ចោទិយកថា 31
31
លោកយ៉ូស្វេទទួលមុខងារជំនួសលោកម៉ូសេ
1លោកម៉ូសេបន្ដមានប្រសាសន៍ពាក្យទាំងនេះ ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងអស់។ 2លោកមានប្រសាសន៍ទៅពួកគេថា៖ «នៅថ្ងៃនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំមិនអាចធ្វើដំណើរទៅមកទៀតបានទេ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "អ្នកមិនត្រូវឆ្លងទន្លេយ័រដាន់នេះឡើយ"។ 3ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងយាងនាំមុខអ្នក។ ព្រះអង្គនឹងបំផ្លាញសាសន៍ទាំងនេះចេញពីមុខអ្នក ហើយអ្នកនឹងចាប់យកស្រុកទាំងនេះ។ លោកយ៉ូស្វេនឹងនាំមុខអ្នកឆ្លងទៅ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូល។ 4ព្រះយេហូវ៉ានឹងធ្វើដល់គេ ដូចព្រះអង្គបានធ្វើដល់ស៊ីហុន និងអុក ជាស្តេចសាសន៍អាម៉ូរី និងដល់ស្រុករបស់គេ កាលព្រះអង្គបានបំផ្លាញគេ។ 5ព្រះយេហូវ៉ានឹងប្រគល់គេមកអ្នករាល់គ្នា ហើយអ្នកត្រូវប្រព្រឹត្តចំពោះគេ តាមគ្រប់ទាំងបទបញ្ជាដែលខ្ញុំបានបង្គាប់អ្នក។ 6ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
7លោកម៉ូសេហៅលោកយ៉ូស្វេមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខសាសន៍អ៊ីស្រាអែលទាំងអស់ថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកត្រូវទៅជាមួយប្រជាជននេះ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់គេថា នឹងឲ្យដល់គេ។ អ្នកត្រូវឲ្យគេចាប់យកស្រុកនោះ ទុកជាមត៌ក។ 8គឺព្រះយេហូវ៉ាហើយដែលយាងនាំមុខអ្នក ព្រះអង្គគង់ជាមួយអ្នក ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ។ កុំខ្លាច ឬស្រយុតចិត្តឲ្យសោះ»។
បញ្ជាឲ្យអានក្រឹត្យវិន័យរៀងរាល់ប្រាំពីរឆ្នាំ
9លោកម៉ូសេបានសរសេរក្រឹត្យវិន័យនេះ ហើយប្រគល់ជូនពួកសង្ឃ ជាកូនចៅលេវី ដែលគេសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា និងជូនពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់។ 10លោកម៉ូសេបង្គាប់អ្នកទាំងនោះថា៖ «ប្រាំពីរឆ្នាំម្ដង គឺនៅចុងឆ្នាំ ជាកាលកំណត់នៃឆ្នាំដែលត្រូវដោះលែង នៅឱកាសបុណ្យបារាំ 11ពេលសាសន៍អ៊ីស្រាអែលទាំងអស់នាំគ្នាមកឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស ហើយត្រូវអានក្រឹត្យវិន័យនេះ នៅមុខសាសន៍អ៊ីស្រាអែលទាំងអស់ ឲ្យគេបានឮ។ 12ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងពួកអ្នកប្រទេសក្រៅដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ដើម្បីឲ្យគេបានឮ ហើយរៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ 13ហើយឲ្យកូនចៅរបស់គេដែលមិនដឹងបានឮដែរ ទាំងរៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅពេលអ្នករស់នៅក្នុងស្រុកដែលអ្នកត្រូវឆ្លងទន្លេយ័រដាន់ទៅចាប់យកនោះ»។
14ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ ថ្ងៃដែលអ្នកត្រូវស្លាប់ជិតដល់ហើយ។ ចូរហៅយ៉ូស្វេមក ហើយចូលទៅក្នុងត្រសាលជំនុំ ដើម្បីឲ្យយើងបានប្រគល់បន្ទុកលើលោក»។ ដូច្នេះ លោកម៉ូសេ និងលោកយ៉ូស្វេក៏ចូលទៅក្នុងត្រសាលជំនុំ។ 15ព្រះយេហូវ៉ាបានលេចមកក្នុងត្រសាល នៅក្នុងបង្គោលពពក។ បង្គោលពពកនោះស្ថិតនៅពីលើទ្វារត្រសាល។
16ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ អ្នកត្រូវដេកលក់ទៅជាមួយបុព្វបុរសរបស់អ្នក។ បន្ទាប់មក ប្រជាជននេះនឹងលើកគ្នា ហើយផិតទៅតាមព្រះដទៃ ជាព្រះរបស់ស្រុកដែលគេចូលទៅនៅកណ្ដាលនោះ។ គេនឹងបោះបង់ចោលយើង ហើយផ្តាច់សេចក្ដីសញ្ញាដែលយើងបានតាំងជាមួយគេ។ 17ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?" 18នៅថ្ងៃនោះ យើងនឹងគេចមុខចេញជាប្រាកដ ដោយសារតែសេចក្ដីអាក្រក់ទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត ព្រោះគេបានងាកបែរទៅរកព្រះដទៃ។ 19ដូច្នេះ ចូរសរសេរបទចម្រៀងនេះ ហើយបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែលចុះ។ ចូរដាក់បទចម្រៀងនេះនៅក្នុងមាត់របស់គេ ដើម្បីឲ្យបទចម្រៀងនេះធ្វើបន្ទាល់ឲ្យយើង ទាស់នឹងប្រជាជនអ៊ីស្រាអែល។ 20ដ្បិតកាលណាយើងបាននាំគេចូលទៅក្នុងស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលយើងបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់គេ ហើយគេបានបរិភោគឆ្អែត បានធំធាត់ នោះគេនឹងងាកបែរទៅរកព្រះដទៃ ទាំងគោរពប្រតិបត្តិដល់ព្រះទាំងនោះ រួចមើលងាយយើង ហើយផ្តាច់សេចក្ដីសញ្ញារបស់យើង។ 21កាលណាមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនកើតមានដល់គេ បទចម្រៀងនេះនឹងធ្វើបន្ទាល់ទាស់នឹងគេ ព្រោះបទចម្រៀងនេះនឹងមិនដែលភ្លេចបាត់ពីមាត់នៃពូជពង្សរបស់គេឡើយ។ ដ្បិតយើងស្គាល់គំនិតដែលកើតឡើងក្នុងចិត្តរបស់គេហើយ សូម្បីតែឥឡូវនេះ មុនពេលដែលយើងនាំពួកគេចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេផង»។ 22នៅថ្ងៃនោះ លោកម៉ូសេបានសរសេរបទចម្រៀងនេះ ហើយបានបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែល។
23បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនុនថា៖ «ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតអ្នកត្រូវនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេ។ យើងនឹងនៅជាមួយអ្នក»។
24កាលលោកម៉ូសេបានសរសេរអស់ទាំងពាក្យនៃក្រឹត្យវិន័យនេះ ទុកក្នុងសៀវភៅមួយស្រេចហើយ 25លោកម៉ូសេបង្គាប់ពួកលេវី ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាថា៖ 26«ចូរយកគម្ពីរក្រឹត្យវិន័យនេះ ទៅដាក់នៅចំហៀងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៅ ដើម្បីឲ្យគម្ពីរនេះបាននៅទីនោះ ទុកជាបន្ទាល់ទាស់នឹងអ្នក។ 27ដ្បិតខ្ញុំស្គាល់ចិត្តបះបោរ និងចិត្តរឹងរូសរបស់អ្នកហើយ។ មើល៍ កាលខ្ញុំរស់នៅជាមួយអ្នករាល់គ្នានៅឡើយ អ្នកបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចុះចំណង់បើថ្ងៃក្រោយដែលខ្ញុំស្លាប់ទៅ តើនឹងលើសជាងអម្បាលម៉ានទៅទៀត! 28ចូរទៅប្រមូលពួកចាស់ទុំនៃកុលសម្ព័ន្ធ និងពួកមេដឹកនាំទាំងអស់របស់អ្នករាល់គ្នាមកជួបខ្ញុំ ដើម្បីឲ្យខ្ញុំបានប្រាប់ពាក្យទាំងនេះឲ្យគេស្តាប់ ព្រមទាំងយកស្ថានសួគ៌ និងផែនដីជាបន្ទាល់ទាស់នឹងគេ។ 29ដ្បិតខ្ញុំដឹងថា ក្រោយខ្ញុំបានស្លាប់ទៅ អ្នករាល់គ្នានឹងបង្ខូចខ្លួន ហើយងាកចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ នៅថ្ងៃខាងមុខ សេចក្ដីអាក្រក់នឹងធ្លាក់មកលើអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ ដោយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត»។
ចម្រៀងរបស់លោកម៉ូសេ
30បន្ទាប់មក លោកម៉ូសេសូត្រពាក្យនៅក្នុងបទចម្រៀងនេះ ឲ្យក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលស្ដាប់រហូតដល់ចប់។
Currently Selected:
ចោទិយកថា 31: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies