YouVersion Logo
Search Icon

អេ‌សេ‌គាល 2

2
និមិត្ត​អំពី​ក្រាំង
1ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស អើយ ចូរ​ក្រោក​ឈរ​ឡើង យើង​ចង់​និយាយ​ជា‌មួយ​អ្នក»។ 2ពេល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ នោះ​ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​បាន​បញ្ឈរ​ខ្ញុំ​ឡើង ខ្ញុំ​ក៏​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ 3ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​មនុស្ស​អើយ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ដល់​សាសន៍​ដែល​រឹង​ចចេស ដែល​បាន​បះ‌បោរ​នឹងយើង ទោះ​ទាំង​ខ្លួន​គេ និង​បុព្វ‌បុរស​របស់​គេ ក៏​បាន​រំលង​ទាស់​នឹង​យើង រហូត​ដល់​ថ្ងៃ​នេះ។ 4គេ​ជា​កូន​ក្បាល​រឹង ចិត្ត​ខែង គឺ​ពួក​អ្នក​នោះ​ដែល​យើង​ចាត់​អ្នក​ទៅ ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ។ 5ទោះ​បើ​គេ​ស្តាប់ ឬ​មិន​ស្ដាប់​ក្តី (ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា​មួយ​បាន​មក​ក្នុង​ពួក​គេ​ហើយ។ 6ឯ​អ្នក កូន​មនុស្ស​អើយ កុំ​ខ្លាច​គេ​ឡើយ ក៏​កុំ​ខ្លាច​ចំពោះ​ពាក្យ​សម្ដី​របស់​គេ​ដែរ ទោះ​បើ​មាន​បន្លា និង​អញ្ចាញ​មក​ទាស់​នឹង​អ្នក ហើយ​អ្នក​មាន​ទី​អាស្រ័យ​នៅ​កណ្ដាល​ពួក​ខ្យា​ដំរី​ក៏​ដោយ កុំ​ខ្លាច​ពាក្យ​សម្ដី​គេ​ឲ្យ​សោះ ក៏​កុំ​ស្លុត​ចិត្ត​នឹង​ទឹក​មុខ​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស​ក៏​ដោយ។ 7អ្នក​ត្រូវ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ ទោះ​បើ​គេ​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី ដ្បិត​គេ​រឹង​ចចេស​ណាស់។
8ប៉ុន្តែ អ្នក កូន​មនុស្ស​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ចុះ អ្នក​កុំ​មាន​ចិត្ត​រឹង​ចចេស ដូច​ជា​ពូជ‌ពង្ស​រឹង​រូស​នេះ​ឡើយ ចូរ​ហា​មាត់​ស៊ី​របស់​ដែល​យើង​ឲ្យ​ដល់​អ្នក»។ 9កាល​ខ្ញុំ​កំពុង​តែ​មើល៍ នោះ​ឃើញ​មាន​ដៃ​មួយ​លូក​មក​ដល់​ខ្ញុំ ក៏​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ដៃ​នោះ។ 10ព្រះ‌អង្គ​ក៏​បើក​ក្រាំង​នោះ​នៅ​មុខ​ខ្ញុំ ឃើញ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ មាន​កត់​ទុក​សុទ្ធ​តែ​ពាក្យ​ទំនួញ ពាក្យ​សោក‌សៅ និង​សេចក្ដី​វេទនា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in