YouVersion Logo
Search Icon

និក្ខមនំ 19

19
កូន​ចៅ​អ៊ីស្រា‌អែល​មក​ដល់​ភ្នំ​ស៊ី‌ណាយ
1នៅ​ខែ​ទី​បី ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ នៅ​ថ្ងៃ​នោះ​ឯង កូន​ចៅ​អ៊ីស្រា‌អែល​បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ។ 2គេ​ធ្វើ​ដំណើរ​ចេញ​ពី​រេផិឌីម មក​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​នាំ​គ្នា​បោះ​ជំរំ​ក្នុង​ទី​រហោ‌ស្ថាន។ ពួក​អ៊ីស្រា‌អែល​បាន​បោះ​ជំរំ​នៅ​ទី​នោះ នៅ​ពី​មុខ​ភ្នំ។ 3បន្ទាប់​មក លោក​ម៉ូសេ​ក៏​ឡើង​ទៅ​ជួប​ព្រះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​និយាយ​ទៅ​កាន់​ពួក​វង្ស​យ៉ាកុប ហើយ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា 4"អ្នក​រាល់​គ្នា​បាន​ឃើញ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ និង​ការ​ដែល​យើង​បាន​ទ្រ​អ្នក​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី នាំ​មក​ឯ​យើង​ហើយ។ 5ដូច្នេះ បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែន‌ដី​ទាំង​មូល​ជា​របស់​យើង 6អ្នក​រាល់​គ្នា​នឹង​បាន​ជា​នគរ​នៃ​ពួក​សង្ឃ និង​ជា​សាសន៍​បរិសុទ្ធ​ដល់​យើង"។ នេះ​ជា​ពាក្យ​ដែល​អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល »។
7លោក​ម៉ូសេ​ក៏​ត្រឡប់​មក​វិញ ហើយ​ហៅ​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​មក ប្រាប់​គេ​អស់​ទាំង​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។ 8ប្រជា​ជន​ទាំង​អស់​ក៏​ឆ្លើយ​ព្រម​គ្នា​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ។ 9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍! យើង​មក​ឯ​អ្នក​នៅ​ក្នុង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​បាន​ឮ​ក្នុង​ពេល​ដែល​យើង​និយាយ​ជាមួយ​អ្នក ហើយ​ឲ្យ​គេ​បាន​ទុក​ចិត្ត​នឹង​អ្នក​ជា​រៀង​រហូត»។
ការ​ញែក​ប្រជា‌ជន​ជា​បរិសុទ្ធ
កាល​លោក​ម៉ូសេបាន​ទូល​រៀប​រាប់​តាម​ពាក្យ​របស់​ប្រជា‌ជន​ថ្វាយ​ព្រះ‌យេហូវ៉ា​រួច​ហើយ 10ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ប្រជា‌ជន​វិញ ដើម្បី​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ត្រូវ​ឲ្យ​គេ​បោក​សម្លៀក​បំពាក់ 11ហើយ​រៀប​ចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​ទី​បី ដ្បិត​នៅ​ថ្ងៃ​ទី​បី​នោះ ព្រះ‌យេហូវ៉ា​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ។ 12ត្រូវ​កំណត់​ព្រំ​ប្រទល់​ជុំ​វិញ​ប្រជា‌ជន​ទាំង​អស់ ដោយ​ប្រាប់​ថា "ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ​ពាល់​ជើង​ភ្នំឲ្យ​សោះ ដ្បិត​អ្នក​ណា​ដែល​ប៉ះ​ពាល់​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។ 13មិន​ត្រូវ​ឲ្យ​មាន​ដៃ​ណា​ប៉ះ​ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​ចោល​អ្នក​នោះ​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​ជា​សត្វ ឬ​មនុស្ស​ក្តី​ក៏​មិន​ត្រូវ​នៅ​រស់​ដែរ"។ កាល​ណាមាន​សំឡេង​ផ្លុំ​ស្នែង​ឮសូរ​វែង នោះ​គេ​អាច​ឡើង​មក​លើ​ភ្នំ​បាន»។ 14លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ មក​រក​ប្រជា‌ជន​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​សម្លៀក​បំពាក់​របស់​ខ្លួន។ 15លោក​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​រៀប​ចំ​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​ទី​បី កុំ​ទៅ​ជិត​ស្ត្រី​ឡើយ»។
16នៅ​ព្រឹក​ថ្ងៃ​ទី​បី មាន​ឮ​សូរ​ផ្គរ​លាន់ មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​កង​រំពង​យ៉ាង​ខ្លាំង រួច​ប្រជា‌ជន​ទាំង​អស់​ដែល​នៅ​ក្នុង​ជំរំ​ក៏​ញ័រ​រន្ធត់។ 17លោក​ម៉ូសេ​នាំ​ប្រជា‌ជន​ចេញ​ពី​ជំរំ ទៅ​ជួប​ព្រះ ហើយ​គេ​ក៏​ឈរ​តម្រៀប​គ្នា​នៅ​ជើង​ភ្នំ។ 18ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​យាង​ចុះ​មក​លើ​ភ្នំ គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។ 19កាល​ឮ​សូរ​ផ្លុំ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើងៗ លោក​ម៉ូសេ​ក៏​ទូល​ដល់​ព្រះ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​លោក ដោយ​សំឡេង​ផ្គរ​លាន់។ 20ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​កំពូល​ភ្នំ​ស៊ី‌ណាយ ព្រះ​អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ ហើយ​លោក​ម៉ូសេ​ក៏​ឡើង​ទៅ។ 21ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​ហាម​ប្រជា‌ជន កុំ​ឲ្យ​គេ​ទម្លាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល​នោះ​ឡើយ ក្រែង​លោ​មាន​ពួក‌គេ​ជា​ច្រើន​ត្រូវ​ស្លាប់។ 22ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ញែក​ខ្លួន​ជា​បរិសុទ្ធ ក្រែង​ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​គេ»។ 23លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ប្រជា‌ជន​មិន​អាច​ឡើង​មក​លើ​ភ្នំ​ស៊ី‌ណាយ​បាន​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ហាម​គេ​ហើយ ដោយ​មាន​ព្រះ‌បន្ទូល​ថា "ចូរកំណត់ព្រំ​ប្រទល់​នៅ​ជុំ‌វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ចេញ​ជា​បរិសុទ្ធ"»។ 24ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​លោក​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អើរ៉ុន​ឡើង​មក​ជា‌មួយ​ផង តែ​កុំ​ឲ្យ​ពួក​សង្ឃ និង​ប្រជា​ជន​ទម្លាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​ព្រះ‌អង្គ​នឹង​ប្រហារ​គេ»។ 25ដូច្នេះ លោក​ម៉ូសេ​ក៏​ចុះ​ទៅ​រក​ប្រជា‌ជនវិញ ហើយ​មាន​ប្រសាសន៍​ប្រាប់​គេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in