សាស្តា ពាក្យលំនាំ
ពាក្យលំនាំ
ពាក្យប្រៀនប្រដៅរបស់ «សាស្ដា» មានលក្ខណៈខុសប្លែកពីពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញផ្សេងទៀត នៅក្នុងគម្ពីរសុភាសិត។ សេចក្ដីដែលសាស្ដាប្រៀនប្រដៅ ផុសចេញពីបទពិសោធ និងត្រិះរិះដ៏យូរអំពីជីវិត។
សាស្ដាយល់ឃើញថា សុភមង្គលរបស់មនុស្សមិននៅស្ថិតស្ថេរទេ ហើយជាញឹកញាប់ ការខំប្រឹងប្រែងរបស់មនុស្ស ដើម្បីស្វែងរកសុភមង្គល ក៏ឥតខ្លឹមសារដែរ។ ហេតុនេះ សាស្ដាដណ្ដឹងសួរថា តើជីវិតមានន័យឬយ៉ាងណា តើរស់នៅលើផែនដីបានប្រយោជន៍អ្វី? សាស្ដាមានបំណងណែនាំអ្នកអានឲ្យរិះគិតពិចារណាអំពីជីវិតដូចលោកដែរ។
សេចក្ដីប្រៀនប្រដៅរបស់សាស្ដាជាការសង្កេតចំពោះហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានក្នុងលោកនេះ។ លោកអះអាងជាច្រើនលើកច្រើនសាថា អ្វីៗទាំងអស់សុទ្ធតែឥតន័យ គឺយុវវ័យ ទ្រព្យសម្បត្តិ កិត្តិយស ការងារ ប្រាជ្ញា និងសេចក្ដីសុចរិតជាដើម គឺអ្វីៗដែលមនុស្សខ្នះខ្នែងចង់បាន សុទ្ធតែឥតខ្លឹមសារ។ សេចក្ដីស្លាប់ និងអំពើអយុត្តិធម៌ស្ថិតនៅជាប់ជាមួយមនុស្សជានិច្ច ដែលជាហេតុបណ្ដាលឲ្យមនុស្សមានជីវិតមិនទៀង ហើយពិបាកស្វែងយល់អំពីគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់ពិភពលោក។ ទស្សនៈបែបនេះអាចជំរុញយើងឲ្យរិះគិតពិចារណាយ៉ាងដិតដល់អំពីជីវិត ហើយប្រកាន់យករបៀបរស់នៅសមស្របនឹងស្ថានភាពរបស់មនុស្សយើង។
អត្ថបទគម្ពីរមួយចំនួនទៀតផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ ស្ដីអំពីជីវិតគឺ ប្រសិនបើគ្មានព្រះជាម្ចាស់គង់នៅក្នុងជីវិតយើងទេ នោះជីវិតក៏គ្មានន័យអ្វីដែរ។ ដូច្នេះ មានតែជំនឿលើព្រះជាម្ចាស់ និងការរួមរស់ដ៏ជិតស្និទ្ធជាមួយព្រះអង្គប៉ុណ្ណោះ ដែលបំពេញភាពល្ហល្ហេវនៃជីវិតរបស់យើង ហើយធ្វើឲ្យជីវិតនេះមានន័យ និងមានខ្លឹមសារ។
Currently Selected:
សាស្តា ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies