថា៖
ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ
ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ
ឬសម្លៀកបំពាក់អ្វីឡើយ
អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង
ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្ដាជនទេ។
8ដ្បិតក្រុងយេរូសាឡិមខ្ទេចខ្ទីហើយ
ស្រុកយូដាក៏បានដួលដែរ ដោយព្រោះអណ្ដាត
និងអំពើរបស់គេដែលប្រឆាំងនឹងព្រះយេហូវ៉ា
គឺបន្ថោកដល់សិរីរុងរឿងរបស់ព្រះអង្គ។
9ទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ
ក៏បើកបង្ហាញអំពើបាបរបស់គេ
ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ។
វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្ត
អំពើអាក្រក់ដល់ខ្លួនគេហើយ។
10ចូរថ្លែងប្រាប់ថា មនុស្សសុចរិត
នឹងបានសេចក្ដីសុខ
ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។
11វេទនាដល់មនុស្សអាក្រក់គេ
នឹងត្រូវសេចក្ដីទុក្ខព្រួយ
ដ្បិតការដែលដៃគេបានធ្វើនោះ
នឹងបានសងដល់គេវិញ។
12ឯប្រជារាស្ត្ររបស់យើង
គឺជាកូនក្មេងដែលសង្កត់សង្កិនគេ
ហើយជាស្រីៗដែលមានអំណាចលើគេដែរ
ឱប្រជារាស្ត្ររបស់យើងអើយ
ពួកអ្នកដែលនាំមុខអ្នក
គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលអ្នកដើរដែរ។
13ព្រះយេហូវ៉ាកំពុងឈរ ដើម្បីតវ៉ា
ព្រះអង្គឈរដើម្បីជំនុំជម្រះជនជាតិទាំងឡាយ។
14ព្រះយេហូវ៉ានឹងចោទប្រកាន់
ពួកចាស់ទុំរបស់រាស្ត្រ និងពួកចៅហ្វាយថា៖
គឺអ្នករាល់គ្នាហើយ
ដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ
ឯទ្រព្យសម្បត្តិដែលរឹបយកពីពួកអ្នកទាល់ក្រ
នោះសុទ្ធតែនៅក្នុងផ្ទះអ្នកទាំងអស់។
15ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គមានព្រះបន្ទូលសួរថា
ហេតុអ្វីអ្នករាល់គ្នាធ្វើទុក្ខប្រជារាស្ត្ររបស់យើង
ហើយបង្អាប់ពួកមនុស្សទាល់ក្រដូច្នេះ?
16ព្រះយេហូវ៉ាមានព្រះបន្ទូលថា
ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់
មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក
ដើរកាច់រាង ហើយដើរឲ្យគេឮសូរកណ្ដឹងកងជើង។
17ហេតុនេះ ព្រះអម្ចាស់នឹងវាយក្រយៅក្បាល
ពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម
ហើយព្រះយេហូវ៉ានឹងសម្រាតកេរខ្មាសគេ។
18នៅគ្រានោះ ព្រះអម្ចាស់នឹងដកសេចក្ដីលម្អនៃកងជើង សំណាញ់សក់ កងក 19ទំហូ កងដៃ ស្បៃ 20ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា 21ចិញ្ចៀន និងចិញ្ចៀនតែងច្រមុះ 22សម្លៀកបំពាក់សម្រាប់បុណ្យ កន្សែងទទូរ ផាហ៊ុម កាបូបយួរ 23កញ្ចក់ អាវសារូ មួក និងក្រមារបស់គេ។
24នឹងមានក្លិនស្អុយជំនួសក្រអូប
ខ្សែចងជំនួសខ្សែក្រវាត់
ក្បាលតម្ពែកជំនួសសក់សំអាង
សំពត់ធ្មៃជំនួសសំពត់ល្បើក
ស្នាមអាម៉ាស់ជំនួសរូបសម្ផស្ស។
25ពួកប្រុសៗរបស់អ្នកនឹងដួលដោយមុខដាវ
ហើយមនុស្សខ្លាំងពូកែរបស់អ្នក
នឹងស្លាប់ក្នុងចម្បាំង។
26អស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួល
ហើយសោយសោក
នាងនឹងត្រូវចោលនៅតែឯង
ហើយអង្គុយនៅដី។
Currently Selected:
អេសាយ 3: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies