YouVersion Logo
Search Icon

អេ‌សេ‌គាល 1

1
ការ​និមិត្ត​ឃើញ​រទេះ​ចម្បាំង
1នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទីបួន ឆ្នាំ​ទី​សាម​សិប ពេល​ខ្ញុំ​នៅ​ជា‌មួយ​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ ពេល​នោះ មេឃ​បាន​បើកចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត​ពី​ព្រះ។ 2នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ដែល​ជា​ឆ្នាំ​ទី​ប្រាំ តាំង​ពី​ស្តេច​យ៉ូយ៉ា‌គីន​នៅ​ជាប់​ជា​ឈ្លើយ 3ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​អេសេ‌គាល​ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ​នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ដាក់​ព្រះ‌ហស្ត​លើ​លោក​នៅ​ទី​នោះ។
4ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ និងមាន​ពន្លឺ​ភ្លឺ​នៅ​ជុំ‌វិញ ហើយ​នៅ​កណ្ដាល​ពពក​នោះ មាន​ចេញ​ពន្លឺ​ពណ៌​លង្ហិន 5ហើយ​នៅ​កណ្ដាល​នោះ ក៏​មាន​ភាព​ដូច​ជា​សត្វ​មាន​ជីវិត​បួន​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស 6គ្រប់​គ្នា​មាន​មុខ​បួន ហើយ​មាន​ស្លាបបួន។ 7ជើង​សត្វ​ទាំង​នោះ​ត្រង់ៗ ប្រអប់​ជើង​ដូច​ជា​កូន​គោ ហើយ​ភ្លឺ​ចាំង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​រលោង 8នៅ​ក្រោម​ស្លាប​ទាំង​បួន មាន​ដៃ​ដូច​មនុស្ស​ទាំង​បួន​ខាង ដូច​មុខ និង​ស្លាបដែរ។ 9ស្លាប​ទាំង​នោះ​ជាប់​តៗ​គ្នា គ្រប់​គ្នា​ហោះ​ត្រង់​ទៅ​ខាង​មុខ ឥត​ងាក​ក្រោយ​ឡើយ 10តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​សិង្ហ​ខាង​ស្តាំ ទាំង​បួន​ក៏​មាន​មុខ​ដូច​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​ឥន្ទ្រី​ដែរ 11ឯ​មុខ និ​ង​ស្លាប​ពីរ​ជាប់​ត​គ្នា​ត្រដាង​ខាង​លើ ហើយ​ស្លាប​ពីរ​ទៀត​នៅ​គ្រប​ខ្លួន 12គ្រប់​គ្នា​ហោះ​ចំ​ទៅ​ខាង​មុខ ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ តួ​ទាំង​នោះ​ក៏​ទៅ​ដែរ ឥត​ងាក​ក្រោយ​ឡើយ។ 13រីឯ​សត្វមាន​ជីវិត​ទាំង​នោះ មាន​ទ្រង់​ទ្រាយ​ដូច​ជា​រងើក​ភ្លើង ហើយ​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​ក៏​ភ្លឺ​ចាំង មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មកផង។ 14សត្វ​មាន​ជីវិត​ទាំង​នោះ ក៏​ហោះ​ទៅ​មក មើល​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ។
