YouVersion Logo
Search Icon

និក្ខមនំ 40

40
ការ​ដំឡើង​រោង​ឧបោ‌សថ និង​ការ​រៀប​ចំ​គ្រឿង​បរិក្ខារ
1រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទីមួយ អ្នក​ត្រូវ​ដំឡើង​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ។ 3ត្រូវ​ដាក់​ហិប​នៃ​សេចក្ដី​សញ្ញា នៅ​ក្នុង​ត្រសាល​នោះ ហើយ​យក​វាំង‌នន​មក​បាំង។ 4ត្រូវ​យក​តុ​មក​រៀប​ចំ​ឲ្យ​មាន​របៀប ហើយ​យក​ជើង​ចង្កៀង​មក រួច​រៀប‌ចំ​ចង្កៀង​ទាំង​អស់​នៅ​លើ​នោះ​ផង។ 5ត្រូវ​ដាក់​អាស‌នា​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា រួច​ត្រូវ​បាំង​រនាំង​នៅ​មាត់​ទ្វារ​រោង​ឧបោ‌សថ។ 6ត្រូវ​ដាក់​អាស‌នា​តង្វាយ​ដុត​នៅ​មុខ​មាត់​ទ្វារ​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ 7ហើយ​ដាក់​ចាន​ក្លាំ​នៅ​ចន្លោះ​ត្រសាល​ជំនុំ និង​អាស‌នា រួច​ចាក់​ទឹក​ក្នុង​ចាន​នោះ​ផង។ 8ឯ​ទី‌លាន​ត្រូវ​រៀបចំ​ជុំ‌វិញ ហើយ​បាំង​រនាំង​នៅ​មាត់​ទ្វារ​ផង។ 9ត្រូវ​យក​ប្រេង​សម្រាប់​លាប​តាំង មក​លាប​រោង​ឧបោ‌សថ និង​ប្រដាប់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​រោង​នោះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​បាន​បរិសុទ្ធ។ 10អ្នក​ក៏​ត្រូវ​លាប​ប្រេង​លើ​អាស‌នា​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​អាសនា ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​អាស‌នា​នោះ​បាន​បរិសុទ្ធ​បំផុត។ 11ត្រូវ​លាប​ប្រេង​លើ​ចាន​ក្លាំ និង​ជើង​ទ្រ ដើម្បី​ញែក​ចេញ​ជា​បរិសុទ្ធ។ 12ត្រូវ​នាំ​អើរ៉ុន និង​ពួក​កូន​របស់​គាត់​មក​ជិត​ទ្វារ​ត្រសាល​ជំនុំ ហើយ​យក​ទឹក​លាង​សម្អាត​ពួកគេ 13រួច​យក​សម្លៀក‌បំពាក់​បរិសុទ្ធ​មក​បំពាក់​ឲ្យ​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​គាត់​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​គាត់​បាន​បំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។ 14អ្នក​ត្រូវ​នាំ​ពួក​កូន​របស់គាត់​មក​បំពាក់​អាវ​ខ្លី​ឲ្យ 15ហើយ​ចាក់​ប្រេង​តែង​តាំង​ពួក‌គេ ដូច​ជា​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក‌គេ​ដែរ ដើម្បី​ឲ្យ​គេ​បាន​បំពេញ​មុខ​ងារ​ជា​សង្ឃ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​នឹង​បញ្ជាក់​ថា ពួក‌គេ​នឹង​បាន​ជា​សង្ឃ​ជាប់​នៅ​រៀង​រហូត គ្រប់​ជំនាន់​ត​ទៅ»។
16លោក​ម៉ូសេ​បាន​ធ្វើ​អស់​ទាំង​‌ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក គឺ​លោក​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់។ 17នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទីមួយ ក្នុង​ឆ្នាំ​ទី​ពីរ នោះ​រោង​ឧបោ‌សថ​បាន​សង់​រួច​ជា​ស្រេច។ 18លោក​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោ‌សថ គឺ​លោក​ដាក់​ជើង​ទ្រ លើក​បញ្ឈរ​ស៊ុម ហើយ​រៀប​រនុក ព្រម​ទាំង​លើក​សសរ​ឡើង 19រួច​លោក​លាត​ត្រសាល​បាំង​រោង​ឧបោ‌សថ ហើយ​ដាក់​គម្រប​ពី​លើ​ត្រសាល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ 20លោក​យក​សេចក្ដី​សញ្ញា​ដាក់​ក្នុង​ហិប រួច​ស៊ក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហិប ហើយ​ដាក់​ទី​សន្តោស‌ប្រោស នៅ​លើ​ហិប​នោះ។ 21លោក​យក​ហិប​ទៅ​ដាក់​ក្នុង​រោង​ឧបោ‌សថ ហើយ​លាត​វាំង‌នន​បាំង​ហិប​នៃ​សេចក្ដី​សញ្ញា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ 22លោក​ដាក់​តុ​ក្នុង​ត្រសាល​ជំនុំ នៅ​ប៉ែក​ខាង​ជើង​រោង​ឧបោសថ នៅ​ខាង​មុខ​វាំង‌នន 23រួច​រៀប​នំបុ័ង​ដាក់​លើ​តុ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ 24លោក​ដាក់​ជើង​ចង្កៀង​ទៅ​ក្នុង​ត្រសាល​ជំនុំ ទល់​មុខ​នឹង​តុ គឺនៅ​ប៉ែក​ខាង​ត្បូង​រោង​ឧបោ‌សថ 25រួច​លោក​រៀបចំ​ចង្កៀង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ 26លោក​ដាក់​អាស‌នា​មាស​នៅ​មុខ​វាំង‌នន ក្នុង​ត្រសាល​ជំនុំ 27ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាស‌នា​នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ 28លោក​ក៏​ដាក់​រនាំង​នៅ​មាត់​ទ្វារ​រោង​ឧបោ‌សថ។ 29លោក​ដាក់​អាស‌នា​តង្វាយ​ដុត​នៅ​មាត់​ទ្វារ​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ 30លោក​ដាក់​ចាន​ក្លាំ​នៅ​ចន្លោះ​ត្រសាល​ជំនុំ និង​អាស‌នា រួច​ដាក់​ទឹក​ក្នុង​ចាន​នោះ​សម្រាប់​លាង​សម្អាត 31ហើយ​លោក​ម៉ូសេ លោក​អើរ៉ុន និង​ពួក​កូន​របស់​លោក​អើរ៉ុន​ក៏​ប្រើ​ទឹក​ក្នុង​ចាន​នោះ សម្រាប់​លាង​ដៃ និង​លាង​ជើង។ 32ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ពេល​ពួក​លោក​ចូល​ទៅ​ជិត​អាស‌នា ពួក​លោក​តែង​លាង​សម្អាត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ 33លោក​ដំឡើង​រនាំង​នៃ​ទី‌លាន នៅ​ជុំ‌វិញ​រោង​ឧបោ‌សថ និង​អាស‌នា រួច​ដាក់​រនាំង​នៅ​មាត់​ទ្វារ​ទី‌លាន។ ដូច្នេះ លោក​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​ចប់​សព្វ​គ្រប់។
ពពក និង​សិរី‌ល្អ
34ពេល​នោះ មាន​ពពក​មក​គ្រប​លើ​ត្រសាល​ជំនុំ ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​ពេញ​រោង​ឧបោ‌សថ។ 35លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​បាន​ឡើយ ព្រោះ​មាន​ពពក​គ្រប​ពី​លើ ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ាស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោ‌សថ។ 36ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​លើ​រោង​ឧបោ‌សថ កូន​ចៅ​អ៊ី‌ស្រា‌អែល​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅមុខ គឺ​រាល់​វេលា​ដែល​ពួកគេ​ធ្វើ​ដំណើរ 37តែ​បើ​កាល​ណា​ពពក​មិន​អណ្ដែត​ឡើង​ទេ នោះ​គេ​ក៏​មិន​ចេញ​ដំណើរ​ទៅ​ដែរ គឺ​គេ​រង់​ចាំ​រហូតដល់​ថ្ងៃ​ដែល​ពពក​អណ្ដែត​ឡើង។ 38ដ្បិ​តគ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​ធ្វើ​ដំណើរ នោះ​នៅ​វេលា​ថ្ងៃ តែង​មាន​ពពក​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​លើ​រោង​ឧបោ‌សថ ហើយ​នៅ​វេលា​យប់ មាន​ភ្លើង​នៅ​ក្នុង​ពពក ពួក​វង្ស​អ៊ី‌ស្រា‌អែល​សុទ្ធ​តែ​បាន​ឃើញ​ទាំង​អស់​គ្នា។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in