YouVersion Logo
Search Icon

ចោទិយ‌កថា 21

21
ច្បាប់​ស្ដី​អំពី​ឃាតក​ដែល​គេ​មិន​ស្គាល់​មុខ
1«ប្រសិន‌បើ​ឃើញ​មាន​មនុស្ស​ដែល​គេ​សម្លាប់ ដេក​ស្លាប់​នៅ​ទី​វាល ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​កាន់​កាប់ ហើយ​មិន​ដឹងថា​អ្នក​ណា​បាន​សម្លាប់ 2នោះ​ពួក​ចាស់‌ទុំ និង​ពួក​ចៅ‌ក្រម​របស់​អ្នក ត្រូវ​ចេញ​ទៅ​វាស់​ចម្ងាយ​ទៅ​កាន់​ទី​ក្រុង​នានា ដែល​នៅ​ជុំ‌វិញ​សាក​សព​នោះ។ 3ទី​ក្រុង​ណា​ដែល​ឃើញ​ថា នៅ​ជិត​ខ្មោច​នោះ​ជាង​គេ ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ ត្រូវ​យក​គោ​ស្ទាវ​មួយ ដែល​មិន​ទាន់​ប្រើ​ការ ឬ​ទឹម​នៅ​ឡើយ 4ដឹក​ចុះ​ទៅ​ក្នុង​ជ្រោះ​ដែល​មាន​ទឹក​ហូរ ជា​កន្លែង​មិន​ដែល​ភ្ជួរ‌រាស់ ឬ​សាប‌ព្រោះ ហើយ​ត្រូវ​បំបាក់​ក​គោ​នោះ​នៅ​ក្នុង​ជ្រោះ។ 5បន្ទាប់​មក ពួក​សង្ឃ ជា​កូន​ចៅ​លេវី ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ឲ្យ​បម្រើ​ព្រះ‌អង្គ និង​ឲ្យ​ពរ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា និង​ការ​វាយ​តប់​គ្នា​ទាំង​ប៉ុន្មាន នោះ​ស្រេច​នឹង​អ្នក​ទាំង​នោះ​អារ​កាត់​ចុះ។ 6ពួក​ចាស់‌ទុំ​ទាំង​អស់​របស់​ទី​ក្រុង​ណា​មួយ​ដែល​ជិត​ខ្មោច​នោះ​ជាង​គេ ត្រូវ​លាង​ដៃ​ពី​លើ​គោ​ស្ទាវ ដែល​បាន​បំបាក់​ក​នៅ​ក្នុង​ជ្រោះ​នោះ 7ហើយ​ពួក​លោក​ត្រូវ​ធ្វើ​បន្ទាល់​ថា "ដៃ​របស់​យើង​ខ្ញុំ​មិន​បាន​កម្ចាយ​ឈាម​នេះ​ទេ ហើយ​ភ្នែក​របស់​យើង​ខ្ញុំ​ក៏​មិន​បាន​ឃើញ​ដែរ។ 8ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​លែង​ទោស​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែលព្រះ‌អង្គ​បាន​ប្រោស​លោះ​ផង។ សូម​កុំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស បាន​នៅ​ជាប់​កណ្ដាល​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គឡើយ"។ នោះ​ទោស​នៃ​ការ​កម្ចាយ​ឈាម​នឹង​បាន​លើក​លែង​ឲ្យ។ 9ដូច្នេះ អ្នក​នឹង​បំបាត់​ទោស​នៃ​ការ​កម្ចាយ​ឈាម​មនុស្ស​ស្លូត​ត្រង់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា ពេល​អ្នក​ធ្វើ​ការ​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា»។
ច្បាប់​ស្តី​អំពី​ស្ត្រី​ដែល​ជា​ឈ្លើយ​សឹក
10«ពេល​ណា​អ្នក​ចេញ​ទៅ​ច្បាំងនឹង​ខ្មាំង‌សត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ចាប់​ពួក‌គេ​មក​ជា​ឈ្លើយ 11រួច​បើ​អ្នក​ឃើញ​ស្រ្ដី​ម្នាក់​មាន​រូប​ស្អាត ក្នុង​ចំណោម​ពួក​ឈ្លើយ​នោះ ហើយ​អ្នក​មាន​ចិត្ត​ចង់​យក​នាង​ជា​ប្រពន្ធ 12នោះ​ត្រូវ​នាំ​នាង​ទៅ​ផ្ទះ​របស់​អ្នក រួច​ឲ្យ​នាង​កោរ​សក់ ហើយ​កាត់​ក្រចក។ 13នាង​ត្រូវ​ដោះ​អាវ​ដែល​ពាក់​កាល​ពី​ចាប់​បាន​នោះ​ចេញ រួច​ត្រូវ​ឲ្យ​នាង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​សោក​នឹង​ឪពុក​ម្តាយ​របស់នាង រយៈ​ពេល​ពេញ​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង ធ្វើ​ជា​ប្ដី​របស់​នាង ហើយ​នាង​នឹង​ក្លាយ​ជា​ប្រពន្ធ​របស់​អ្នក។ 14ប៉ុន្ដែ បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​នាង ត្រូវ​ឲ្យ​នាង​ចេញ​ទៅ​ដោយ​សេរី​ចុះ មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បម្រើ​ឡើយ ដ្បិត​អ្នក​បាន​បន្ទាប​នាង​រួច​ទៅ​ហើយ»។
ច្បាប់​អំពី​សិទ្ធិ​របស់​កូន​ច្បង
15«ប្រសិន‌បើ​បុរស​ម្នាក់​មាន​ប្រពន្ធ​ពីរ តែ​គាត់​ស្រឡាញ់​មួយ ហើយ​មិន​ស្រឡាញ់​មួយ ឯ​នាង​ទាំង​ពីរ ទាំង​នាង​ដែល​គាត់​ស្រឡាញ់ ទាំង​នាង​ដែល​គាត់​មិន​ស្រឡាញ់​បាន​បង្កើត​កូន​ឲ្យគាត់​ដូច​គ្នា តែ​កូន​ច្បង ជា​កូន​របស់​នាង​ដែល​គាត់​មិន​ស្រឡាញ់ 16ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​គាត់​ត្រូវ​ចែក​មត៌ក​ដល់​កូន គាត់​មិន​ត្រូវ​លើក​កូន​របស់​ប្រពន្ធ​ដែល​គាត់​ស្រឡាញ់​ទុក​ជា​កូន​ច្បង ជំនួស​ឲ្យ​កូន​ច្បង​ពិតរបស់​ប្រពន្ធដែល​គាត់​មិន​ស្រឡាញ់​នោះ​ឡើយ 17គឺ​គាត់​ត្រូវ​តែ​ទទួល​ស្គាល់​កូន​ច្បង​របស់​ប្រពន្ធ​ដែល​គាត់​មិន​ស្រឡាញ់ ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​កូន​នោះ​មួយ​ជាពីរ ដ្បិត​កូន​នោះ​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ហើយ​សិទ្ធិ​របស់​កូន​ច្បងជា​របស់​កូន​នោះឯង»។
ច្បាប់​ស្តី​អំពី​កូន​ដែល​បះបោរ
18«បើ​អ្នក​ណា​មាន​កូន​ដែល​រឹង‌រូស ហើយ​បះបោរ មិន​ស្តាប់​បង្គាប់​ពាក្យ​របស់​ឪពុក​ម្តាយ​សោះ ហើយ​ទោះ​បើ​ឪពុក​ម្តាយ​វាយ​ស្តី​ប្រដៅ ក៏​វា​នៅ​តែ​មិន​ព្រម​ស្ដាប់ 19នោះ​ឪពុក​ម្តាយ​ត្រូវ​នាំ​យក​ទៅជួប​ពួក​ចាស់‌ទុំ​របស់​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​ខ្លួន​រស់​នៅ 20រួច​ត្រូវ​ជម្រាប​ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ​ថា "កូន​យើង​ខ្ញុំ​នេះ​វា​រឹង‌រូស ហើយ​បះបោរ មិន​ព្រម​ស្តាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក"។ 21នោះ​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​នោះ ត្រូវ​ចោល​សម្លាប់​កូននោះ​នឹង​ថ្ម​ទៅ។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ៊ីស្រា‌អែល​ទាំង​អស់​នឹង​ឮ ហើយ​ភ័យ​ខ្លាច»។
ច្បាប់​ផ្សេងៗ
22«ប្រសិន‌បើ​អ្នក​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ហើយ​អ្នក​នោះ​ត្រូវ​គេ​ប្រហារ​ជីវិត ដោយ​ព្យួរ​ក​នៅ​លើ​ឈើ 23មិន​ត្រូវ​ទុក​សាក​សព​ឲ្យ​ជាប់​នៅ​លើ​ឈើ​ពេញ​មួយ​យប់​ឡើយ គឺ​ត្រូវយក​សព​អ្នក​នោះ​ទៅ​កប់​នៅ​ថ្ងៃ​ដដែល​នោះ​កុំ​ខាន ដ្បិត​អ្នក​ណា​ដែល​ត្រូវ​ព្យួរក​លើ​ឈើ ជា​អ្នក​ដែល​ព្រះ​ដាក់​បណ្ដា‌សា។ ត្រូវ​ធ្វើ​យ៉ាង​នោះ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក ត្រូវ​ស្មោក‌គ្រោក​ឡើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in