និក្ខមនំ 14
14
ដំណើរឆ្លងកាត់សមុទ្រក្រហម
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យវិលទៅបោះជំរំនៅមុខពីហាហ៊ីរ៉ុថ នៅចន្លោះស្រុកមីកដុល និងសមុទ្រ ទល់មុខបាស-សេផុនវិញ ត្រូវបោះជំរំទល់មុខទីនោះ នៅជិតមាត់សមុទ្រ។ 3ផារ៉ោននឹងនិយាយពីកូនចៅអ៊ីស្រាអែលថា "គេវង្វេងក្នុងស្រុកនោះហើយ ទីរហោស្ថានបានបិទគេជិតជុំវិញ"។ 4យើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង ហើយដេញតាមគេ តែយើងនឹងបានកិត្តិសព្ទដោយសារបំបាក់ផារ៉ោន និងកងទ័ពទាំងប៉ុន្មានរបស់ស្ដេច នោះសាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា»។ គេក៏ធ្វើដូច្នោះ។
5កាលមានគេទូលស្តេចស្រុកអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់បាត់អស់ហើយ នោះផារ៉ោន និងពួកនាម៉ឺនមន្ត្រីរបស់ស្ដេចក៏ប្រែគំនិតចំពោះពួកអ៊ីស្រាអែល ហើយពោលថា៖ «តើយើងបានធ្វើអ្វីដូច្នេះ ដោយបណ្ដោយឲ្យពួកអ៊ីស្រាអែលចេញរួចពីការបម្រើយើងបែបនេះ?» 6ដូច្នេះ ផារ៉ោនក៏ឲ្យគេទឹមរាជរថ ហើយនាំកងទ័ពទៅជាមួយ។ 7ស្ដេចរើសយករទេះចម្បាំងបានប្រាំមួយរយ ហើយក៏យកអស់ទាំងរទេះចម្បាំងនៅស្រុកអេស៊ីព្ទ គ្រប់រទេះទាំងនោះសុទ្ធតែមានមេទ័ពគ្រប់គ្រង។ 8ព្រះយេហូវ៉ាធ្វើឲ្យផារ៉ោនស្តេចស្រុកអេស៊ីព្ទមានព្រះហឫទ័យរឹងទទឹង ហើយស្តេចបានដេញតាមកូនចៅអ៊ីស្រាអែល តែកូនចៅអ៊ីស្រាអែលបានចេញទៅដោយមានជ័យជម្នះ។ 9សាសន៍អេស៊ីព្ទបានដេញតាម មានទាំងសេះ ទាំងរាជរថរបស់ផារ៉ោន ពួកពលសេះ និងពួកពលថ្មើរជើងរបស់ស្ដេច ក៏ទាន់ពួកគេនៅត្រង់ទីបោះជំរំ ក្បែរសមុទ្រដែលនៅជិតពីហាហ៊ីរ៉ុថ ទល់មុខនឹងបាល-សេផុន។
10កាលផារ៉ោនចូលទៅជិត កូនចៅអ៊ីស្រាអែលក៏ងើបភ្នែកឡើង ឃើញសាសន៍អេស៊ីព្ទដេញតាមពីក្រោយ គេមានការភ័យខ្លាចជាខ្លាំង ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ា។ 11គេពោលទៅកាន់លោកម៉ូសេថា៖ «តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬ បានជាលោកនាំពួកយើងមកឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? តើលោកបានប្រព្រឹត្តចំពោះពួកយើង ដោយនាំពួកយើងចេញពីស្រុកអេស៊ីព្ទមកដូច្នេះឬ? 12កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើពួកយើងមិនបាននិយាយសេចក្ដីនេះនឹងលោកថា "កុំឲ្យមករវីរវល់នឹងពួកយើង ទុកឲ្យពួកយើងនៅបម្រើសាសន៍អេស៊ីព្ទចុះ" ដ្បិតដែលពួកយើងនៅបម្រើសាសន៍អេស៊ីព្ទ នោះប្រសើរជាងមកស្លាប់នៅទីរហោស្ថានបែបនេះ»។ 13ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។ 14ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
15ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នកស្រែករកយើងធ្វើអី? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យដើរទៅមុខទៅ។ 16ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃទៅលើសមុទ្រ ញែកទឹកចេញពីគ្នាទៅ ដើម្បីឲ្យកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្ដាលសមុទ្រ។ 17យើងនឹងធ្វើឲ្យសាសន៍អេស៊ីព្ទមានចិត្តរឹងទទឹង ឲ្យគេចូលតាមក្រោយអ្នករាល់គ្នា ដូច្នេះ យើងនឹងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន កងទ័ពរបស់ស្ដេចទាំងអស់ រទេះចម្បាំង និងពួកពលសេះរបស់ស្ដេចផង។ 18ពេលនោះ សាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា នៅពេលយើងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន រទេះចម្បាំង និងពួកពលសេះរបស់ស្ដេច»។
19ពេលនោះ ទេវតារបស់ព្រះដែលនាំមុខពួកអ៊ីស្រាអែល ក៏ត្រឡប់ទៅនៅខាងក្រោយពួកគេវិញ ហើយបង្គោលពពកក៏ចេញពីមុខពួកគេ ទៅនៅខាងក្រោយដែរ។ 20ពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីព្ទ និងកងទ័ពអ៊ីស្រាអែល ធ្វើឲ្យម្ខាងងងឹត ហើយម្ខាងទៀតភ្លឺនៅពេលយប់ ធ្វើឲ្យកងទ័ពទាំងពីរមិនបានមកជិតគ្នាឡើយ នៅពេញមួយយប់។
21លោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាច្រានផាត់សមុទ្រចេញ ដោយកម្លាំងខ្យល់ពីទិសខាងកើត ដែលបក់យ៉ាងខ្លាំងពេញមួយយប់ ធ្វើឲ្យសមុទ្រទៅជាដីគោក ហើយទឹកក៏ញែកចេញពីគ្នា។ 22កូនចៅអ៊ីស្រាអែលនាំគ្នាចូលទៅកណ្ដាលសមុទ្រ តាមដីគោក ដោយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងពួកគេ។ 23ពួកអេស៊ីព្ទដេញតាមពីក្រោយ ហើយចូលទៅកណ្ដាលសមុទ្រ មានទាំងសេះរបស់ផារ៉ោន រទេះចម្បាំង និងពលសេះរបស់ស្ដេចទាំងអស់។ 24នៅវេលាយាមព្រឹកនោះ ព្រះយេហូវ៉ាដែលគង់ក្នុងបង្គោលភ្លើង និងបង្គោលពពក ព្រះអង្គទតទៅលើកងទ័ពអេស៊ីព្ទ ធ្វើឲ្យកងទ័ពអេស៊ីព្ទភ័យស្លន់ស្លោ។ 25ព្រះអង្គធ្វើឲ្យកង់រទេះរបស់គេរបូតចេញ ឲ្យគេបរដោយពិបាក។ ពួកអេស៊ីព្ទស្រែកថា៖ «ចូរយើងនាំគ្នារត់ចេញពីសាសន៍អ៊ីស្រាអែលទៅ ដ្បិតព្រះយេហូវ៉ាច្បាំងនឹងយើងជាសាសន៍អេស៊ីព្ទ ជំនួសពួកគេហើយ»។
ពួកអ្នកដេញតាមលង់ទឹកស្លាប់ក្នុងសមុទ្រ
26ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើសមុទ្រ ដើម្បីឲ្យទឹកបានវិលមកគ្របលើសាសន៍អេស៊ីព្ទ ព្រមទាំងរទេះ និងពួកពលសេះរបស់ពួកគេ»។ 27នោះលោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយនៅពេលព្រឹក ទឹកក៏ហូរប្រសព្វ ចូលទៅនៅកន្លែងធម្មតាវិញ។ ពេលសាសន៍អេស៊ីព្ទនាំគ្នារត់ចេញពីទឹក ព្រះយេហូវ៉ាក៏ពន្លិចគេនៅកណ្ដាលសមុទ្រអស់ទៅ។ 28ទឹកក៏ត្រឡប់មកគ្របលើអស់ទាំងរទេះ និងពួកពលសេះ ហើយកងទ័ពរបស់ផារ៉ោនទាំងអស់ ដែលបានចូលទៅក្នុងសមុទ្រពីក្រោយកូនចៅអ៊ីស្រាអែល គ្មានរួចអ្នកណាម្នាក់ឡើយ។ 29ប៉ុន្ដែ កូនចៅអ៊ីស្រាអែលវិញ គេដើរនៅកណ្ដាលសមុទ្រតាមដីគោក ដោយមានទឹកជាកំផែងនៅពីខាងស្តាំ និងខាងឆ្វេងពួកគេ។
30ដូច្នេះ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានសង្គ្រោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃសាសន៍អេស៊ីព្ទ ហើយពួកអ៊ីស្រាអែលបានឃើញខ្មោចសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ។ 31ពួកអ៊ីស្រាអែលបានឃើញការយ៉ាងធំ ដែលព្រះយេហូវ៉ាបានធ្វើទាស់នឹងសាសន៍អេស៊ីព្ទ ហើយបណ្ដាជនក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយពួកគេជឿដល់ព្រះយេហូវ៉ា និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
Currently Selected:
និក្ខមនំ 14: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies