កាឡាទី 2
2
លោកប៉ុល និងសាវកផ្សេងៗទៀត
1លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបាណាបាស ទាំងយកលោកទីតុសទៅជាមួយដែរ។ 2ខ្ញុំបានឡើងទៅតាមការបើកសម្តែង ហើយបានប្រាប់ពួកគេអំពីដំណឹងល្អ ដែលខ្ញុំបានប្រកាសក្នុងចំណោមសាសន៍ដទៃ (រីឯអស់អ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក) ក្រែងលោការដែលខ្ញុំកំពុងរត់ ឬបានរត់រួចមកហើយ ត្រឡប់ទៅជាឥតប្រយោជន៍។ 3ប៉ុន្តែ សូម្បីតែលោកទីតុសដែលនៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្តី ក៏គេមិនបានបង្ខំឲ្យគាត់កាត់ស្បែកដែរ។ 4តែដោយព្រោះពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក ជាអ្នកដែលបានលបចូលមកអង្កេតមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រឡប់ជាទាសករវិញ 5យើងមិនព្រមចុះចូលនឹងពួកគេឡើយ សូម្បីតែមួយភ្លែត ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អ បាននៅស្ថិតស្ថេរជាប់ជាមួយអ្នករាល់គ្នា។ 6អស់អ្នកដែលគេរាប់ថាជាអ្នកមុខអ្នកការ (ទោះបើគេជាអ្វីក៏ដោយ ក៏មិនអំពល់អ្វីដល់ខ្ញុំដែរ ព្រោះព្រះមិនរើសមុខអ្នកណាទេ) អ្នកទាំងនោះ ដែលទំនងជាអ្នកមុខអ្នកការ មិនបានបន្ថែមអ្វីដល់ខ្ញុំឡើយ។ 7ផ្ទុយទៅវិញ កាលគេបានឃើញថា ព្រះបានប្រគល់ការងារផ្សាយដំណឹងល្អ សម្រាប់ពួកមិនកាត់ស្បែកដល់ខ្ញុំ ដូចព្រះអង្គបានប្រគល់ការងារផ្សាយដំណឹងល្អ សម្រាប់ពួកអ្នកកាត់ស្បែកដល់លោកពេត្រុសដែរ 8(ដ្បិតព្រះអង្គដែលបានធ្វើការតាមរយៈលោកពេត្រុស ដោយតាំងលោកជាសាវកសម្រាប់ពួកអ្នកកាត់ស្បែកយ៉ាងណា ព្រះអង្គក៏ធ្វើការតាមរយៈខ្ញុំ ដោយចាត់ខ្ញុំទៅឯសាសន៍ដទៃយ៉ាងនោះដែរ) 9កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ថាជាសសរទ្រូង បានឃើញព្រះគុណដែលព្រះប្រទានមកខ្ញុំ ពួកលោកក៏បានលូកដៃស្តាំនៃការប្រកបមកទទួលខ្ញុំ និងលោកបាណាបាស ដើម្បីឲ្យយើងទៅឯសាសន៍ដទៃ ហើយពួកលោកទៅឯពួកអ្នកកាត់ស្បែកវិញ។ 10ពួកលោកគ្រាន់តែផ្តាំឲ្យយើងនឹកចាំពីអ្នកក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងធ្វើស្រាប់ហើយ។
លោកប៉ុលបន្ទោសលោកពេត្រុសនៅអាន់ទីយ៉ូក
11ប៉ុន្តែ ពេលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងលោកនៅចំពោះមុខ ព្រោះលោកគួរឲ្យបន្ទោសបាន។ 12ដ្បិតមុនពេលលោកយ៉ាកុបចាត់អ្នកខ្លះឲ្យមក លោកបានបរិភោគជាមួយពួកសាសន៍ដទៃ តែពេលពួកគេមកដល់ហើយ លោកក៏ដកខ្លួនថយចេញដោយឡែក ដោយខ្លាចពួកកាត់ស្បែក។ 13សាសន៍យូដាឯទៀតក៏ប្រព្រឹត្តដោយលាក់ពុតជាមួយលោកដែរ ហើយសូម្បីតែលោកបាណាបាស ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។ 14ប៉ុន្តែ ពេលខ្ញុំឃើញថា កិរិយារបស់គេមិនស្របតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅមុខមនុស្សទាំងអស់ថា៖ «បើលោកដែលជាសាសន៍យូដា មិនប្រព្រឹត្តដូចសាសន៍យូដា តែប្រព្រឹត្តដូចសាសន៍ដទៃវិញ ហេតុអ្វីបានជាលោកបង្ខំឲ្យសាសន៍ដទៃប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ?»
សាសន៍យូដា និងសាសន៍ដទៃបានសង្រ្គោះដោយសារជំនឿ
15ឯយើងវិញ យើងជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកមានបាបក្នុងសាសន៍ដទៃនោះទេ 16តែយើងដឹងថា ព្រះមិនបានរាប់មនុស្សជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺដោយសារជំនឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនេះហើយបានយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យព្រះបានរាប់យើងជាសុចរិតដោយសារជំនឿក្នុងព្រះគ្រីស្ទ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគ្មានអ្នកណាបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ 17ប៉ុន្ដែ ប្រសិនបើយើងសង្វាតឲ្យបានសុចរិតក្នុងព្រះគ្រីស្ទ ហើយឃើញខ្លួនយើងថាជាមនុស្សមានបាបដែរនោះ តើព្រះគ្រីស្ទជាអ្នកបម្រើអំពើបាបឬ? ទេ មិនមែនទេ! 18ប៉ុន្ដែ បើខ្ញុំសង់អ្វីដែលខ្ញុំបានរំលំពីមុនឡើងវិញ នោះឈ្មោះថា ខ្ញុំជាអ្នករំលងច្បាប់ហើយ។ 19ដ្បិតដោយសារក្រឹត្យវិន័យ ខ្ញុំបានស្លាប់ខាងឯក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចរស់ខាងឯព្រះវិញ។ 20ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។ 21ខ្ញុំមិនលើកព្រះគុណរបស់ព្រះចោលឡើយ តែប្រសិនបើសេចក្ដីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍។
Currently Selected:
កាឡាទី 2: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies