YouVersion Logo
Search Icon

អេសាយ 1

1
1នេះ​ជា​និមិត្ត​ដែល​លោក​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស និង​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា។
អំពើ​អាក្រក់របស់​សាសន៍​យូដា
2ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់
ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា៖
យើង​បាន​ចិញ្ចឹម​បី‌បាច់​រក្សា​កូន
តែ​រាល់​គ្នា​បាន​បះ‌បោរ​នឹង​យើង​វិញ។
3ឯ​គោ​វា​ស្គាល់​ម្ចាស់
ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ
ប៉ុន្តែ អ៊ីស្រាអែល​មិន​ស្គាល់​សោះ
រាស្ត្រ​យើង​មិន​ពិចារ‌ណា​ទេ»។
4ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប
ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត
ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់
ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង
គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា
គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ
ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ។
5ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចង់​ត្រូវ​រំពាត់?
ហេតុ​អ្វី​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ?
ក្បាល​របស់​អ្នក​រាល់​គ្នា​ក៏​ឈឺ
ហើយ​គ្រប់គ្នា​មាន​ចិត្ត​ល្វើយ​ហើយ។
6ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល
នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ
គឺ​មាន​សុទ្ធ​តែ​របួស និង​ជាំ
ហើយ​ស្នាម​រំពាត់​ថ្មី
ឥត​បាន​បិទ​ភ្ជិត ឬ​រុំ
ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ។
7ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ
ទី​ក្រុង​អ្នក​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ
ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​អ្នក
នៅ​ចំពោះ​អ្នក​ផង
ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់
ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ។
8កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន ត្រូវ​លះ​ចោល
ដូច​ជា​បង្ហា​ដែល​នៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ
ដូច​ជា​ជំរំ​នៅ​ចម្ការ​ត្រសក់
ដូច​ជា​ទី​ក្រុង​ដែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ហើយ។
9ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ
មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច
នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម
ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។
10ឱ​ពួក​គ្រប់‌គ្រង​លើក្រុង​សូដុម​អើយ
ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ
របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។
11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
យញ្ញ‌បូជា​យ៉ាង​ច្រើន​របស់​អ្នក​រាល់​គ្នា
តើ​ជា​អ្វី​ដល់​យើង?
យើង​ធុញ​ទ្រាន់​ចំពោះ​ចៀម​ឈ្មោល
និង​ខ្លាញ់​សត្វ​បំប៉ន ដែល​អ្នក​ដុត​ថ្វាយ​ណាស់
យើង​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​គោ​ឈ្មោល
ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ។
12កាល​ណា​អ្នក​រាល់​គ្នា​ចូល​មក​ចំពោះ​យើង
តើ​អ្នក​ណា​បាន​បង្គាប់​អ្នក​រាល់​គ្នា
ឲ្យ​ចូល​មក​ជាន់​ទី‌លាន​របស់​យើង​ដូច្នេះ?
13កុំ​យក​តង្វាយ​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ
ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​យើង
ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សម្រាក
ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ យើង​ទ្រាំ​មិន​បាន​ទេ
សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ
ក៏​ជា​អំពើ​ទុច្ចរិត​ដែរ។
14ចិត្ត​យើង​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ
និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន
របស់​អ្នក​រាល់​គ្នា​ណាស់
ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​យើង​ជា​ខ្លាំង
យើង​ក៏​នឿយ​ណាយ
ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ។
15កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង
នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក
បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន
នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ
ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។
16ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ
ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា
ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ
ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។
17ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ
ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌
ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស
ដែល​ត្រូវ​គេ​សង្កត់‌សង្កិន
ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា
ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្ត្រី​មេម៉ាយ​ចុះ។
18ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
មក​ចុះ យើង​នឹង​ពិភាក្សា​ជា‌មួយ​គ្នា
ទោះ​បើ​អំពើ​បាប​របស់​អ្នក
ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ
គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ
ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ
គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។
19ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម
ហើយ​ស្តាប់​បង្គាប់
នោះ​នឹង​បាន​បរិ‌ភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ។
20តែ​បើ​អ្នក​មិន​ព្រម​វិញ ហើយ​បះ‌បោរ​ផង
នោះ​អ្នក​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ
ពី​ព្រោះ​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា
បាន​មាន​ព្រះ‌បន្ទូល​ស្រេច​ហើយ។
ទី​ក្រុង​ខូច​អាក្រក់
21ម្ដេច​បាន​ជា​ទី​ក្រុង​ស្មោះ‌ត្រង់
ប្រែ​ក្លាយ​ជា​ខូចអាក្រក់​ដូច្នេះ?
គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌
ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ
តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សម្លាប់។
22ប្រាក់​របស់​អ្នក​បាន​ត្រឡប់​ទៅ​ជា
អាចម៍​ប្រាក់​ទៅ​ហើយ
ឯ​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​អ្នក
ក៏​លាយ​ដោយ​ទឹក​ដែរ។
23ពួក​មេ​របស់​អ្នក​ជា​ពួក​អ្នក​បះ‌បោរ
ហើយ​ជា​មិត្ត​នឹង​ពួក​ចោរ។
គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក
ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់
គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ
ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ
ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។
24ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់
គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តានៃ​សាសន៍​អ៊ីស្រា‌អែល
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
យើង​នឹង​ដោះ​ពួក​ត​តាំង
នឹង​យើង​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ
យើង​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ។
25យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក​ទៀត
ហើយ​នឹង​សម្អាត​មន្ទិល​សៅ‌ហ្មង
របស់​អ្នក​ចេញ​ឲ្យ​ស្អាត
ព្រម​ទាំង​ដេញ​កម្ចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​អ្នក​ផង។
26រួច​យើង​នឹង​តាំង​ពួក​ចៅ‌ក្រម
របស់​អ្នក​ឡើង​ដូច​ដើម​វិញ
ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​អ្នក ដូច​កាល​ពី​មុន​ដែរ
ពី​ពេល​នេះ​ត​ទៅ គេ​នឹង​ហៅ​អ្នក​ថា​ជា
ទី​ក្រុង​មាន​សេចក្ដី​សុចរិត
គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់​វិញ។
27ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ
ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌
ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ
នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត។
28តែ​ឯ​ពួក​អ្នក​រំលង និង​ពួក​មាន​បាប
គេ​នឹង​ត្រូវ​បំផ្លាញ​ជា‌មួយ​គ្នា
ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា
គេ​នឹង​ត្រូវ​វិនាស​ទៅ។
29ដ្បិត​គេ​នឹង​មាន​សេចក្ដី​ខ្មាស
ចំពោះ​ដើម​ម៉ៃសាក់
ដែល​អ្នក​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីក‌រាយ​ចិត្ត
ហើយ​អ្នក​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម
ដោយ​ព្រោះ​សួន‌ច្បារ​ដែល​អ្នក​រាល់​គ្នា
បាន​រើស​យក​នោះ។
30ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់
ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ
ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក។
31មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ
ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង
ហើយ​ទាំង​ពីរ​យ៉ាង​នឹង​ឆេះ​ជា‌មួយ​គ្នា
ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in