YouVersion Logo
Search Icon

ហូសេ 10

10
អំពើ​បាប​របស់​អ៊ីស្រា‌អែល និងការ​ជាប់​ជា​ឈ្លើយ
1អ៊ីស្រា‌អែល​ជា​ដើម​ទំពាំង‌បាយ‌ជូរ
ដុះ​ទ្រុប‌ទ្រុល​ដែល​មាន​ផ្លែ។
គេ​មាន​ផល​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា
គេ​ក៏​សង់​អាសនា​របស់​ខ្លួន
កាន់​តែ​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ
ហើយ​ស្រុក​របស់​គេ​ចម្រើន​ឡើង​យ៉ាង​ណា
គេ​ក៏​តុប​តែង​បង្គោល​គោរព​របស់​គេ
ឲ្យ​កាន់​តែ​ល្អ​ឡើង​យ៉ាង​នោះ​ដែរ។
2គេ​មាន​ចិត្ត​មិន​ទៀង​ត្រង់
ឥឡូវ​នេះ គេ​ត្រូវ​តែទទួល​ទោស
ព្រះ​យេហូវ៉ា​នឹងផ្តួល​រំលំ​អាសនា​របស់​គេ
ហើយ​បំផ្លាញ​បង្គោល​គោរព​របស់​គេ។
3ឥឡូវ​នេះ គេ​នឹង​ពោល​ថា៖
«យើង​គ្មាន​ស្តេច​ទេ
ដ្បិត​យើង​មិន​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា
តែ​បើ​មាន​ស្តេច​វិញ
តើ​ស្ដេច​អាច​ជួយ​អ្វី​ដល់​យើង​បាន?»
4គេ​ពោល​ចេញ​តែ​ពាក្យឥត​បាន​ការ
គេ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​នឹង​គ្នា
ហេតុ​នេះ​ហើយ​ការ​វិនិច្ឆ័យ​ក៏​ដុះ​ពន្លក​ឡើង
ដូច​តិណ​ជាតិ​មាន​ជាតិ​ពុល
ដុះ​តាម​គន្លង​ដែល​គេ​ភ្ជួរ​ក្នុង​ចម្ការ។
5ពួក​អ្នក​នៅ​ក្រុង​សាម៉ារី​នឹង​ភ័យ​ស្លុត
ពី​ដំណើរ​រូប​កូន​គោ​នៅ​បេត-អាវេន។
ប្រជា‌ជន​នឹង​សោយ​សោក​ដោយ​ព្រោះ​រូប​នោះ
ហើយ​ពួក​សង្ឃ​ដែល​គោរព​រូប​នោះ​ក៏​ដូច្នោះ​ដែរ
គឺ​ជា​អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​រូប​នោះ
ដ្បិត​សិរី‌ល្អ​របស់​រូប​នោះ​បាន​ចេញ​ពី​គេ​បាត់​ហើយ។
6គេ​នឹង​ដឹក‌​រូប​កូន​គោ​នោះ​យក​ទៅ​ស្រុក​អាស‌ស៊ើរ
ទុក​ជា​តង្វាយ​ថ្វាយដល់​ស្តេច​ដ៏​ជា​ធំ
អេប្រាអិម​នឹង​ត្រូវ​អាម៉ាស់
ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​បាក់​មុខ
ព្រោះ​តែ​រូប​ព្រះ របស់​ខ្លួន។
7ស្ដេច​ស្រុក​សាម៉ារី​នឹង​ត្រូវ​វិនាស​បាត់
ប្រៀប​ដូច​ជា​កម្ទេច​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក។
8ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន
គឺ​អំពើ​បាប​របស់​អ៊ីស្រា‌អែល
នឹង​ត្រូវ​បំផ្លាញ​ចោល។
បន្លា និង​អញ្ចាញ​នឹង​ដុះ​ឡើង​នៅ​លើ​អាសនា​របស់​គេ
ហើយ​គេ​នឹង​ពោល​ទៅ​កាន់​ភ្នំ​ធំ​ៗ​ថា
សូម​គ្រប​បាំង​ពួក​យើង​ផង
ហើយ​ពោល​ទៅ​កាន់​ភ្នំ​តូច​ៗ​ថា
សូម​ធ្លាក់​មក​លើ​យើង​មក!
9ឱ​អ៊ីស្រា‌អែល​អើយ
អ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប ចាប់​តាំង​ពី​គ្រា​នៅ​គី‌បៀរ
នៅ​ទី​នោះ អ្នក​ចេះ​តែ​ប្រព្រឹត្ត​ឥត​រាង​ចាល។
តើ​ចម្បាំង​មិន​បាន​ដេញ​ទាន់
មនុស្ស​ទុច្ចរិត​នៅ​គីបៀរ​ទេ​ឬ?
10កាល​ណា​យើង​ពេញ​ចិត្ត យើង​នឹង​វាយ​ផ្ចាល​គេ
ហើយ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មូល​គ្នា​ទាស់​នឹង​គេ
នៅ​ពេល​ដែល​គេ​ទទួល​ទោស
ព្រោះតែ​អំពើ​ទុច្ចរិត​ទ្វេ​ដង​របស់​គេ។
11អេប្រាអិម​ជា​គោ​ក្រមុំ​ដែល​គេ​បាន​បង្ហាត់
ដែល​ចូល​ចិត្ត​បញ្ជាន់​ស្រូវ
តែ​យើង​បាន​បំពាក់​នឹម​លើក​ដ៏​ល្អ​របស់​គេ
យើង​នឹង​ឲ្យ​ម្នាក់​ជិះ​លើ​អេប្រាអិម
ត្រូវ​ឲ្យ​យូដា​ភ្ជួរ ហើយ​ត្រូវ​ឲ្យ​យ៉ាកុប​រាស់​សម្រាប់​ខ្លួន។
12ចូរ​សាប‌ព្រោះ​សេចក្ដី​សុចរិត​សម្រាប់​ខ្លួន
ចូរ​ច្រូត​កាត់​សេចក្ដី​សប្បុរស
ចូរធ្វើ​ឲ្យ​ដី​របស់​អ្នក​រាល់​គ្នា​ផុល​ឡើង
ដ្បិត​នេះ​ជា​ពេល​ដែល​ត្រូវ​ស្វែង​រក​ព្រះ‌យេហូវ៉ា
ដើម្បី​ឲ្យ​ព្រះ‌អង្គ​យាង​មក
ហើយ​បង្អុរ​ភ្លៀង​ជា​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។
13អ្នក​រាល់​គ្នា​បាន​ភ្ជួរ​ជា​អំពើ​អាក្រក់
ហើយ​បាន​ច្រូត​កាត់​ជា​អំពើ​ទុច្ចរិត
អ្នក​រាល់​គ្នា​បាន​បរិភោគ​ផល​នៃ​ការ​ភូត​កុហក។
ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ទុក​ចិត្ត​នឹង​ផ្លូវ​របស់​ខ្លួន
ហើយ​ទុក​ចិត្ត​នឹង​មនុស្ស​ខ្លាំង​ពូកែ​ដ៏​ច្រើន​សន្ធឹក​របស់​ខ្លួន
14ដូច្នេះ ភាព​វឹក​វរ​ក្នុង​សង្គ្រាម
នឹង​កើត​ឡើង​ក្នុង​ចំណោម​ជន​‌ជាតិ​របស់​អ្នក
បន្ទាយ​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​ត្រូវ​បំផ្លាញ
ដូច​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល
នៅ​ថ្ងៃ​ធ្វើ​សង្គ្រាម
គេ​បោក​កម្ទេច​ម្តាយ ព្រម​ទាំង​កូន​ឲ្យ​ខ្ទេច​ខ្ទី​ជាមួយ​គ្នា។
15ឱ​បេត-អែល​អើយ គឺ​ការ​យ៉ាង​នេះ​នឹង​កើត​ឡើង​ដល់​អ្នក
ដោយ​ព្រោះ​អំពើ​អាក្រក់​ដ៏​ធំ​ក្រៃ‌លែង​របស់​អ្នក។
នៅ​ពេល​ព្រលឹម​ស្រាង
ស្តេច​អ៊ីស្រា‌អែល​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in