YouVersion Logo
Search Icon

ហូសេ 12

12
1អេប្រាអិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់
ហើយ​ចេះ​តែ​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត​រាល់​ថ្ងៃ
គេ​ចម្រើន​សេចក្ដី​ភូត‌ភរ និង​អំពើ​ឃោរ​ឃៅ
គេ​តាំង​សញ្ញា​ជាមួយ​ស្រុក​អាស‌ស៊ើរ
ហើយ​បញ្ជូន​ប្រេង​ទៅ​ស្រុក​អេស៊ីព្ទ។
ប្រវត្តិ​នៃ​ការ​បះ​បោរ​ដ៏​វែង​ឆ្ងាយ
2ព្រះ‌យេហូវ៉ា​មាន​ក្ដី​ក្ដាំ​នឹង​យូដា
ក៏​នឹង​ដាក់​ទោស​យ៉ាកុប​តាម​អំពើ​របស់​គេ
ព្រម​ទាំង​សង​គេ​តាម​កិរិយា​របស់​គេ​ផង។
3កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ
យ៉ាកុប​បាន​ចាប់​កែង​ជើង​របស់​បង
លុះ​មាន​វ័យ​ពេញ​កម្លាំង​ហើយ
យ៉ា​កុប​បាន​បោក​ចំបាប់​ជាមួយ​ព្រះ។
4លោក​បាន​បោក​ចំបាប់​ជាមួយ​ទេវតា
ហើយ​ក៏​បាន​ឈ្នះ
លោក​បាន​យំ ហើយ​អង្វរ​សុំ​ការ​ប្រណី​សន្ដោស
លោក​បាន​ជួប​ព្រះ‌អង្គ​នៅ​បេត-អែល
នៅ​ទី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក
5ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ
ព្រះ​យេហូវ៉ា ជា​នាម​ដ៏​ជា​ទី​រំឭក​របស់​ព្រះ​អង្គ!
6ដូច្នេះ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នក​វិញ​ចុះ
ចូរ​កាន់ចិត្ត​សប្បុ‌រស និង​យុត្តិ‌ធម៌
ហើយ​រង់​ចាំ​ព្រះ​របស់​អ្នក​ជា‌និច្ច​ផង។
7ផ្ទុយ​ទៅ​វិញ គេ​ប្រៀប​ដូច​ជា
ឈ្មួញ​ដែល​មាន​ល្បិច​កល
គេ​ប្រើ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ។
8អេប្រាអិម​ពោល​ថា "ខ្ញុំ​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ
ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន
ក្នុង​មុខ​របរ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ
គ្មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិត
ឬ​អំពើ​បាប​អ្វី​ឡើយ"។
9ប៉ុន្តែ យើង​ជា​ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​អ្នកតាំង​ពី​ស្រុក​អេស៊ីព្ទ​មក
យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​នៅ​ក្នុង​បារាំ​ម្តង​ទៀត
ដូច​នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់។
10យើង​បាន​និយាយ​ទៅ​កាន់​ពួក​ហោរា
គឺ​យើង​នេះ​ហើយ​ដែល​សម្ដែង
ឲ្យ​ឃើញ​និមិត្ត​កាន់​តែ​ច្រើន
ក៏​បាន​ប្រើ​រឿង​ប្រៀប​ធៀប​តាម​រយៈ​ពួក​ហោរា​ដែរ។
11នៅ​ក្នុង​ស្រុក​កាឡាត មាន​អំពើ​ទុច្ចរិត
គេ​នឹង​វិនាស​សូន្យ​ទៅ​ជា​មិន​ខាន។
នៅ​គីល‌កាល គេ​ថ្វាយ​គោ​ជា​យញ្ញ‌បូជា
អាសនា​របស់​គេ​ប្រៀប​ដូច​ជា​គំនរដុំ​ថ្ម
នៅ​តាម​គន្លង​ដែល​គេ​ភ្ជួរ​ក្នុង​ចម្ការ។
12យ៉ាកុប​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម
នៅ​ទី​នោះ អ៊ីស្រា‌អែល​បាន​បម្រើ​គេ
ព្រោះ​ចង់​បាន​ប្រពន្ធ
ក៏​បាន​ឃ្វាល​ហ្វូង​ចៀម ដើម្បី​ឲ្យ​បាន​ប្រពន្ធ។
13ដោយ‌សារ​ហោរា​ម្នាក់ ព្រះ‌យេហូវ៉ា​បាន​នាំ​អ៊ីស្រា‌អែល
ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ
ហើយ​ដោយ‌សារ​ហោរា ព្រះ‌អង្គ​បាន​ការ​ពារ​គេ។
14អេប្រាអិម​បាន​ធ្វើ​ឲ្យព្រះ‌យេហូវ៉ា​ខ្ញាល់
ហេតុ​នេះ ព្រះ​អម្ចាស់​របស់​គេ​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​គេ
នៅ​ជាប់​លើ​ខ្លួន​គេ
ហើយ​ព្រះ‌អង្គ​នឹង​សង​សេចក្ដី​ដំណៀល
របស់​គេ​ទៅ​លើ​គេ​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in