YouVersion Logo
Search Icon

ហូសេ 11

11
ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ និង​អំពី​អកតញ្ញូ​របស់​អ៊ីស្រា‌អែល
1កាល​អ៊ីស្រា‌អែល​នៅ​ក្មេង​នៅ​ឡើយ
យើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែល
ក៏​បាន​ហៅ​កូន​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ។
2ប៉ុន្ដែ យើង កាន់​តែ​ហៅ​គេ​យ៉ាង​ណា
គេ​ក៏​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​យើង យ៉ាង​នេះ​ដែរ។
គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​ដល់​អស់​ទាំង​ព្រះ​បាល
ហើយ​ដុត​កំញាន​ថ្វាយ​ដល់​រូបឆ្លាក់។
3ប៉ុន្តែ យើង​នេះ​ហើយ​ដែល​បង្ហាត់​ឲ្យ​អេប្រាអិម​ចេះ​ដើរ
យើង​បាន​បី​គេ​ដោយ​ដៃ​របស់​យើង
តែ​គេ​មិន​បាន​ដឹង​ថា យើង​បាន​ប្រោស​គេ​ឲ្យ​ជា​ទេ។
4យើង​បាន​នាំ​គេ​ដោយ សេចក្ដី​អាណិត​អាសូរ
ដោយ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់
យើង​បាន​ធ្វើ​ចំពោះ​គេ ដូច​ជា​អ្នក​ដែល​លើក​កូន​មក​ថើប
យើង​ក៏​ឱន​ទៅ​រក​គេ ហើយ​បញ្ចុក​ចំណី​ដល់​គេ។
5គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីព្ទ​វិញ​ឡើយ
សាសន៍​អាស‌ស៊ើរ​នឹង​ធ្វើ​ជា​ស្តេច​លើ​គេ
ព្រោះ​គេ​មិន​ព្រម​ត្រឡប់​មក​រក​យើង​វិញ​ទេ។
6ដាវ​នឹង​សម្ដែង​កំហឹង​ទាស់​នឹង​ទី​ក្រុង​របស់​គេ
វា​នឹង​បំផ្លាញ​រនុក​ទ្វារ​ក្រុង​របស់​គេ
ហើយ​លេប​គេ​បាត់ ព្រោះ​តែ​គំនិត​អាក្រក់​របស់​ខ្លួន​គេ។
7ប្រជា‌រាស្ត្រ​របស់​យើង ចេះ​តែ​ចង់​បោះ​បង់​ចោល​យើង
គេ​ហៅ​យើង​ថា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត
តែ​គេ​មិន​បាន​លើក​តម្កើង​យើង​ជា​ពិត​ទេ។
8ឱ​អេប្រាអិម​អើយ តើ​ឲ្យ​យើង​បោះ​បង់​អ្នក​ម្ដេច​បាន?
ឱ​អ៊ីស្រា‌អែល​អើយ
តើ​ឲ្យ​យើង​ប្រគល់​អ្នក​ទៅ​គេ​ម្ដេច​បាន?
តើ​ឲ្យ​យើង​ធ្វើ​ចំពោះ​អ្នក ដូច​ក្រុង​អាត់ម៉ា​ម្ដេច​បាន?
តើ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក ដូច​ក្រុង​សេ​បោ​ម្តេច​បាន?
យើង​មិន​ដាច់​ចិត្ត​ធ្វើ​ទៅ​កើត​ទេ
សេចក្ដី​អាណិត​អាសូរ​របស់​យើង​បាន​រំជួល​ឡើង
ហើយ​ចិត្ត​យើង​ក៏​ទន់​ទៅ។
9យើង​នឹង​មិន​សម្រេច​តាម​កំហឹង​ដ៏​សហ័ស​របស់​យើង​ទេ
ក៏​មិន​វិល​មក​បំផ្លាញ​អេប្រាអិម​ដែរ
ដ្បិត​យើង​នេះ​ជា​ព្រះ មិន​មែន​ជា​មនុស្ស​ទេ
គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា
យើង​នឹង​មិន​មក​ដោយ​សេចក្ដី​ក្រោធ​ឡើយ។
10គេ​នឹង​ដើរ​ជាប់​តាម​ព្រះ‌យេហូវ៉ា
ព្រះ‌អង្គ​នឹង​គ្រហឹម​ដូច​ជា​សិង្ហ
ពេល​ព្រះ‌អង្គ​គ្រហឹម
ពួក​កូន​របស់​ព្រះ‌អង្គ​នឹង​រត់​មក
ពី​ទិស​ខាង​លិច​ទាំង​ញាប់‌ញ័រ។
11គេ​នឹង​មក​ទាំង​ញាប់‌ញ័រ
ដូច​សត្វ​ហើរ​មក​ពី​ស្រុក​អេស៊ីព្ទ
ហើយ​មក​ពី​ស្រុក​អាស‌ស៊ើរ ដូច​ជា​ព្រាប
យើង​នឹង​ឲ្យ​គេ​វិល​ត្រឡប់​មក​លំនៅ‌ដ្ឋាន​របស់​ខ្លួន
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
12 អេប្រាអិម​ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​ភូត‌ភរ
ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល
ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​បោក​បញ្ឆោត
តែឯ​យូដា​វិញ នៅ​តែ​ដើរ ជា‌មួយ​ព្រះ​នៅ​ឡើយ
ក៏​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in