15ពេល​ខ្ញុំ​កំពុង​មើល​សត្វ​មាន​ជីវិត​ទាំង​នោះ ខ្ញុំ​ឃើញ​មាន​កង់​នៅ​លើ​ដី ក្បែរ​សត្វ​មាន​ជីវិត​ទាំង​នោះ គឺ​កង់​មួយ​សម្រាប់សត្វ​នីមួយៗ​ទាំង​បួន។ 16សណ្ឋាន​កង់​ទាំង​នោះ មើល​ទៅ​ដូច​ជា​ត្បូង​បេរីល កង់​ទាំង​បួន​មាន​រាង​ដូច​គ្នា មើល​ទៅ​ដូច​ជា​កង់​មួយ​នៅ​ក្នុង​កង់​មួយ​ទៀត។ 17ពេល​កង់​នោះវិល​ទៅ​មុខ ក៏​ទៅ​ទាំង​បួន​មុខ ឥត​បែរ​ទៅ​ខាង​ណា​ឡើយ។ 18ខ្នង​កង់​នោះ ខ្ពស់​គួរ​ស្ញែង‌ខ្លាច ហើយ​ខ្នង​កង់​ទាំង​បួន​នោះ មាន​ភ្នែក​នៅ​ជុំ‌វិញ។ 19កាល​ណា​សត្វ​មាន​ជីវិត​ទាំង​បួន​បាន​ហោះ​ទៅ កង់​ទាំង​នោះ​ក៏​អម​ទៅ​ដែរ កាល​ណា​សត្វ​មាន​ជីវិត​ទាំង​បួន​បាន​លើក​ឡើង​ផុត​ពី​ដី​ទៅ កង់​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ទៅ​ដែរ 20នៅ​ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ កង់​ទាំង​នោះ​ក៏​ទៅ​ដែរ គឺ​វិញ្ញាណ​របស់​សត្វ​មាន​ជីវិត​នៅ​ក្នុង​កង់​នោះ។ 21ពេល​ណា​សត្វ​នោះ​ទៅ​មុខ កង់​ក៏​ទៅ​ដែរ ពេល​ណា​សត្វ​នោះ​ឈប់ កង់​ក៏​ឈប់​ដែរ កាល​ណា​សត្វ​នោះ​ឡើង​ផុត​ពី​ដី កង់​ទាំង‌ឡាយ​ក៏​បាន​លើក​ឡើង​អម​ទៅ​ព្រម​គ្នា ដ្បិត​វិញ្ញាណ​របស់​សត្វ​មាន​ជីវិត​នៅ​ជាប់​ក្នុង​កង់​ដែរ។
22នៅ​ពី​លើ​ក្បាល​សត្វ​មាន​ជីវិត មាន​ដូច​ជា​ផ្ទៃ​មេឃ មើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង‌ខ្លាច ហើយ​ក៏​លាត​ពី​លើ​ក្បាល​តួ​ទាំង​នោះ 23នៅ​ក្រោម​ផ្ទៃ​មេឃ​នោះ​មាន​ស្លាប​របស់​តួ​ទាំង‌ឡាយ ត្រដាង​ទៅ​ត្រង់​តៗ​គ្នា គ្រប់​គ្នា​មាន​ស្លាប​ពីរ​ដែល​បាំង​ខ្លួន​ម្ខាង ហើយ​ស្លាប​ពីរ ដែល​បាំង​ខ្លួន​ម្ខាង​ទៀត 24កាល​ណា​ហោះ​ទៅ ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាបដូច​ជា​សូរ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព។ កាល​ណា​តួ​ទាំង​នោះ​ឈប់ ក៏ទម្លាក់​ស្លាប​ចុះ​មក​វិញ។ 25ពេលទម្លាក់​ស្លាប​ចុះ នៅ​ស្ងៀម​នោះ មាន​ឮ​សំឡេង​ពី​ផ្ទៃ​មេឃ ដែល​នៅ​ពី​លើ​ក្បាល​តួ​ទាំង​នោះ។
26នៅ​លើ​លំហ​អាកាស ដែល​ស្ថិត​នៅ​លើ​ក្បាលសត្វទាំង​នោះ មាន​ដូច​ជា​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​កណ្តៀង ហើយ​អង្គុយ​ពី​លើ​ទ្រង់​ទ្រាយ​ដែល​មាន​រាង​ដូច​ជា​បល្ល័ង្ក​នោះ ឃើញ​មាន​ដូច​ជា​មនុស្ស​ម្នាក់។ 27ខ្ញុំ​ក៏​ឃើញពន្លឺ​ពណ៌​ដូច​ជា​លង្ហិន​ខាត់​រលោង មើល​ទៅ​ដូច​ជា​ភ្លើង នៅ​ខាង​ក្នុង និង​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ​ទៅ​ខាង​លើ ហើយ​ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ ចុះ​ទៅ​ខាង​ក្រោម ខ្ញុំ​មើល​ទៅ​ឃើញ​ដូច​ជា​ភ្លើង ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំ‌វិញ​អង្គ​នោះ 28រស្មី​ដែល​ភ្លឺ​នៅ​ព័ទ្ធ​ជុំ‌វិញ​នោះ មាន​ភាព​ដូច​ជា​ឥន្ទធនូ​ដែល​នៅ​លើ​ពពក ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង នេះ​ជា​គំរូ​ពី​ភាព​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា។ ពេល​ខ្ញុំ​បាន​ឃើញ​ហើយ ខ្ញុំ​ក្រាប​ចុះ​ដល់​ដី ហើយ​ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in