YouVersion Logo
Search Icon

អេ‌សេ‌គាល 48

48
ចំណែកតាម​កុលសម្ព័ន្ធ​នីមួយៗ
1នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ​នីមួយៗ គឺ​ចាប់​ពី​ព្រំ​ដែន​ខាង​ជើង​តាម​ផ្លូវ​ហេតឡូន ចាប់​ពី​ឡេបូ-ហាម៉ាត ត្រឹម​ហាសា-អេណាន (ត្រង់​ព្រំ‌ដែន​ស្រុក​ដាម៉ាស នៅ​ខាង​ជើង​ជិត​ស្រុក​ហាម៉ាត) លាត​សន្ធឹង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។ 2ជាប់​នឹង​ទឹក​ដី​របស់​ដាន់ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​អេស៊ើរ។ 3ជាប់​នឹង​ទឹក​ដី​របស់​អេស៊ើរ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី។ 4ជាប់​នឹង​ទឹក​ដី​របស់​ណែប‌ថា‌លី ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។ 5ជាប់​នឹង​ទឹក​ដី​របស់​ម៉ាណា‌សេ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​អេប្រាអិម។ 6ជាប់​នឹង​ទឹក​ដី​របស់​អេប្រាអិម ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច មាន​ចំណែក​សម្រាប់​កុល‌សម្ព័ន្ធ​រូបេន។ 7ជាប់​នឹង​ទឹក​ដី​របស់​រូបេន ចាប់​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​យូដា។
8ជាប់​នឹង​ទឹក​ដី​របស់​យូដា ចាប់​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​បណ្តោយ​ក៏​ប៉ុន​នឹង​ចំណែក​ស្រុក​ឯ​ទៀត គឺ​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច​ឯ​ទី​បរិសុទ្ធ និង​នៅ​កណ្ដាល​នោះ។ 9ចំណែក​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត និង​ទទឹង​ពីរ​ម៉ឺន ហត្ថ។ 10តង្វាយ​បរិសុទ្ធ​នេះ​ត្រូវ​បាន​សម្រាប់​ពួក​សង្ឃ ឯ​ខាង​ជើង​នោះ បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​ខាង​លិច មាន​ទទឹង​ជា‌មួយ​ម៉ឺន​ខ្នាត ខាង​កើត​ទទឹង​មួយ​ម៉ឺន​ខ្នាត ហើយ​ខាង​ត្បូង​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ឯ​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​នឹង​នៅ​កណ្ដាល​នោះ។ 11ដី​នោះ​នឹង​ទុក​សម្រាប់​ពួក​សង្ឃ ជា​កូន​ចៅ​សាដុក ដែល​បាន​ញែក​ជា​បរិសុទ្ធ ហើយ​ក៏​រក្សា​បញ្ញើ​របស់​យើង ឥត​វង្វេង​ចេញ ក្នុង​កាល​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង ដូច​ជា​ពួក​លេវី​បាន​វង្វេង​នោះ​ឡើយ។ 12នេះ​នឹង​បាន​ជា​តង្វាយ​បរិសុទ្ធ​សម្រាប់​ពួក​សង្ឃ ជា​តង្វាយ​លើក​ចេញ​ពី​ចំណែក​ដី ដែល​គេ​បាន​ថ្វាយ​នោះ ទុក​ជា​របស់​បរិសុទ្ធ​បំផុត ជាប់​នឹង​ទឹក​ដី​របស់​ពួក​លេវី។ 13ឯ​ប្រទល់​នឹង​ស្រុក​របស់​ពួក​សង្ឃ នោះ​ពួក​លេវី​ត្រូវ​មាន​ដី​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ទទឹង​មួយ​ម៉ឺន​ហត្ថ។ ដី​ទាំង​មូល​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​ពីរ​ម៉ឺន ហត្ថ។ 14មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។
15ឯ​ដី​ប្រាំ​ពាន់​ខ្នាត​ដែល​សល់​នៅ​តាម​ទទឹង​នៅ​ខាង​មុខ​ចំណែក​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត នោះ​សម្រាប់​ប្រើ​ជុំ​គ្នា​សម្រាប់​ទី​ក្រុង ឲ្យ​ធ្វើ​ទី​លំនៅ ហើយ​សម្រាប់​ជា​ដី​ទំនេរ ឯ​ទី​ក្រុង ត្រូវ​នៅ​កណ្ដាល​នោះ។ 16ឯ​ទំហំ​ទី​ក្រុង​នោះ គឺ​ខាង​ជើង ត្រូវ​ជា​បួន​ពាន់​ប្រាំ​រយ​ខ្នាត ខាង​ត្បូង​បួន​ពាន់​ប្រាំ​រយ​ខ្នាត ខាង​កើត​បួន​ពាន់​ប្រាំ​រយ​ខ្នាត ហើយ​ខាង​លិច​បួន​ពាន់​ប្រាំរយ​ខ្នាត​ដែរ។ 17ទី​ក្រុង​នោះ​ត្រូវ​មាន​ដី​ទំនេរ​នៅ​ជុំ‌វិញ គឺ​ខាង​ជើង ត្រូវ​មាន​ពីររយ​ហាសិប​ខ្នាត ខាង​ត្បូងពីររយ​ហាសិប​ខ្នាត ខាង​កើតពីររយ​ហាសិប​ខ្នាត និង​ខាង​លិចពីររយ​ហាសិប​ខ្នាត​ដែរ។ 18ដី​ដែល​សល់​នៅ​តាម​បណ្តោយ​ជាប់​ត​ពី​ដី​បរិសុទ្ធ ខាង​កើត​ត្រូវ​ជា‌មួយ​ម៉ឺន​ខ្នាត ហើយ​ខាង​លិច​មួយ​ម៉ឺន​ខ្នាត នោះ​ជា​ដី​ជាប់​ត​ពី​ដី​បរិសុទ្ធ ឯ​ផល​ចម្រើន​ពី​ដី​នោះ នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​ពួក​អ្នក​ដែល​រក​ស៊ី​នៅ​ក្នុង​ទី​ក្រុង។ 19ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ការ​នៅ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គេ​នឹង​ភ្ជួរ​រាស់​ដី​នោះ។ 20ដី​ដែល​ថ្វាយ​ជា​តង្វាយ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត អ្នក​ទាំង​អស់​គ្នា​ត្រូវ​ថ្វាយ​ដី​បរិសុទ្ធ​នេះ​បួន​ជ្រុង​ស្មើ ព្រម​ទាំង​មាន​កន្លែង​សម្រាប់​ទី​ក្រុង​ផង។
21ដី​ដែល​សល់​នឹង​បាន​ជា​របស់​ចៅ‌ហ្វាយ គឺ​នៅ​ទាំង​សង​ខាង​ដី​បរិសុទ្ធ​នោះ និង​កន្លែង​សម្រាប់​ទី​ក្រុង​ដែល​នៅ​ខាង​មុខ​ដី​បរិសុទ្ធ​ទាំង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ចេញ​ទៅ​ព្រំ​ប្រទល់​ខាង​កើត ហើយ​នៅ​មុខ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ចេញ​ទៅ​ព្រំ​ប្រទល់​ខាង​លិច ឲ្យ​ប៉ុន​ស្មើ​នឹង​ចំណែក​ដី​ឯ​ទៀត នោះ​ទុក​សម្រាប់​ចៅ‌ហ្វាយ ហើយ​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ និង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ ត្រូវ​នៅ​កណ្ដាល​នោះ។ 22ដូច្នេះ ដី​ដែល​ត្រូវ​ទុក​សម្រាប់​ចៅ‌ហ្វាយ ជា​ដី​ដែល​ជាប់​ត​ពី​ដី​របស់​ពួក​លេវី ហើយ​ពី​ដី​សម្រាប់​ទី​ក្រុង គឺ​ទាំង​អស់​ដែល​នៅ​កណ្ដាល​ទឹក​ដី​របស់​យូដា និង​ទឹក​ដី​របស់​បេនយ៉ាមីន នោះ​ត្រូវ​ទុក​សម្រាប់​ចៅ‌ហ្វាយ។
23រីឯ​កុល‌សម្ព័ន្ធ​ឯ​ទៀត ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។ 24ជាប់​នឹង​ទឹក​ដី​របស់​បេនយ៉ាមីន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ស៊ីម្មាន។ 25ជាប់​នឹង​ទឹក​ដី​របស់​ស៊ីម្មាន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ។ 26ជាប់​នឹង​ទឹក​ដី​របស់​អ៊ីសា‌ខារ ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​សាប់‌យូឡូន។ 27ជាប់​នឹង​ទឹក​ដី​របស់​សាប់‌យូឡូន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​កាដ 28ហើយ​ជាប់​នឹង​ទឹក​ដី​របស់​កាដ​ខាង​ត្បូង​បំផុត ព្រំ​ប្រទល់​ស្រុក​របស់​គេ ត្រូវ​លាត​សន្ឋឹង​ចាប់​ពី​ក្រុង​តាម៉ារ ទៅ​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​អេស៊ីព្ទ រហូត​ដល់​សមុទ្រ​ធំ។ 29នេះ​ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាប់​ឆ្នោត បែង​ចែក​ដល់​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ទុក​ជា​មត៌ក​របស់​គេ​នីមួយៗ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។
30ឯ​ព្រំ​ខណ្ឌ​នៃ​ទី​ក្រុង​នោះ គឺ​ខាង​ជើង​មាន​បួន​ពាន់​ប្រាំរយ ខ្នាត​តាម​រង្វាស់ 31ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​នឹង​មាន​ឈ្មោះ តាម​ឈ្មោះ​អស់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ខាង​ជើង​នឹង​មាន​ទ្វារ​បី គឺ​ទ្វារ​រូបេន​មួយ ទ្វារ​យូដា​មួយ និង​ទ្វារ​លេវីមួយ។ 32នៅ​ខាង​កើត​មាន​បួន​ពាន់​ប្រាំរយ​ខ្នាត ហើយ​ទ្វារបី គឺ​ទ្វារ​យ៉ូសែប​មួយ ទ្វារ​បេនយ៉ាមីនមួយ និង​ទ្វារ​ដាន់មួយ។ 33នៅ​ខាង​ត្បូង​មានបួន​ពាន់​ប្រាំ​រយ​ខ្នាត ហើយ​ទ្វារ​បី គឺ​ទ្វារ​ស៊ីម្មានមួយ ទ្វារ​អ៊ីសា‌ខារមួយ និង​ទ្វារ​សាប់‌យូឡូន​មួយ។ 34នៅ​ខាង​លិច​មាន​បួន​ពាន់​ប្រាំ​រយ​ខ្នាត ហើយ​ទ្វារ​បី គឺ​ទ្វារ​កាដ​មួយ ទ្វារ​អេស៊ើ​មួយ និង​ទ្វារ​ណែប‌ថា‌លី​មួយ។ 35ប្រវែង​ជុំ‌វិញ​ទី​ក្រុង​នោះ ត្រូវ​ជា‌មួយ​ម៉ឺន​ប្រាំបី​ពាន់​ខ្នាត តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ទី​ក្រុង​នោះ​ត្រូវ​មាន​ឈ្មោះ​ថា «ព្រះ‌យេហូវ៉ា​គង់​នៅ​ទី​នេះ»។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in