សាស្តា 3
3
គ្រប់ទាំងអស់សុទ្ធតែមានពេលរបស់វា
1មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ
2មានពេលសម្រាប់កើតមក
ពេលសម្រាប់ស្លាប់ទៅ
មានពេលសម្រាប់ដាំ
និងពេលដករបស់ដែលបានដាំនោះ
3មានពេលសម្រាប់សម្លាប់
ពេលសម្រាប់មើលឲ្យជា
មានពេលសម្រាប់រំលំរំលាយ
និងពេលសង់ឡើង
4មានពេលយំ ពេលសើច
មានពេលសម្រាប់សោយសោក
និងពេលសម្រាប់លោតកព្ឆោង។
5មានពេលសម្រាប់បោះថ្មចោល
ពេលប្រមូលថ្មមក
មានពេលដែលគួរឱបថើប
និងពេលដែលគួរលែងឱបថើប
6មានពេលសម្រាប់ស្វែងរក
ពេលសម្រាប់បាត់បង់
មានពេលសម្រាប់រក្សាទុក
និងពេលសម្រាប់បោះបង់ចោល។
7មានពេលសម្រាប់ហែកចោល
ពេលសម្រាប់ដេរភ្ជាប់
មានពេលដែលគួរនៅស្ងៀម
និងពេលសម្រាប់និយាយ។
8មានពេលសម្រាប់ស្រឡាញ់
ពេលសម្រាប់ស្អប់
មានពេលសម្រាប់ចម្បាំង
និងពេលសម្រាប់សេចក្ដីសុខ។
កិច្ចការដែលព្រះប្រទាន
9តើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើ? 10យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ។ 11ព្រះអង្គបានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ព្រះអង្គក៏ធ្វើឲ្យចិត្តគេសង្ឃឹមអស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ។ 12យើងដឹងហើយថា គ្មានអ្វីសម្រាប់គេដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ 13ដូច្នេះ ការដែលគ្រប់មនុស្សបានស៊ី និងផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទានរបស់ព្រះ។ 14យើងក៏ដឹងដែរថា ការអ្វីដែលព្រះបានធ្វើនឹងស្ថិតស្ថេរនៅជាដរាប មិនត្រូវបន្ថែមអ្វីចូល ឬដកអ្វីចេញបានឡើយ មួយទៀត ព្រះបានធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចព្រះអង្គ។ 15អ្វីៗដែលមាន គឺមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលមានខាងមុខទៀត ក៏បានមានជាយូរមកហើយដែរ ព្រះស្វែងរកអ្វីៗដែលកន្លងបាត់ទៅ ឲ្យបានមកវិញ។
ការជំនុំជម្រះ និងអនាគតស្រេចលើព្រះ
16ម្យ៉ាងទៀត យើងបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងវិនិច្ឆ័យមានអំពើទុច្ចរិត ហើយនៅកន្លែងសុចរិតមានអំពើអយុត្តិធម៌ដែរ។ 17យើងក៏នឹកក្នុងចិត្តថា ព្រះនឹងជំនុំជម្រះទាំងពួកអ្នកសុចរិត និងទុច្ចរិតផង ដ្បិតមានពេលសម្រាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ និងកិច្ចការទាំងប៉ុន្មាន។ 18យើងបាននឹកក្នុងចិត្តពីមនុស្សជាតិថា នេះគឺដោយព្រោះព្រះចង់ល្បងលគេ ហើយឲ្យគេយល់ឃើញថា ខ្លួនគេជាសត្វតិរច្ឆានទេ។ 19ព្រោះការដែលកើតដល់មនុស្សជាតិ ក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំងពីរពួក ពួកមួយស្លាប់យ៉ាងណា ពួកមួយទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។ 20គ្រប់ទាំងអស់ទៅឯកន្លែងតែមួយប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញ។ 21តើមានអ្នកណាដឹងបានថា វិញ្ញាណរបស់មនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេ? 22ដូច្នេះ យើងយល់ឃើញថា គ្មានអ្វីប្រសើរដល់មនុស្ស ជាជាងមានចិត្តរីករាយក្នុងការដែលគេធ្វើនោះទេ ដ្បិតនោះហើយជាចំណែករបស់គេ តើមានអ្នកណាអាចនាំមនុស្សមកមើលការដែលនឹងកើតមកក្រោយពីគេស្លាប់ទៅបាន?
Currently Selected:
សាស្តា 3: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies