YouVersion Logo
Search Icon

អេ‌សេ‌គាល 46

46
ការ​រៀប​ចំឲ្យ​មាន​របៀប​រៀបរយ
1ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ទ្វារ​កំផែង​នៃ​ទី‌លាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិសខាង​កើត ត្រូវ​បិទ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ​ដែល​ធ្វើ​ការ តែ​ដល់​ថ្ងៃ​សប្ប័ទ​ត្រូវ​បើក​វិញ ព្រម​ទាំង​នៅ​ថ្ងៃ​ចូល​ខែ​ដែរ។ 2ឯ​ចៅ‌ហ្វាយ​នឹង​ចូល​តាម​ផ្លូវ​ថែវ​នៃ​ទ្វារ​កំផែង​ខាង​ក្រៅ ហើយ​ឈរ​នៅ​ជិត​បង្គោល​ទ្វារ ពួក​សង្ឃ​នឹង​រៀប​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​លោក ហើយ​លោក​នឹង​ថ្វាយ​បង្គំ​នៅ​ត្រង់​ទ្វារ​នោះ រួច​លោក​នឹង​ចេញ​ទៅ​វិញ តែ​ទ្វារ​នោះ​មិន​ត្រូវ​បិទ​ទេ​រហូត​ដល់​ល្ងាច។ 3បណ្ដា‌ជន​នៅ​ក្នុង​ស្រុក គេ​នឹង​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​នោះ​រាល់​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​ចូល​ខែ​ដែរ។ 4ឯ​តង្វាយ​ដុត​ដែល​ចៅ‌ហ្វាយ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​សប្ប័ទ គឺ​កូន​ចៀម​ប្រាំមួយ​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​មួយ​ឥត​ខ្ចោះ។ 5តង្វាយ​ម្សៅ​ត្រូវ​ជា‌មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​នោះ ហើយ​តង្វាយ​ម្សៅ​ដែល​សម្រាប់​កូន​ចៀម​ទាំង​នោះ ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង​ផង។ 6លុះ​ដល់​ថ្ងៃ​ចូល​ខែ ត្រូវ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​មួយ​ឥត​ខ្ចោះ កូន​ចៀម​៦ និង​ចៀម​ឈ្មោល​១ សុទ្ធ​តែ​ឥត​ខ្ចោះ​ទាំង​អស់ 7លោក​ក៏​ត្រូវ​រៀប​តង្វាយ​ម្សៅ​មួយ​ថាំង​សម្រាប់​គោ​ឈ្មោល និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​នោះ តែ​ឯ​កូន​ចៀម​វិញ នោះ​ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង​ផង 8កាល​ណា​ចៅ‌ហ្វាយ​ចូល នោះ​លោក​ត្រូវ​ចូល​តាម​ផ្លូវ​ថែវ​នៃ​ទ្វារ​កំផែង ហើយ​ក៏​ត្រូវ​ចេញ​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ។
9ប៉ុន្តែ កាល​ណា​ពួក​ជន​ក្នុង​ស្រុក​ចូល​មក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​វេលា​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​ទ្វារ​ទិស​ខាង​ជើង ដើម្បី​នឹង​ថ្វាយ​បង្គំ ត្រូវ​តែ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ត្បូង​វិញ ហើយ​អ្នក​ណា​ដែល​ចូល​តាម​ទ្វារ​ទិស​ខាង​ត្បូង នោះ​ត្រូវ​តែ​ចេញ​តាម​ផ្លូវ​ទ្វារ​ខាង​ជើង​ទៅ គេ​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​នៃ​ទ្វារ​ដែល​គេ​បាន​ចូល​នោះ​ឡើយ គឺ​ត្រូវ​ចេញ​ទៅ​តាម​ផ្លូវ​ត្រង់​ខាង​មុខ​ជា​រហូត​ទៅ 10ហើយ​កាល​ណា​គេ​ចូល​ទៅ នោះ​ចៅ‌ហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្ដាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា‌មួយ​គ្នា​ដែរ។
11រីឯ​នៅ​ថ្ងៃ​បុណ្យ និង​បុណ្យ​មាន​កំណត់ ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​ជា‌មួយ​ថាំង​សម្រាប់​គោ​ឈ្មោល​មួយ និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​កូន​ចៀម​ទាំង​ប៉ុន្មាន​នោះ​ត្រូវ​តាម​តែ​លោក​អាច​នឹង​ថ្វាយ​បាន ហើយ​ប្រេង​ត្រូវ​ជា​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង។ 12កាល​ណា​ចៅ‌ហ្វាយ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ជា​តង្វាយ​ដុត ឬ​តង្វាយ​មេត្រី ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ស្ម័គ្រ​ពី​ចិត្ត នោះ​ត្រូវ​ឲ្យ​គេ​បើក​ទ្វារ​ខាង​កើត​នោះ​ជូន​លោក រួច​លោក​នឹង​រៀប​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​លោក ដូច​ជា​ធ្លាប់​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ ស្រេច​ហើយ លោក​នឹង​ចេញ​ទៅ លុះ​លោក​បាន​ចេញ​ទៅ​ហើយ នោះ​គេ​នឹង​បិទ​ទ្វារ​វិញ។
