YouVersion Logo
Search Icon

អេ‌សេ‌គាល 41

41
1បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ព្រះ‌វិហារ ក៏​វាស់​សសរ​បាន​ទទឹង​ប្រាំមួយ​ហត្ថ​ខាង​នេះ ហើយ​ប្រាំមួយ​ហត្ថ​ខាង​នោះ ដែល​ស្មើ​នឹង​ទទឹង​សសរ 2ហើយ​ផ្លូវ​ចូល មាន​ទទឹងដប់​ហត្ថ ឯ​ផ្ទាំង​ទ្វារ​ម្ខាង នោះ​ប្រាំ​ហត្ថ ហើយ​ម្ខាង​ទៀត​ក៏​ប្រាំ​ហត្ថ ឯ​បណ្តោយ​ព្រះ‌វិហារ លោក​វាស់​បាន​សែសិប​ហត្ថ និង​ទទឹងម្ភៃ​ហត្ថ។ 3រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​ពីរ​ហត្ថ ផ្លូវ​ចូល​ក៏​ប្រាំមួយ​ហត្ថ ឯ​ទទឹង​ទ្វារ មាន​ប្រាំពីរ​ហត្ថ។ 4លោក​វាស់​បណ្តោយ​ទី​នោះ​បានម្ភៃ​ហត្ថ ហើយ​ទទឹង​បាន​ម្ភៃ​ហត្ថ នៅ​ខាង​មុខ​ព្រះ‌វិហារ រួច​លោក​ប្រាប់​មក​ខ្ញុំ​ថា ទី​នេះ​ជា​ទី​បរិសុទ្ធ​បំផុត។
5បន្ទាប់​មក លោក​វាស់​ជញ្ជាំង​ព្រះ‌វិហារ មាន​កម្រាស់​ប្រាំមួយ​ហត្ថ ហើយ​គ្រប់​បន្ទប់​ដែល​នៅ​ជុំ‌វិញ​ព្រះ‌វិហារ មាន​ទទឹង​បួន​ហត្ថ​ទាំង​អស់។ 6បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ គឺ​បន្ទប់​មួយ​នៅ​លើ​មួយ​ទៀត ទាំង​អស់​មានសាមសិប​បន្ទប់ ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សម្រាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំ‌វិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ។ 7បន្ទប់​ទាំង​នោះ​កាន់​តែ​ធំ​ជា​លំ​ដាប់ តាម​ដែល​ឡើង​ខ្ពស់​ទៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ ដ្បិត​ផ្លូវ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ បាន​ឡើង​កាន់​តែ​ខ្ពស់​ទៅ តែ​ទទឹង​ព្រះ‌វិហារ​នៅ​ដូច​គ្នា​ទៅ​ខាង​លើ ហេតុ​នោះ បន្ទប់​បាន​កាន់​តែ​ធំ​ទូលាយ​ទៅ​ខាង​លើ​យ៉ាង​នោះ ចេញ​ពី​បន្ទប់​ជាន់​ក្រោម​ឡើង​ទៅ​ឯ​បន្ទប់​ជាន់​លើ ដោយ​ផ្លូវ​កណ្ដាល។ 8ខ្ញុំ​ក៏​ពិចារ‌ណា​មើល​កម្ពស់​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំ‌វិញ ឃើញ​ថា ជើង​ជញ្ជាំង​បន្ទប់​ទាំង​នោះ​បាន​ខ្ពស់​ពេញ​មួយ​ខ្នាត​បបុស គឺ​ប្រាំមួយ​ហត្ថ​ធំ។ 9ឯ​កម្រាស់​នៃ​ជញ្ជាំង​ខាង​ក្រៅ​របស់​បន្ទប់​ទាំង​នោះ​បាន​ប្រាំ​ហត្ថ ហើយ​ប្រឡោះ​ដែល​សល់ សម្រាប់​បន្ទប់​ខាងៗ​របស់​ព្រះ‌វិហារ 10ហើយ​នៅ​កណ្ដាល​បន្ទប់​ទាំង​នោះ មាន​ប្រឡោះ​ទទឹង​ម្ភៃ​ហត្ថ​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ។ 11ឯ​ទ្វារ​នៃ​បន្ទប់​ទាំង​នោះ ក៏​បើក​ទៅ​ខាង​កន្លែង​ដែល​សល់​នោះ គឺ​មាន​ទ្វារ​មួយ​បើក​ទៅ​ខាង​ជើង ហើយ​មួយ​ទៀត​បើក​ទៅ​ខាង​ត្បូង មាន​ប្រឡោះ​សល់​នៅ​ព័ទ្ធ​ជុំ‌វិញ​ទទឹង​ប្រាំ​ហត្ថ។
12មាន​អាគារ​មួយ​ដែល​នៅ​ខាង​មុខ​ទី‌លាន គឺ​នៅ​ខាង​លិច មាន​ទទឹង​ចិត​សិប​ហត្ថ បណ្តោយ​កៅ​សិប​ហត្ថ ហើយ​ជញ្ជាំង​អាគារ​នៅ​ព័ទ្ធ​ជុំ‌វិញ មាន​កម្រាស់​ប្រាំ​ហត្ថ។ 13ដូច្នេះ លោក​ក៏​វាស់​ព្រះ‌វិហារ​បាន​មួយរយ​ហត្ថ ហើយ​ទី‌លាន និង​អាគារ​នោះ ព្រម​ទាំង​ជញ្ជាំង​ផង នោះ​មាន​បណ្តោយ​មួយរយ​ហត្ថ។ 14ឯ​ទទឹង​ខាង​មុខ​ព្រះ‌វិហារ និង​ទី‌លាន​នៅ​ខាង​កើត ក៏​មួយរយ​ហត្ថ។
15លោក​វាស់​ប្រវែង​នៃ​អាគារ នៅ​មុខ​ទី‌លាន ដែល​នៅ​ខាង​ក្រោយ​នោះ ព្រម​ទាំង​រាន​ហាល​ទាំង​សង​ខាង​បាន​មួយរយ​ហត្ថ ហើយ​ទាំង​ព្រះ‌វិហារ​ខាង​ក្នុង និង​ថែវ​នៃ​ទី‌លាន​ផង។ 16អស់​ទាំង​ទ្វារ និង​បង្អួច​បិទ ហើយ​រានហាល​នៅ​ជុំ‌វិញ​ទាំង​បី​ជាន់ ដែល​ប្រទល់​មុខ​នឹង​មាត់​ទ្វារ បាន​ស្រោប​ដោយ​ឈើ​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​ដី​ឡើង​ទៅ​ដល់​បង្អួច (រីឯ​បង្អួច​ទាំង​នោះ​សុទ្ធ​តែ​គ្រប​បិទ​ជិត) 17ទៅ​ដល់​ខាង​លើ​ទ្វារ រហូត​ដល់​ក្នុង​ព្រះ‌វិហារ និង​ខាង​ក្រៅ ព្រម​ទាំង​កំផែង​នៅ​ជុំ‌វិញ ទាំង​ក្នុង ទាំង​ក្រៅ ក៏​ធ្វើ​តាម​ទំហំ។ 18នោះ​សុទ្ធ​តែ​ធ្វើ​ដោយ​មាន​ក្បាច់​ជា​ចេរូ‌ប៊ីន និង​ដើម​លម៉ើ មាន​ដើម​លម៉ើ​មួយ នៅ​កណ្ដាល​ចេរូ‌ប៊ីន និង​ចេរូ‌ប៊ីន ហើយ​ចេរូ‌ប៊ីន​ទាំង​នោះ​សុទ្ធ​តែ​មាន​មុខ​ពីរ​រៀង​ខ្លួន 19បាន​ជា​មាន​មុខ​មនុស្ស​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង ហើយ​មុខ​សិង្ហ​ស្ទាវ​បែរ​ទៅ​ខាង​ដើម​លម៉ើ​ម្ខាង​ទៀត គឺ​បាន​ធ្វើ​យ៉ាង​នោះ​ក្នុង​ព្រះ‌វិហារ​នៅ​ព័ទ្ធ​ជុំ‌វិញ។ 20គេ​បាន​ធ្វើ​ចេរូ‌ប៊ីន និង​ដើម​លម៉ើ ចាប់​តាំង​ពី​ដី​រហូត​ទៅ​ដល់​ខាង​លើ​ទ្វារ ពាស​ពេញ​ជញ្ជាំង​របស់​ព្រះ‌វិហារ។
21ឯ​ក្រប​ទ្វា​នៃ​ព្រះ‌វិហារ មាន​បួន​ជ្រុង​ស្មើ ហើយ​ខាង​មុខ​នៃ​ទី​បរិសុទ្ធ មើល​ទៅ​មាន​សណ្ឋាន​ដូច​គ្នា។ 22អាស‌នា​បាន​ធ្វើ​ពី​ឈើ កម្ពស់​បី​ហត្ថ បណ្ដោយ​ពីរ​ហត្ថ និង​ទទឹង​ពីរ​ហត្ថ ឯ​ជ្រុង និង​បាត ព្រម​ទាំង​ជញ្ជាំងខាងៗ​អាស‌នា​នោះ សុទ្ធ​តែ​ជា​ឈើ​ទាំង​អស់។ លោក​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។ 23ឯ​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ មាន​ទ្វា​រ​ពីរ 24ចំណែក​ទ្វារ​ទាំង​នោះ​មាន​ពីរ​ផ្ទាំង គឺ​ពីរ​ផ្ទាំង​ដែល​បើក​បាន ទ្វារ​មួយ​មាន​ពីរ​ផ្ទាំង ហើយ​ទ្វារ​មួយ​ទៀត​ក៏​មាន​ពីរ​ផ្ទាំង​ដែរ។ 25នៅ​ផ្ទាំង​ទ្វារ​ទាំង​នោះ គឺ​ជា​ទ្វារ​នៃ​ព្រះ‌វិហារ មាន​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីន និង​ដើម​លម៉ើ ដូច​ជា​បាន​ធ្វើ​នៅ​ជញ្ជាំង​ដែរ ហើយ​នៅ​ថែវ​ខាង​ក្រៅ​មាន​ក្រាល​ក្តារ 26ក៏​មាន​បង្អួច​បិទ និង​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង​ថែវ និង​បន្ទប់​ខាងៗ​នៃ​ព្រះ‌វិហារ​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in