YouVersion Logo
Search Icon

អេ‌សេ‌គាល 16

16
យេរូ‌សាឡិម​ប្រៀប​បាន​នឹង​ស្ត្រី​ផិត​ក្បត់
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​ចុះ 3ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ ជំនួរ​វង្ស និង​កំណើត​របស់​អ្នក នោះ​ចេញ​ពី​ស្រុក​របស់​សាសន៍​កាណាន​មក ឪពុក​អ្នក​ជា​សាសន៍​អាម៉ូរី ហើយ​ម្តាយ​អ្នក​ជា​សាសន៍​ហេត។ 4ឯ​កំណើត​អ្នក គឺ​នៅ​ថ្ងៃ​ដែល​អ្នក​កើត​មក គេ​មិន​បាន​កាត់​ផ្ចិត​អ្នក​ទេ ក៏​មិន​បាន​លាង​ជម្រះ​អ្នក​ដោយ​ទឹក ឬ​លាប​អំបិល ឬ​រុំ​សំពត់​ឲ្យ​ផង។ 5គ្មាន​ភ្នែក​ណា​ប្រណី​អ្នក ដើម្បី​ធ្វើ​ការ​ទាំង​នោះ​ដល់​អ្នក ដោយ​អាណិត​អាសូរ​ចំពោះ​អ្នក​ឡើយ គឺ​គេ​បោះ​អ្នក​ចោល​នៅ​ទី​វាល ពី​ព្រោះ​គេ​ខ្ពើម​រូប​អ្នក ក្នុង​ថ្ងៃ​ដែល​អ្នក​បាន​កើត​មក​នោះ។ 6ពេល​យើង​បាន​ដើរ​តាម​នោះ​ជិត​អ្នក ឃើញ​អ្នក​ឈ្លី‌ឈ្លក់​នៅ​ក្នុង​ឈាម នោះ​យើង​បាន​និយាយ​ទៅ​អ្នក​ក្នុង​កាល​ដែល​នៅ​ក្នុង​ឈាម​នោះ​ថា ចូរ​មាន​ជីវិត​នៅ​ចុះ កាល​អ្នក​នៅ​ក្នុង​ឈាម​អ្នក​នោះ យើង​បាន​ថា ចូរ​មាន​ជីវិត​រស់​ឡើង! 7យើង​ក៏​ធ្វើ​ឲ្យ​អ្នក​ចម្រើន​ឡើង ដូច​ដំណាំ​លូត​លាស់​នៅ​ចម្ការ ហើយ​អ្នក​ក៏​ធំ ហើយ​ខ្ពស់ មាន​រូប​ឆោម​ល្អឥត​ខ្ចោះ។ ដោះ​របស់​អ្នក​ដុះ​ពេញ​រាង ហើយ​សក់​ក៏​លូត​វែង តែ​អ្នក​អាក្រាត ហើយ​នៅ​ខ្លួន​ទទេ។ 8កាល​យើង​បាន​ដើរ​កាត់​តាម​ទី​នោះ ហើយ​ឃើញ​អ្នក​ម្ដង​ទៀត មើល៍! អ្នកដល់​វ័យ​ដែល​គេ​ស្រឡាញ់​ហើយ យើង​ក៏​បានលាត​ជាយ​អាវ​របស់​យើង​គ្រប​លើ​អ្នក គឺ​បិទ​បាំង​កុំ​ឲ្យឃើញ​សណ្ឋាន​អាក្រាត​របស់​អ្នក យើង​បាន​ស្បថ​នឹង​អ្នក ហើយ​តាំង​សញ្ញា នឹង​អ្នក ឲ្យ​អ្នក​បាន​ត្រឡប់​ជា​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ 9ខណៈ​នោះ យើង​បាន​លាង​អ្នក​ដោយ​ទឹក យើង​បាន​ជម្រះ​ឈាម​អ្នក​ចេញ​យ៉ាង​ស្អាត រួច​ចាក់​ប្រេង​លាប​ឲ្យ។ 10យើង​បាន​តែង​អ្នក​ដោយ​សំពត់​ប៉ាក់ ក៏​បំពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ផ្សោត​ឲ្យ​អ្នក ហើយ​ក្រវាត់​អ្នក​ដោយ​សំពត់​ទេស‌ឯក រួច​ឃ្លុំ​ដោយ​សំពត់​ព្រែ។ 11យើង​ក៏​បាន​តាក់‌តែង​អ្នក​ដោយ​គ្រឿង​លម្អ បាន​បំពាក់​កង​នៅ​ដៃ​អ្នក ហើយ​ខ្សែ​នៅ​ក 12ព្រម​ទាំង​បំពាក់​ក្រវិល​នៅ​ច្រមុះ ហើយ​ទំហូ​នៅ​ត្រចៀក និង​ក្បាំង​យ៉ាង​ល្អ​នៅ​ក្បាល​អ្នក។ 13ដូច្នេះ អ្នក​បាន​ប្រដាប់​ដោយ​មាស និង​ប្រាក់ ឯ​សម្លៀក‌បំពាក់​របស់​អ្នក នោះ​បាន​ធ្វើ​ពី​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត និង​ព្រែ ហើយ​សំពត់​ប៉ាក់ អ្នក​បាន​ចិញ្ចឹម​ខ្លួន​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត ទឹក​ឃ្មុំ និង​ប្រេង អ្នក​មាន​រូប​ល្អ​ឆើត​ក្រៃ‌លែង ហើយ​បាន​ចម្រើន​ឡើង​ដល់​ទៅ​មាន​អំណាច​ជា​ស្តេច។ 14ឯ​កិត្តិ‌សព្ទ​ពី​លម្អ​រុងរឿង​របស់​អ្នក បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះ​លម្អ​របស់​អ្នក​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​រស្មី​របស់​យើង ដែល​យើង​បាន​ឲ្យ​ស្ថិត​លើ​អ្នក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។
15ប៉ុន្តែ អ្នក​បាន​ទុក​ចិត្ត​នឹង​រូប​សម្រស់​របស់​អ្នក ហើយ​ក្លាយ​ជា​ស្រី​ពេស្យា ដោយ​ព្រោះ​ភាព​ល្បី​ឈ្មោះ ក៏​បាន​ប្រគល់​ខ្លួនឲ្យ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ ហើយ​រូប​សម្រស់​របស់​អ្នក​ក៏​ក្លាយ​ជា​របស់​គេ។ 16អ្នក​បាន​យក​សម្លៀក‌បំពាក់​របស់​អ្នក​ទៅ​ធ្វើ​ជា​ទី​សក្ការៈ តាក់‌តែង​ដោយ​ពណ៌​ផ្សេងៗ រួច​បាន​ភប់​ប្រសព្វ​នឹង​គេ​នៅ​លើ​ទី​នោះ ជា​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ ហើយ​ទៅ​មុខ​ក៏​ឥត​មាន​ដែរ។ 17អ្នក​ក៏​យក​គ្រឿង​លម្អ​របស់​អ្នក ដែល​ធ្វើ​ពី​មាស និង​ប្រាក់​របស់​យើង ជា​គ្រឿង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​នោះ ទៅ​ធ្វើ​ជា​រូប​មនុស្ស​ប្រុស ហើយ​អ្នក​បាន​ភប់​ប្រសព្វ​នឹង​រូប​នោះ​ដែរ។ 18អ្នក​បាន​យក​សម្លៀក‌បំពាក់​ប៉ាក់​របស់​អ្នក ទៅ​តែង​ឲ្យ​វា ព្រម​ទាំង​លាប​ប្រេង និង​កំញាន​របស់​យើង​នៅ​មុខ​វា។ 19អាហារ​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត ប្រេង និង​ទឹក​ឃ្មុំ​នោះ ដែល​យើង​ឲ្យ​សម្រាប់​ចិញ្ចឹម​អ្នក អ្នក​បាន​ថ្វាយ​ដល់​រូប​ទាំង​នោះ សម្រាប់​ជា​ក្លិន​ឈ្ងុយ គឺ​យ៉ាង​នោះ​ដែល​អ្នក​បាន​ប្រព្រឹត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ 20មួយ​ទៀត អ្នក​បាន​យក​កូន​ប្រុស​ស្រី​អ្នក ដែល​បាន​បង្កើត​ឲ្យ​យើង ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យ​ត្រូវ​វិនាស​ទៅ ដូច្នេះ តើ​ការ​កំផិត​របស់​អ្នក​ស្រាល​ឬ? 21បាន​ជា​អ្នក​សម្លាប់​កូន​យើង ហើយ​ប្រគល់​ទៅ​ឲ្យ​ត្រូវ​ចូល​ក្នុង​ភ្លើង ថ្វាយ​ដល់​រូប​ទាំង​នោះ​ទៀត 22ហើយ​ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម និង​ការ​កំផិត​របស់​អ្នក នោះ​អ្នក​មិន​បាន​នឹក​ពី​កាល​អ្នក​នៅ​ក្មេង ក្នុង​កាល​ដែល​អ្នក​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ ព្រម​ទាំង​ឈ្លក់‌ឈ្លី​នៅ​ក្នុង​ឈាម​អ្នក​នោះ​ទេ»។
23ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «វេទនា​ដល់​អ្នក ដ្បិត​ក្រោយ​អស់​ទាំង​អំពើ​ដ៏​លាមក​អាក្រក់​របស់​អ្នក 24អ្នក​បាន​សង់​ផ្ទះ​បន​សម្រាប់​ខ្លួន ហើយ​ធ្វើ​កន្លែង​សំខាន់​សម្រាប់​ខ្លួន នៅគ្រប់​កន្លែង​ទៀត។ 25អ្នក​បាន​ធ្វើ​កន្លែង​សំខាន់​នោះ នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​ទៅ​ទី​ខ្ពើម​ឆ្អើម​វិញ អ្នក​បាន​បើក​ជើង​ទទួល​គ្រប់​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចម្រើន​ការ​កំផិត​របស់​អ្នក​ជា​ច្រើន។ 26អ្នក​បាន​សហាយ‌ស្មន់​នឹង​សាសន៍​អេស៊ីព្ទ ជា​ពួក​ជិត​ខាង​អ្នក​ដែល​ធំ​ធាត់ ព្រម​ទាំង​ចម្រើន​ការ​កំផិត​របស់​អ្នក​ជា​ច្រើន​ឡើង ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង។ 27ដូច្នេះ មើល៍! យើង​បាន​លូក​ដៃ​ទៅ​លើ​អ្នក​ហើយ ក៏​បន្ថយ​ចំណែក​របស់​អ្នក​ចុះ ហើយ​បាន​ប្រគល់​អ្នក​ដល់​បំណង​ចិត្ត​របស់​ពួក​អ្នក​ដែល​ស្អប់​អ្នក គឺ​ដល់​ពួក​កូន​ស្រី​សាសន៍​ភីលី‌ស្ទីន ដែល​អៀន​ចំពោះ​អំពើ​ឥត​ខ្មាស​របស់​អ្នក។ 28អ្នក​បាន​ភប់​ប្រសព្វ​នឹង​សាសន៍​អាស‌ស៊ើរ​ដែរ ដ្បិត​អ្នក​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អ្នក​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត។ 29ដូច្នេះ អ្នក​បាន​ចម្រើន​ការ​កំផិត​របស់​អ្នក រហូត​ដល់​ស្រុក​នៃ​ពួក​ឈ្មួញ ជា​សាសន៍​ខាល់ដេ នៅ​ក្នុង​ស្រុក​កាណាន ប៉ុន្តែ អ្នក​នៅ​តែ​មិន​ទាន់​ឆ្អែត​ទៀត»។
30ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចិត្ត​អ្នក​ទន់​អី​ម៉្លេះ ដែល​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​ការ​ដែល​ស្រី​ពេស្យា​ធ្វើ។ 31ដោយ​អ្នក​បាន​សង់​ផ្ទះ​បន​របស់​អ្នក នៅ​ត្រង់​ច្រក​ផ្លូវ និង​កន្លែង​សំខាន់​របស់​អ្នក​នៅ​អស់​ទាំង​ផ្លូវ​ថ្នល់ តែ​អ្នក​មិន​មែន​ដូច​ជា​ស្រី​ពេស្យា​ទេ ពី​ព្រោះ​អ្នក​មិន​មើល​ថ្លៃ​ឈ្នួល​ឡើយ។ 32អ្នក​ជា​ស្រី​ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត ជា​ស្រី​ដែល​យក​មនុស្ស​ដទៃ​មក​ជំនួស​ប្តី​ហើយ។ 33គេ​តែង‌តែ​ឲ្យ​ឈ្នួល​ដល់​ស្រី​ពេស្យា​ទាំង​ប៉ុន្មាន តែ​អ្នក​វិញ អ្នក​ឲ្យ​ឈ្នួល​ដល់​សហាយ​អ្នក​ទាំង​អស់ ក៏​សូក​គេ​ឲ្យ​មករក​អ្នក​ពី​គ្រប់​ទិស​ទី‌វិញ សម្រាប់​ទទួល​រួម‌បវេណី។ 34អ្នក​ធ្វើ​ខុស​ពី​ស្រី​ធម្មតា ក្នុង​ការ​ពេស្យា​របស់​អ្នក ដោយ​ឥត​មាន​អ្នក​ណា​ដូច​អ្នក ដើម្បី​រួម​ដំណេក​នឹង​អ្នក​ឡើយ ហើយ​ដោយ​អ្នក​ចេញ​ឈ្នួល​ឲ្យ​គេ មិន​មែន​គេ​ចេញ​ឈ្នួល​ដល់​អ្នក​ទេ យ៉ាង​នោះ​បាន​ជា​អ្នក​ខុស​ពី​គេ​ហើយ។
35ដូច្នេះ ឱ​ស្រី​ពេស្យា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ 36ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​អ្នក​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​អ្នក ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ ដោយ​ព្រោះ​គ្រប់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​អ្នក និង​ឈាម​របស់​កូន​ចៅ​អ្នក​ដែល​អ្នក​បាន​ថ្វាយ​ដល់​វា 37នោះ​មើល៍ យើង​នឹង​ប្រមូល​ពួក​សហាយរបស់​អ្នក ដែល​អ្នក​បាន​ត្រេក‌អរ​ជា‌មួយ​គ្នា និង​ពួក​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ស្រឡាញ់ ព្រម​ទាំង​ពួក​ដែល​អ្នក​បាន​ស្អប់​ផង យើង​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​អ្នក​នៅ​គ្រប់​ទិស រួច​យើង​នឹង​បើក​កេរ‌ខ្មាស​អ្នក​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់។ 38យើង​នឹង​ជំនុំ‌ជម្រះ​អ្នក ដូច​ជា​គួរ​ជំនុំ‌ជម្រះ​ដល់​ស្រី​ដែល​ផិត​ប្តី ហើយ​កម្ចាយ​ឈាម​ផង យើង​នឹង​ទម្លាក់​ឈាម​ទៅ​លើ​អ្នក ដោយ​សេចក្ដី​ក្រោធ និង​សេចក្ដី​ប្រចណ្ឌ។ 39យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​អ្នក ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​អ្នក​ដែរ គេ​នឹង​បក​សម្លៀក‌បំពាក់​អ្នក​ចេញ ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក ព្រម​ទាំង​ចោល​អ្នក​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ។ 40គេ​នឹង​នាំ​ហ្វូង​មនុស្ស​ឡើង​មក​ទាស់​នឹង​អ្នក គប់​អ្នក​នឹង​ថ្ម ហើយ​ចាក់​ទម្លុះ​អ្នក​ដោយ​ដាវ។ 41គេ​នឹង​ដុត​ផ្ទះ​អ្នក​ចោល ហើយ​សម្រេច​យុត្តិ‌ធម៌​ដល់​អ្នក នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​ប្រព្រឹត្ត​ការ​ពេស្យា ហើយ​អ្នក​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ។ 42គឺ​យ៉ាង​នោះ ដែល​យើង​នឹង​សម្រាក​សេចក្ដី​ក្រោធ​យើង​ចំពោះ​អ្នក ហើយ​សេចក្ដី​ប្រចណ្ឌ​របស់​យើង នឹង​ថយ​ចេញ​ពី​ចំពោះ​អ្នក​ទៅ យើង​នឹង​នៅ​ស្ងៀម ឥត​មាន​កំហឹង​ទៀត។ 43យើង​នឹង​ទម្លាក់​អំពើ​របស់​អ្នក​ទៅ​លើ​ក្បាល​អ្នក​វិញ ដោយ​ព្រោះ​អ្នក​មិន​បាន​នឹក​ពី​កាល​អ្នក​នៅ​ក្មេង គឺ​បាន​ចាក់​រុក​យើង ដោយ‌សារ​អំពើ​ទាំង​នោះ យ៉ាង​នោះ​អ្នក​នឹង​មិន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​នេះ ព្រម​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៀត នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។ 44មើល៍ អ្នក​ណា​ដែល​ធ្លាប់​ប្រើ​ពាក្យ​សុភា‌សិត គេ​នឹង​ពោល​ពាក្យ​នេះ​ទាស់​នឹង​អ្នក​ថា ម្តាយ​យ៉ាង​ណា កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ។ 45អ្នក​ជា​កូន​ស្រី​របស់​ម្តាយ​អ្នក​ដែល​បាន​ស្អប់​ប្តី និង​កូន​ខ្លួន អ្នក​ក៏​ជា​ប្អូន​ស្រី​របស់​ពួក​បង‌ប្អូន ដែល​គេ​បាន​ស្អប់​ប្តី និង​កូន​គេ​ដែរ ម្តាយ​អ្នក​ជា​សាសន៍​ហេត ហើយ​ឪពុក​អ្នក​ជា​សាសន៍​អាម៉ូរី 46បង​ស្រី​អ្នក គឺ​សាម៉ារី ទាំង​កូន​ស្រី​របស់​គេ​ដែរ ដែល​នៅ​ខាង​ជើង ហើយ​ប្អូន​ស្រី​អ្នក​ដែល​នៅ​ខាងត្បូង នោះ​គឺ​ជា​សូដុម និង​កូន​ស្រី​របស់​គេ។ 47អ្នក​មិន​ត្រឹម​តែ​ដើរ​តាម​ផ្លូវ​របស់​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​អ្នក​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​អ្នក​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច​តួច​ទេ។ 48ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​សូដុម ជា​ប្អូន​អ្នក ព្រម​ទាំង​កូន​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​អ្នក និង​កូន​ស្រី​របស់​អ្នក​ទេ។ 49មើល៍! អំពើ​ទុច្ចរិត​របស់​សូដុម ជា​ប្អូន​ស្រី​អ្នក ព្រម​ទាំង​កូន គឺ​មាន​អំនួត មាន​អាហារ​បរិ‌ភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចម្រើន ឥត​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ឡើយ។ 50គេ​ក៏​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ហើយ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ចំពោះ​យើង ហេតុ​នោះ​បាន​ជា​យើង​ដក​គេ​ចេញ​តាម​ដែល​យើង​ឃើញ​ថា​គួរ។ 51ឯ​សាម៉ារី ក៏​មិន​បាន​ប្រព្រឹត្ត​ដល់​ត្រឹម​ពាក់​កណ្ដាល​នៃ​អំពើ​បាប​របស់​អ្នក​ដែរ គឺ​អ្នក​បាន​ចម្រើន​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក ជា​ច្រើន​ជាង​គេ​ទៅ​ទៀត ហើយ​អ្នក​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ស្រី​អ្នក​មើល​ទៅ​ដូច​ជា​សុចរិត​ទេ ដោយ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ។ 52ឯ​អ្នក​ដែល​បាន​ថ្កោល​ទោស​បង‌ប្អូន​ស្រី​អ្នក ចូរ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន​ចុះ គេ​សុចរិត​ជាង​អ្នក​វិញ ដោយ​ព្រោះ​អំពើ​បាប​ដែល​អ្នក​បាន​ប្រព្រឹត្ត គួរ​ស្អប់​ខ្ពើម​ជាង​គេ​នោះ ចូរ​ឲ្យ​អ្នក​ជ្រប់​មុខ​ចុះ ហើយ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ដោយ​ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ស្រី​អ្នក​មើល​ទៅ​ដូច​ជា​សុចរិត​វិញ។
53យើង​នឹង​នាំ​ពួក​គេ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ គឺ​សូដុម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្ដាល​គេ​ផង 54ដើម្បី​ឲ្យ​អ្នក​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ ដោយ​អ្នក​ជា​ទី​កម្សាន្ត​ចិត្ត​ដល់​គេ។ 55ឯ​ប្អូន​ស្រី​អ្នក គឺ​សូដុម និង​កូន​ស្រី​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន ហើយ​សាម៉ារី និង​កូន​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន​វិញ ចំណែក​អ្នក និង​កូន​អ្នក ក៏​នឹង​វិល​ត្រឡប់​ទៅ​ដូច​ជា​សណ្ឋាន​ដើម​របស់​អ្នក​រាល់​គ្នា​ដែរ។ 56ដ្បិត​នៅ​គ្រា​នៃ​សេចក្ដី​អំនួត​របស់​អ្នក នោះ​ឈ្មោះ​សូដុម​ជា​ប្អូន​ស្រី​អ្នក មិន​បាន​ចេញ​ពី​មាត់​អ្នក​ឡើយ 57គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​របស់​អ្នក មិន​ទាន់​បើក​ឲ្យ​ឃើញ​នៅ​ឡើយ ដូច​នៅ​វេលា​ដែល​បន្ទោស​ដល់​ពួក​កូន​ស្រី​ស៊ីរី និង​ពួក​អ្នក​នៅ​ជុំ‌វិញ ហើយ​ពួក​កូន​ស្រី​ភីលី‌ស្ទីន ដែល​ប្រទូស‌រ៉ាយ​ដល់​អ្នក​នៅ​ព័ទ្ធ​ជុំ‌វិញ។ 58ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ត្រូវ​ទទួល​រង​សេចក្ដី​ខ្មាស និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​ហើយ»។
សេចក្ដីសញ្ញា​អស់កល្បជានិច្ច
59ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ជា​អ្នក​បាន​ប្រព្រឹត្ត​នោះ គឺ​ដែល​អ្នក​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។ 60ប៉ុន្តែ យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​អ្នក ក្នុង​កាល​ដែល​អ្នក​នៅ​ក្មេង​នោះ ហើយ​យើង​នឹង​តាំង​សញ្ញា​មួយ​នឹង​អ្នក ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ជា‌និច្ច​ទៀត។ 61នោះ​អ្នក​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​អ្នក ហើយ​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​អ្នក​ទទួល​បង‌ប្អូន​ស្រី​របស់​អ្នក គឺ​បង​របស់​អ្នក និង​ប្អូន​របស់​អ្នក​ផង គ្រា​នោះ យើង​នឹង​ឲ្យ​បង‌ប្អូន​នោះ​ដល់​អ្នក ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​អ្នក​ទេ។ 62យើង​នឹង​តាំង​សេចក្ដី​សញ្ញា​របស់​យើង​ដល់​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត 63ដើម្បី​ឲ្យ​អ្នក​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ​ឥត​ដែល​ហើប​មាត់​អ្នក​ទៀត​ឡើយ ដោយ​អ្នក​អៀន​ខ្មាស ក្នុង​កាល​ដែល​យើង​បាន​អត់​ទោស​ដល់​អ្នក ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in