13រាល់​ថ្ងៃ ត្រូវ​ឲ្យ​រៀប​កូន​ចៀម​មួយ​ឥត​ខ្ចោះ អាយុ​មួយ​ខួប ទុក​ជា​តង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ថ្វាយ​តង្វាយ​នេះ​រាល់​តែ​ព្រឹក​ជា‌និច្ច។ 14រាល់​ព្រឹក ត្រូវ​រៀប​តង្វាយ​ម្សៅ​ជា‌មួយ​ផង គឺ​ជា​ម្សៅ​មួយ​ភាគ​ក្នុង​ប្រាំមួយ​ក្នុង​មួយ​ថាំង និង​ប្រេង​មួយ​ភាគ​ក្នុង​បី​ក្នុង​មួយ​ហីន ដើម្បី​លាយ​នឹង​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ ជា​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា‌និច្ច តាម​ច្បាប់​ដ៏​នៅ​ជា​ដរាប​ត​ទៅ។ 15គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​រៀបចំ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង​រាល់​ព្រឹក ទុក​ជា​តង្វាយ​ដុត​ជា‌និច្ច»។
16ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ប្រសិន​បើ‌ចៅ‌ហ្វាយ​ចែក​អំណោយ​អ្វី​ឲ្យ​កូន​ណា​ម្នាក់ ដែល​ចេញ​ពី​កេរអាក​របស់ខ្លួន នោះ​នឹង​បាន​ជា​របស់​កូន​នោះ គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​គេ ទុក​ជា​កេរអាករ​តទៅ។ 17តែ​បើ​លោក​ចែក​អំណោយ​អ្វី​ពី​មត៌ក​របស់​លោក ឲ្យ​ដល់​បាវ​របស់​ខ្លួន​ណា​មួយ​វិញ នោះ​នឹង​បាន​ជា​របស់​ផង​បាវ​នោះ ដរាប​ដល់​ឆ្នាំ​ដែល​ត្រូវ​លែង​ចេញ រួច​នឹង​ត្រឡប់​មក​ជា​របស់​ចៅ‌ហ្វាយ​វិញ មាន​តែ​កូន​របស់​លោក​ប៉ុណ្ណោះ​ទេ ដែល​អាច​នឹង​ទទួល​មត៌ក​របស់​លោក​បាន 18មួយ​ទៀត ចៅ‌ហ្វាយ​នោះ​មិន​ត្រូវ​ដណ្តើម​យក​អ្វី​ពី​មត៌ក​របស់​បណ្ដា‌ជន ហើយ​បណ្តេញ​គេ​ចេញ​ពី​កេរ‌អាករ​របស់​គេ​ឡើយ លោក​ត្រូវ​ចែក​តែ​របស់​ទ្រព្យ​ខ្លួន ឲ្យ​ដល់​កូន ទុក​ជា​មត៌ក​ប៉ុណ្ណោះ ដើម្បី​មិន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​ខ្ចាត់‌ខ្ចាយ ពី​កេរ‌អាករ​របស់​គេ​រៀង​ខ្លួន​ឡើយ»។
19បន្ទាប់​នោះ លោក​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​ចូល ក្បែរ​ទ្វារ​កំផែង ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​របស់​ពួក​សង្ឃ ដែល​បើក​ទៅ​ទិស​ខាង​ជើង នោះ​ឃើញ​មាន​កន្លែង​មួយ​នៅ​ចុង​បន្ទប់​នោះ​ខាង​លិច។ 20លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​សង្ឃ​ត្រូវ​ស្ងោរ​តង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង និង​តង្វាយ​លោះ​បាប ព្រម​ទាំង​ចម្អិន​តង្វាយ​ម្សៅ ដើម្បី​មិន​ឲ្យ​ត្រូវ​យក​របស់​ទាំង​នោះ​ចេញ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ​ឡើយ ក្រែង​បាន​ញែក​បណ្ដា‌ជន​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រះ​ដែរ»។
21លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ ឲ្យ​ខ្ញុំ​ដើរ​ទៅ​តាម​ទាំង​បួន​ជ្រុង​ទី‌លាន​នោះ នោះ​ឃើញ​មាន​ទី‌លាន​មួយៗ​នៅ​គ្រប់​ទាំង​ជ្រុង​ទី‌លាន​នោះ 22គឺ​នៅ​ជ្រុង​ទាំង​បួន​នៃ​ទី‌លាន មាន​ទី‌លាន​តូចៗ បណ្តោយ​សែសិប​ហត្ថ ទទឹង​សាម​សិប​ហត្ថ ទី‌លាន​ទាំង​បួន​នោះ​មាន​ទំហំ​ប៉ុន​គ្នា។ 23មាន​ជញ្ជាំង​នៅ​ជុំ‌វិញ​ទី‌លាន​ទាំង​នោះ ហើយ​នៅ​ទី‌លាន​ទាំងបួន មាន​កន្លែង​នៅ​ជាប់​នឹង​ជញ្ជាំង​ជុំ‌វិញ​សម្រាប់​ស្ងោ។ 24លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​កន្លែង​សម្រាប់​ស្ងោរ​សាច់​ជា​ទី​ដែល​ពួក​អ្នក​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ ត្រូវ​ស្ងោរ​គ្រឿង​យញ្ញ‌បូជា​របស់​បណ្ដា‌ជន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in