អេសេគាល 39
39
កងទ័ពរបស់ស្តេចកុកត្រូវបំផ្លាញ
1ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងកុក ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ យើងទាស់នឹងអ្នក 2យើងនឹងធ្វើឲ្យអ្នកបែរមក ហើយនាំអ្នកទៅមុខ ក៏នឹងបណ្ដាលឲ្យអ្នកឡើងមកពីស្រុកខាងជើងបំផុត ព្រមទាំងនាំអ្នកមកលើភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល 3យើងនឹងវាយធ្នូចេញពីដៃឆ្វេងរបស់អ្នក ហើយនឹងធ្វើឲ្យព្រួញធ្លាក់ចេញពីដៃស្តាំអ្នក។ 4អ្នកនឹងដួលនៅលើអស់ទាំងភ្នំរបស់ស្រុកអ៊ីស្រាអែល គឺទាំងអ្នក និងពួកកកកុញរបស់អ្នក ហើយសាសន៍ទាំងប៉ុន្មានដែលនៅជាមួយផង យើងនឹងប្រគល់អ្នកដល់សត្វហើរផ្សេងៗដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ 5អ្នកនឹងដួលនៅទីវាលទទេ ដ្បិតយើងបានចេញវាចាហើយ នោះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា 6យើងនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុក ហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត 7យើងនឹងឲ្យមនុស្សស្គាល់ឈ្មោះដ៏បរិសុទ្ធរបស់យើង នៅកណ្ដាលពួកអ៊ីស្រាអែលជាប្រជារាស្ត្រយើង ក៏មិនឲ្យឈ្មោះបរិសុទ្ធរបស់យើងត្រូវបង្អាប់ទៀត ដូច្នេះ អស់ទាំងសាសន៍នឹងដឹងថា យើងជាព្រះយេហូវ៉ា គឺជាព្រះដ៏បរិសុទ្ធនៅក្នុងពួកអ៊ីស្រាអែល 8ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មើល៍ ការនោះកំពុងតែមក ហើយនឹងបានសម្រេចជាពិត នេះហើយជាថ្ងៃដែលយើងបានប្រាប់នោះ 9ឯពួកអ្នកដែលនៅអស់ទាំងទីក្រុងនៃស្រុកអ៊ីស្រាអែល គេនឹងចេញទៅប្រមូលគ្រឿងសស្ត្រាវុធដុតចោល គឺទាំងខែលតូច ខែលធំ ទាំងធ្នូ និងព្រួញ ដែកពួយ និងលំពែងផង គេនឹងដុតគ្រឿងទាំងនោះអស់ប្រាំពីរឆ្នាំ 10ឥតត្រូវការរើសរំកាច់ឈើនៅទីវាល ឬកាប់ឧសនៅក្នុងព្រៃឡើយ ដ្បិតគេនឹងប្រើគ្រឿងទាំងនោះសម្រាប់ដុតវិញ ហើយគេនឹងរឹបជាន់ពួកអ្នកដែលបានរឹបជាន់ខ្លួន ព្រមទាំងប្លន់ពួកអ្នកដែលបានប្លន់ខ្លួនដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
11គ្រានោះ យើងនឹងឲ្យកន្លែងមួយដល់ពួកកុក សម្រាប់ជាទីបញ្ចុះសពនៅក្នុងស្រុកអ៊ីស្រាអែល គឺនៅជ្រលងភ្នំរបស់អ្នកដំណើរ ខាងកើតសមុទ្រ។ ជ្រលងភ្នំនោះនឹងបិទខ្ទប់អ្នកដំណើរ ហើយនៅទីនោះគេនឹងកប់សាកសពពួកកុក និងប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់វា គេនឹងហៅជ្រលងភ្នំនោះថា ហាមុន-កុក ។ 12ពួកវង្សអ៊ីស្រាអែលនឹងបញ្ចុះសពអ្នកទាំងនោះអស់ប្រាំពីរខែ ទើបបានហើយ ដើម្បីនឹងសម្អាតស្រុក 13អើ មនុស្សទាំងអស់នៅស្រុកនោះនឹងធ្វើការបញ្ចុះសពគេ ហើយការនោះនឹងបានជាល្បីដល់គេ ក្នុងថ្ងៃដែលយើងបានតម្កើងឡើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា 14គេនឹងតម្រូវទុកមនុស្សមួយពួក ឲ្យធ្វើដំណើកាត់ស្រុកនោះជានិច្ច ដើម្បីបញ្ចុះសពពួកឈ្លានពានដែលនៅសេសសល់ក្នុងស្រុក ប្រយោជន៍នឹងសម្អាតស្រុក។ ក្រោយប្រាំពីរខែនោះមក គេនឹងដើរពិនិត្យមើល។ 15រួចពួកអ្នកដែលដើរចុះឡើង គេនឹងដើរទៅមកមើល បើឃើញឆ្អឹងខ្មោចមនុស្សណា នោះគេនឹងតាំងទីសម្គាល់មួយនៅជិតខាង ទាល់តែពួកបញ្ចុះសពបានមកកប់ចោល នៅក្នុងច្រកភ្នំហាមុន-កុកទាំងអស់ទៅ 16ហើយទីក្រុងមួយនឹងមានឈ្មោះហៅថា ហាម៉ូណា គឺយ៉ាងនោះដែលគេនឹងសម្អាតស្រុក។
17ឯអ្នក កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ចូរប្រាប់ដល់សត្វស្លាបគ្រប់យ៉ាង និងដល់អស់ទាំងសត្វព្រៃនៅផែនដីថា ចូរមូលគ្នាមក ចូរប្រជុំគ្នាពីគ្រប់ទិស មកឯយញ្ញបូជារបស់យើង ដែលយើងធ្វើសម្រាប់អ្នករាល់គ្នា ជាយញ្ញបូជាយ៉ាងធំ នៅលើអស់ទាំងភ្នំស្រុកអ៊ីស្រាអែល ដើម្បីឲ្យអ្នកបានស៊ីសាច់ ហើយផឹកឈាម 18អ្នករាល់គ្នានឹងស៊ីសាច់របស់មនុស្សខ្លាំងពូកែ ហើយផឹកឈាមរបស់ពួកចៅហ្វាយនៅផែនដី ទាំងចៀមឈ្មោល កូនចៀម ពពែ និងគោផង សុទ្ធតែជាសត្វបំប៉នពីស្រុកបាសាន 19អ្នករាល់គ្នានឹងស៊ីខ្លាញ់ទាល់តែឆ្អែត ហើយផឹកឈាម ទាល់តែស្រវឹង ដោយសារយញ្ញបូជា ដែលយើងធ្វើសម្រាប់អ្នក 20នៅតុយើង អ្នករាល់គ្នានឹងបានឆ្អែតដោយសាច់សេះ រទេះចម្បាំង ពួកមនុស្សខ្លាំងពូកែ និងពួកទាហានទាំងប៉ុន្មានដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
21យើងនឹងតាំងសិរីល្អរបស់យើង នៅកណ្ដាលអស់ទាំងសាសន៍ ហើយអស់ទាំងសាសន៍នឹងឃើញសេចក្ដីយុត្តិធម៌របស់យើង ដែលបានសម្រេចនោះ និងដៃយើងដែលបានដាក់លើគេ។ 22យ៉ាងនោះពួកវង្សអ៊ីស្រាអែលនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ តាំងតែពីថ្ងៃនោះតទៅ 23ឯពួកសាសន៍ដទៃ គេនឹងដឹងថា ពួកវង្សអ៊ីស្រាអែលបានត្រូវដឹកនាំទៅជាឈ្លើយ ដោយព្រោះអំពើទុច្ចរិតរបស់ខ្លួន ដោយព្រោះគេប្រព្រឹត្តរំលងទាស់នឹងយើងហើយ បានជាយើងគេចមុខចេញពីគេ ដោយហេតុនោះ បានជាយើងប្រគល់គេ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេត្រូវដួលដោយដាវទាំងអស់គ្នា 24យើងបានធ្វើដល់គេតាមសេចក្ដីស្មោកគ្រោក និងអំពើរំលងរបស់គេ ព្រមទាំងគេចមុខចេញពីគេផង។
25ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ឥឡូវនេះ យើងនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្ដីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនឹងមានសេចក្ដីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់យើង 26ក្រោយដែលគេបានរងទ្រាំសេចក្ដីខ្មាស និងគ្រប់ទាំងអំពើរំលងដែលគេបានប្រព្រឹត្តទាស់នឹងយើង ក្នុងគ្រាដែលគេនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ 27គឺក្នុងកាលដែលយើងបាននាំគេចេញពីអស់ទាំងសាសន៍មកវិញ ហើយប្រមូលគេពីគ្រប់ទាំងស្រុករបស់ខ្មាំងសត្រូវគេ ព្រមទាំងតាំងខ្លួនយើងជាបរិសុទ្ធ នៅក្នុងពួកគេ ចំពោះភ្នែកសាសន៍ជាច្រើន 28ហើយគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ដោយយើងបានធ្វើឲ្យគេទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍រួចបានប្រមូលគេមក ក្នុងស្រុករបស់ខ្លួនគេវិញ ឥតទុកអ្នកណាមួយឲ្យនៅសល់ ក្នុងស្រុកទាំងនោះទៀត។ 29យើងក៏នឹងមិនគេចមុខពីគេទៀតដែរ ដ្បិតយើងបានចាក់វិញ្ញាណយើងទៅលើពួកវង្សអ៊ីស្រាអែលហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
Currently Selected:
អេសេគាល 39: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies